Connect with us

ព័ត៌មានជាតិ

ម្រេចកំពត ត្រូវបានចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ

ភ្នំពេញ៖ “ម្រេចកំពត” កាលពីថ្ងៃទី១៤ ខែធ្នូទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្តា​ប្រទេ​សចំ​នួន​៣២ ​ក្រោ​មច្បាប់ទីក្រុងហ្សឺណែវស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់​ភូមិសា​ស្ត្រ​ទំ​និញ។

ការចុះបញ្ជីនេះក្រោមគំនិតផ្តួចផ្តើមរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រ​សួងពាណិ​ជ្ជក​ម្មដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ម្រេចកំពត” ជាលក្ខណៈអន្តរជាតិ តាំងពីថ្ងៃទី២១ ខែតុ​លា ឆ្នាំ២០២០មកម្លេះ ហើយចាប់ពីពេលនេះតទៅ “ម្រេចកំពត” នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភា​គីទីបីប្រើ​ប្រាស់​​ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិ​សាស្រ្តទំនិញក្នុង​បណ្តាប្រ​ទេ​សជាភា​គីហត្ថ​លេ​ខី។

មុននឹងឈានដល់ការចុះបញ្ជីនេះ កាលពី​ខែមីនា ឆ្នាំ២០១៨ លោករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទីក្រុង​ហ្សឺ​ណែវ ប្រទេសស្វីស ដើម្បីតម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុង​លី​ស្បោ​នអំ​ពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោ​យ​ច្បាប់នេះបានចូលជាធរមាន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ការចូលជាសមាជិករបស់ប្រទេសកម្ពុជានេះ គឺជា​កា​រវិវឌ្ឍ​មួយក្នុងការធ្វើសមាហរណកម្មកម្ពុជាបន្ថែមទៀត ចូលទៅកាន់​ប្រ​ព័​ន្ធ​អន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើ​ការចុះ​បញ្ជី​​ការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្ត​ទំនិញរប​ស់​ខ្លួន​ជាលក្ខណៈអន្តរជាតិ តាមរយៈពាក្យស្នើសុំតែមួយនៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហើយទទួល​បាននូវ​កិច្ចកា​រពារ​ជា​ល​ក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន ៣២ ដែលជាភាគីហត្ថលេខី។

សូមបញ្ជាក់​ថា ក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដទៃទៀត ក្រសួងពាណិជ្ជកម្មបានជ្រើសរើសយក “ម្រេចកំពត” ជា​ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទី១យកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ក្នុង​គោល​បំណងកសាងកេរ្តិ៍ឈ្មោះ ការធ្វើពិពិធកម្មទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត “ម្រេចកំពត” នៅ​ក្នុង​តំបន់ និងអន្តរជាតិ ហើយក្រសួងពាណិជ្ជកម្មក៏បានធ្វើការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេច​កំពត” នៅ​ប្រទេសថៃ វៀតណាម និងនៅសហភាពអឺរ៉ុប​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook