ខេត្តព្រះសីហនុ: ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន ឯ.ក នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានចុះកិច្ចសន្យាជាមួយកសិករបានចំនួន ៦ ពាន់ហិកតា ដោយគ្រោងជំរុញកសិករខ្មែរឱ្យដាំដំណាំស្វាយចំនួន ១ម៉ឺនហិកតាបន្ថែមទៀត ខណៈក្រុមហ៊ុនបាននិងកំពុងប្រមូលទិញផ្លែស្វាយពីកម្ពុជានាំចេញទៅវេចខ្ចប់នៅវៀតណាម មុននាំចេញបន្តទៅចិន។

អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន ឯ.ក បានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ទុនវិនិយោគប្រមាណ ៥០លានដុល្លារ ដើម្បីសង់រោងចក្រកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ខ្សែច្រវាក់ផលិតកម្ម និងប្រព័ន្ធសម្លាប់សមាសភាពសត្វចង្រៃដោយប្រើចំហាយទឹកក្តៅរោងតាំងផលិតផលកសិកម្ម អគារដ្ឋបាល សណ្ឋាគារសម្រាប់ភ្ញៀវរបស់ក្រុមហ៊ុន ផ្ទះស្នាក់នៅរបស់កម្មករ លើផ្ទៃដី ៤ ហិកតា ក្នុងចំណោមផ្ទៃដីសរុបចំនួន ៥៧ ហិកតារបស់ក្រុមហ៊ុន។

លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករបានចំនួន ៦ពាន់ហិកតា ហើយគ្រោងដាំចំនួន ១ម៉ឺនហិកតាបន្ថែមទៀត។ បើទោះជារោងចក្រមិនទាន់ដំណើរការ ប៉ុន្តែក្រុមហ៊ុនបាននិងកំពុងប្រមូលទិញផ្លែស្វាយពីកម្ពុជា នាំចេញទៅសម្អាត និងវេចខ្ចប់នៅប្រទេសវៀតណាម មុននាំចេញបន្តទៅប្រទេសចិន ជាមធ្យម ៣០កុងតេន័រ/ថ្ងៃ ហើយអាចឈានទៅ ៥០កុងតេន័រ នៅរដូវប្រមូលផលខាងមុខ។

ក្រោយពេលម៉ាស៊ីន VHT តម្លើងរួចមានសមត្ថភាពសម្លាប់សមាសភាពសត្វចង្រៃបានចំនួន ៤០០តោន/ថ្ងៃ។ ចំពោះការដឹកជញ្ជូន ក្រុមហ៊ុនប្រើកំពង់ផែរព្រះសីហនុ ដោយសហការជាមួយក្រុមហ៊ុនដឹក ជញ្ជូនចិនផ្ទាល់ ធ្វើការនាំចូលទំនិញ និងនាំចេញវិញជាផលិតផលស្វាយកម្ពុជា។ អនាគតក្រុមហ៊ុន នឹងរៀបចំឃ្លាំងស្តុក កន្លែងតាំងបង្ហាញកសិផល និងផ្តល់សេវាសម្លាប់សមាសភាពសត្វចង្រៃជូនអតិថិជនទូទៅ៕
