Connect with us

កងកម្លាំងប្រដាប់អាវុធ

កសិករមួយរូបនៅខេត្តឧត្តរមានជ័យ ព្យាយាមសិក្សាស្រាវជ្រាវលើការចិញ្ចឹមបង្កងអូស្តា្រលី រហូតទទួលបានជោគជ័យ

បង្កងជាសត្វមានតម្លៃខ្ពស់ជាងវារីសត្វដទៃទៀត ហើយវាក៏ជាសត្វដែលកម្រចាប់បានពីធម្មជាតិណាស់។ បង្កង មានតម្លៃខ្ពស់ ចំណែកតម្រូវការទីផ្សារក៏ទូលំទូលាយ ដោយសារសត្វមួយប្រភេទនេះមានរសជាតិ ឆ្ងាញ់ ពិសា។ ការចិញ្ចឹមបង្កង ត្រូវទាមទារបច្ចេកទេស និងការអត់ធ្មត់ខ្ពស់ ជាពិសេសចំណាយ ពេលវេលារង់ចាំយូរ ទើប ទទួល បានទិន្នផលមកវិញ។

នៅប្រទេសកម្ពុជា បង្កងសម្បូរនៅតាមដងទន្លេមេគង្គ ក្នុងខេត្តព្រៃវែង កណ្តាល និងមាននៅខេត្តតាកែវ ។ បង្កងជាប្រភេទសត្វមានតម្រូវការខ្ពស់នៅលើទីផ្សារ គ្រប់ទីកន្លែង ដែលជាហេតុញ៉ាំងឱ្យរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់រៀបចំឯកសារបច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះ ក្នុងតង់ និងជំរុញឱ្យកសិករ និងវារីវប្បករទូទៅ បង្កើនការចិញ្ចឹមបង្កង ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលក្នុងគ្រួសារថែមទៀត។

ជាក់ស្តែង លោកឃុម ឃុន រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាន ឱ្យដឹងថា៖ លោកបានចាប់ផ្តើមចិញ្ចឹមបង្កងអូស្តា្រលីសាកល្បង ក្នុងរយៈពេល៣ឆ្នាំមកហើយ ដោយ ដើមឡើយ ការចិញ្ចឹមមានក្នុងកម្រិតតិចតួចប៉ុណ្ណោះ តែបច្ចុប្បន្ន លោកមានលទ្ធភាពភ្ញាស់កូនបង្កង និងអាចលក់ ចេញ បង្កង សាច់ទៅកាន់ទីផ្សារបាន។

«ប្រភេទបង្កងអូស្ត្រាលី ប្រហែលជា៣ឆ្នាំ មុនដំបូងខ្ញុំចិញ្ចឹមបន្តិចទេប្រហែលជា៣០មេទេ កូនទិញមកឱ្យ ដល់ យូរៗទៅវាចេះតែកើតកូនបានច្រើនទៅ ខ្ញុំពង្រីកស្រះ ឥឡូវបាន១៣ស្រះ ។មួយស្រះខ្ញុំដាក់២ពាន់កូន ឥឡូវវា នៅរាងស្ទើរៗបន្តិចដែរ វាបន្តគ្នា អាធំប្រហែលជា៣ស្រះ ហើយអាតូចៗច្រើនស្រះ ហើយអាស្រះ ប៉ុន្មាន ដែល ខ្ញុំជីកក្រោយហ្នឹង ខ្ញុំដាក់មេចាស់លែងក្នុងហ្នឹង តែឥឡូវវាកូនពេញហ្នឹងហើយ » ។

លោកបន្តទៀតថា៖ កាលដើមឡើយ លោកគ្រាន់តែមានចំណាប់អារម្មណ៍ក្នុងមុខរបរចិញ្ចឹមបង្កងនេះ តែលោក មិនបានចេះដឹង ពីបច្ចេកទេសអ្វីនោះទេ ធ្វើឱ្យការចិញ្ចឹមជួបប្រទះបញ្ហាលំបាកជាច្រើន តែក្រោយ មកក៏មាន ខាងមន្ទីរកសិកម្មខេត្ត បានផ្តល់មន្ត្រីជំនាញ ចុះមកជួយបង្ហាត់បង្រៀនជាប្រចាំ ទើបលោកកាន់ តែបង្កើនបាន នូវចំណេះដឹងបន្ថែមទៀតរហូតមកដល់សព្វថ្ងៃ។

«២ឆ្នាំមុន ខាងកសិកម្មខេត្តយើងហ្នឹងជួលគ្រូ មកបង្រៀនតែម្តង យើងមានចំណាប់អារម្មណ៍ក៏ចាប់ផ្តើម ធ្វើពីកាលហ្នឹងមក ក៏ចេះតែកើត ឥឡូវកូនច្រើនមែនទែនហើយ កូនរាប់ម៉ឺនហើយ » ។

លោកឃុម ឃុន កសិករចិញ្ចឹមបង្កងអូស្ត្រាលី បានឱ្យដឹងទៀតថា៖ បង្កងដែលចិញ្ចឹមក្នុងលក្ខណៈ ធម្មជាតិ បែបនេះ មានរសជាតិឆ្ងាញ់ និងមានតម្លៃចាប់ពី១២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ លោកបន្តថា៖ ក្នុងមួយថ្ងៃ លោក អាចលក់ចេញបង្កងសាច់ បានជាមធ្យម២ទៅ៣គីឡូក្រាម។

«បានច្រើនដែរ មួយថ្ងៃ១គីឡូ ២គីឡូ ៣គីឡូអ៊ីចឹងទៅ តាំងពីចិញ្ចឹមមកខ្ញុំលក់កូនបានជាង៣ពាន់កូន លក់ ១៥០០រៀលកូន១ក្បាល បាន១គីឡូ១២ម៉ឺនរៀលបង្កងសាច់ហ្នឹង » ។

លោកបានបន្តទៀតថា៖ នៅពេលចាប់ផ្តើមចិញ្ចឹមបង្កងដំបូង ជួបប្រទះបញ្ហាប្រឈមមួយចំនួន ធ្វើឱ្យបង្កង ចេះតែខូចខាត ពីមួយដំណាក់កាលទៅមួយដំណាក់កាល តែបច្ចុប្បន្ននេះលែងជួបបញ្ហាប្រឈមទៀតហើយ ដោយលោកបានពង្រីកស្រះសម្រាប់ចិញ្ចឹមបង្កងចំនួន១៣ស្រះ ដោយបែងចែកផ្ទៃដីខ្លះ ទុកសម្រាប់ ដាំដុះ ដំណាំ កសិកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

«បាទប្រឈមដែរមុនដំបូងវា ខូចខាតច្រើនដែរ តែយើងចេះតែជំនះមក បានជោគជ័យទៅ មុនដំបូងយើងយក ពីឆ្ងាយមក វាអត់ទាន់សុំានឹងទឹក វាមានងាប់ខ្លះដែរ តែសព្វថ្ងៃលែងអីហើយ អត់មានខូចខាតអីទេ ចេះតែកើន ឡើង ដីត្រូវជីកស្រះតែ៣០អាទេ ជាប់ផ្ទះ ដីក្បាល៦០ម៉ែត្រ បណ្តោយ១០០ម៉ែត្រ តែទុកម្ខាងដាំដំណាំ ម្ខាង៣០ អាជីកស្រះបាន១៣ហ្នឹងឯង » ។

កសិករឃុម ឃុន បានបន្តទៀតថា៖ បើសិនជាកសិករចង់ចិញ្ចឹមបង្កងអូស្រ្តាលី អាចជ្រើសរើសយក ការចិញ្ចឹម ដោយទិញកូនយកទៅចិញ្ចឹមក្នុងស្រះឬក្នុងតង់បាន ព្រោះកូនបង្កងមានតម្លៃសមរម្យ មិនចាំបាច់ចំណាយ ពេល វេលា រង់ចាំយូរ ដូចការចិញ្ចឹមភ្ញាស់កូន ត្រឹមរយៈពេល៤ខែប៉ុណ្ណោះអាច ផ្តល់សាច់បរិភោគនិង លក់ចេញបាន។

«យូរដែរ បើយើងចិញ្ចឹមកូន កូនញាស់បានចូល២ខែបានលែងចូលស្រះបាន លែងក្នុងស្រះបាន៤ខែទៀត ទើប ចាប់ផ្តើមពងឡើង៦ខែ ពងបាន១ខែកន្លះបានចាប់ផ្តើមញាស់ បានទទួលផល ។ ទិញកូនទៅលែងក្នុងស្រះ តែ៤ ខែទេបានទទួលផល អាចថ្លឹងលក់បានហើយ» ។

ជាមួយបញ្ហានេះផងដែរ លោកសូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ឧត្តរមាន ជ័យ បានឱ្យដឹងថា៖ ដោយសង្កេតឃើញថា កសិករនៅក្នុងឃុំអូរស្វាយ មានចំណាប់អារម្មណ៍ ចង់ទទួល បច្ចេក ទេសថ្មីៗលើការចិញ្ចឹមបង្កង ទើបមន្ទីរកសិកម្មខេត្ត បានចងក្រងជាបណ្តុំអាជីវកម្មចិញ្ចឹមបង្កងមួយបណ្តុំ មាន សមា ជិកជាង១០នាក់ ដោយមន្ទីរបានជួយគាំទ្រទាំងបច្ចេកទេសនិងសម្ភារៈនានាដល់កសិករក្នុងបណ្តុំនោះ។

លោកបន្តថា៖ បើទោះបីជាប្រជាកសិករនៅក្នុងបណ្តុំអាជីវកម្មចិញ្ចឹមបង្កងនៅឃុំអូរស្វាយនេះ បានទទួលជោគ ជ័យលើមុខរបរចិញ្ចឹមបង្កងរបស់ខ្លួន ដោយអាចលក់ចេញបង្កងសាច់ និងកូនបង្កង បានមិនជួបប្រទះបញ្ហា ប្រឈមរឿងទីផ្សារលក់ចេញ តែយ៉ាងណាមុខរបរចិញ្ចឹមបង្កង ទាមទារការយកចិត្តទុកដាក់ខ្ពស់ និងការ ចិញ្ចឹម ប្រើពេលវេលាយូរ ទើបទទួលបានជោគជ័យ ដូច្នេះមន្ទីរនៅតែបន្តជួយពង្រឹងកសិករ ក្នុងបណ្តុំមួយ នេះជាបន្ តទៀត។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឱ្យដឹងទៀតថា៖ ទិសដៅនាពេលអនាគត មន្ទីរមិនទាន់មានគម្រោងនឹងពង្រីកបណ្តុំអាជីវកម្មចិញ្ចឹមបង្កងបន្ថែមទៀតឡើយ តែមន្ទីរនឹងបន្តជួយកសិករ ដែលមានមុខរបរចិញ្ចឹមបង្កងនេះ ឱ្យកាន់តែមានចំណេះដឹងនិងបទពិសោធន៍ល្អ ដើម្បីដំណើរការផ្គត់ផ្គង់កូន បង្កងនិងបង្កងសាច់បានល្អប្រសើរនៅក្នុងខេត្ត។

ដើម្បីចិញ្ចឹមបង្កងឱ្យបានជោគជ័យ ចាំបាច់ណាស់ ត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ៗ៣យ៉ាង គឺការរៀប ចំស្រះ ការ គ្រប់គ្រងគុណភាពទឹក និងការផ្តល់ចំណី។ ចំណែករដូវកាលនៃការចិញ្ចឹម អាចចិញ្ចឹមបានពេញមួយ ឆ្នាំ អាស្រ័យដោយមានប្រភពទឹកគ្រប់គ្រាន់។

 

Click to comment

Leave a Reply

Your email address will not be published.

Facebook