Soeun 18 Jun 2022 ៖ ជីវិតដែលរស់នៅមានសេចក្តីសុខស្ងប់ គឺជាជីវិតដែលរស់នៅស្គាល់សេចក្តីពិតក្នុងលោក គឺជាការស្គាល់នូវសច្ចធម៌ ដែលជាធម៌នៃព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ដឹង ហើយសម្តែងឱ្យមនុស្សទាំងឡាយបានរួចពីគ្រោះអវិជ្ជា និងរំដោះខ្លួនចេញពីវដ្តទុក្ខនេះ ព្រោះបើព្រះពុទ្ធមិនបានសម្តែងសច្ចធម៌ទាំងបួននេះទេ សត្វលោកនៅតែត្រូវអវិជ្ជាគ្របសង្កត់ និងមិនអាចរំដោះខ្លួនឱ្យរួចពីសេចក្តីទុក្ខបានឡើយ ។
មនុស្សគប្បីព្យាយាមរកផ្លូវរំដោះខ្លួនឲ្យរួចចាកផុតពីចំណងនៃសេចក្តីទុក្ខដែលកើតចេញមកពីអវិជ្ជា ជាហេតុឲ្យមានកិលេស, មានតណ្ហា ការប៉ងប្រាថ្នា, ការចង់បាន, ការជាប់វង្វេងលង់ក្នុងរូបកាយខ្លួនឯង ប្រកាន់ថា ជារបស់ខ្លួន និងជាប់វង្វេងលង់ក្នុងរូបសម្រស់, រស, សំឡេង , ក្លិន និងការត្រេកត្រអាល ជាប់ជំពាកក្នុងលោភៈ មានទ្រព្យសម្បត្តិ, យសស័ក្តិ អំណាចជាដើម ដែលជាចំណងនៃសេចក្តីទុក្ខទាំងពួង ។
អ្នកទស្សនវិជ្ជាពុទ្ធសាសនាពោលថា សត្វលោកដែលជាប់ជំពាក់ក្នុងភព ជាបច្ច័យនាំឱ្យមានការកើត ចាស់ ឈឺ ស្លាប់ជាប់ក្នុងសង្សារវដ្តនេះ មកពីអវិជ្ជាដែលជាដើមចមនាំសត្វឱ្យដល់នូវមហាសមុទ្រទុក្ខក្នុងលោកនេះ គឺការអស់ទៅនៃសេចក្តីសុខ ៕