Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចតេជោត្រៀមដីជាង១ ពាន់ហិកតា នៅតំបន់ X16 បង្កើតជា តំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញ ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចបានចុះហត្ថលេខាត្រៀមដី ក្នុងទំហំចំនួន ១១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។

ថ្លែងក្នុងខួបលើកទី ៤៥ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងសម្ពោធសមិទ្ធផលនានា នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា សម្តេច និងនាយករដ្ឋមន្ត្រី វៀតណាម មានគម្រោងបើកច្រកទ្វារព្រំដែនអន្ដរជាតិកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X 16 ក្នុងភូមិ សាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

សម្តេចតេជោ បានបន្តថា ជាមួយការបើកច្រកទ្វារព្រំដែនអន្ដរជាតិកម្ពុជា- វៀតណាម គឺដើម្បីកែប្រែតំបន់ ព្រំដែនកម្ពុជា-វៀត ណាម ទៅជាតំបន់សន្តិភាព ព្រំដែនមិត្តភាព ព្រំដែនសហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្តេចតេជោ បានបន្ថែមថា ជាមួយនឹងការកែប្រែតំបន់ព្រំដែនឱ្យមានការអភិវឌ្ឍនេះ សម្តេចក៏បាន ត្រៀម ដីជាង១ពាន់ហិកតា ដើម្បីទាក់ទាញអ្នកវិនិយោគ ជាពិសេស ធ្វើយ៉ាងណាឲ្យតំបន់នេះ ជាតំបន់តភ្ជាប់ ទៅកាន់តំបន់នានា ខណៈដែលសម្តេចជឿជាក់ថា ថ្ងៃអនាគតតំបន់ប្រវត្តិសាស្ត្រ X16 នេះនឹងក្លាយទៅជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា-វៀតណាម។

« ខ្ញុំបានចេញសេចក្តីសម្រេចតាមរយៈការស្នើសុំរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងការស្នើរបស់ឯកឧត្តម ជា សុផារ៉ា ដោយត្រូវបង្កក់ដីចំនួន ១,១៧៦ ហិកតា ដើម្បីបម្រុងទុក ការ បង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់រោងចក្រ ឬថ្ងៃក្រោយតំបន់នេះអាចក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ ព្រោះតំបន់នេះនៅជិត កំពង់ផែ សមុទ្រ របស់វៀតណាម ឬក្លាយជាតំបន់កែច្នៃ ព្រោះកសិផលរបស់កម្ពុជា នៅតំបន់នេះ និងតំបន់ឦសាន មានច្រើន ដែលតភ្ជាប់ជាមួយតំបន់ទាំងនេះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមពង្រីកផ្លូវតំបន់ X16 យ៉ាងយូរនៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ដើម្បីតភ្ជាប់ពីផ្លូវជាតិ ឬផ្លូវសំខាន់ផ្សេងៗទៀត ឱ្យមានទំហំប៉ុនផ្លូវជាតិលេខ៧ដើម្បីទាក់ ទាញវិនិយោគិននានា ចូលមកអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស បន្ថែមពីនេះ ត្រូវពិនិត្យលើប្រព័ន្ធសេវាទូរស័ព្ទ ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីតភ្ជាប់មកកាន់តំបន់ X16 នេជាដើម ដើម្បីផ្តល់ភាពងាយស្រួលការវិនិយោគ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook