Connect with us

កងកម្លាំងប្រដាប់អាវុធ

ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានអញ្ជើញមកទស្សនាសួនបៃតងអង្គរ ក្នុងខេត្ត សៀមរាប ដែលទើបបើកដំណើរការជូនភ្ញៀវចូលទស្សនាកម្សាន្ត

សួនបៃតងអង្គរ ដែលជាអតីតភូមិវប្បធម៌កម្ពុជា របស់សណ្ឋាគារ តារា គ្រុប បានប្រកាសបើកឱ្យ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ដោយឥត គិតថ្លៃ ចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់បំណាច់ ខែមិថុនា នេះ ធ្វើឱ្យមានការចូលទស្សនាពីសាធារណជនយ៉ាងច្រើនកុះករ។

លោកហង្ស វណ្ណៈ នាយកចាត់ការទូទៅសណ្ឋាគាតារាអង្គរ និងសួនបៃតងអង្គរ បានឱ្យដឹងថា សួនបៃតងអង្គរ ដែលអតីតជាភូមិវប្បធម៌កម្ពុជា តែក្រោយមកបានប្រែក្លាយឈ្មោះថ្មីជាសួនបៃតងអង្គរ និងសណ្ឋាគាតារាអង្គរ មានទំហំផ្ទៃដីសរុប២១ហិកតា ក្នុងនោះផ្នែកសណ្ឋាគារបានបើកដំណើរការតាំង អំឡុងពិធីបុណ្យចូល ឆ្នាំថ្មី ប្រពៃណី ជាតិមកម្ល៉េះ។

លោកបន្តថា បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា មានភាពធូរស្បើយ ពីការឆ្លងរីក រាលជំងឺកូវីដ ១៩ មក ជាពិសេសខេត្តសៀមរាបបានកសាងរួចរាល់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែមក ធ្វើឱ្យសន្ទុះភ្ញៀវទេសចរក្នុងស្រុក បានកម្រើកឡើងវិញ ទើបខាងក្រុមហ៊ុនសម្រេចចិត្តដំណើរការ សួនបៃតង អង្គរ ដោយចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ នេះនឹងបើក ឱ្យភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិបានចូលទស្សនាដោយមិនគិតថ្លៃ។

លោកបន្តទៀតថា ការបើកដំណើរការសួនបៃតងអង្គរ ក៏ជាការចូលរួមចំណែកជំរុញ កម្លាំងចលនាទេសចរ ឱ្យងើបឡើងវិញ ភ្ញៀវទេសចរបន្តការស្នាក់នៅក្នុងខេត្ត សៀមរាបកាន់តែយូរ ជាពិសេសប្រជាពលរដ្ឋ ក៏អាចរកប្រាក់ចំណូលបានពីវិស័យនេះ។ក្រុមហ៊ុនតារាអង្គរមានពីរផ្នែកផ្សេងគ្នា មួយគឺវីឡាឯកជន ដែលជាប្រភេទសណ្ឋាគារស្នាក់នៅ ដែលយើងបានបើកដំណើរការកាលពីមុនចូលឆ្នាំខ្មែរ ដោយឡែក សម្រាប់សួនបៃតងអង្គរនេះ យើងទើបតែបើកដំណើរការទទួលទេសចរឱ្យមកកម្សាន្ត កាលពី ថ្ងៃទី១៨ ខែមិថុនា អ៊ីចឹងក្នុងអំឡុងពេលថ្ងៃទី១៨ រហូតដល់ចុងខែ ខាងក្រុមហ៊ុននឹងអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាកម្សាន្តនៅក្នុងសួនបៃតងអង្គរនេះ ដោយមិនមានការយកកម្រៃទេ ដោយឡែកចាប់ពីខែ៧ ដើមខែក្រោយទៅយើងមានការយកថ្លៃសេវាមួយចំនួន ។

ប៉ុន្តែថ្លៃសេវានោះមិនមានថ្លៃដូចកាលពីមុនដែរ និយាយរួមទៅយើងសម្រួលជូនអតិថិជនក្នុងស្រុក អ៊ីចឹង​យើងចាប់ផ្តើមគិតសេវាពីថ្ងៃទី១ កក្កដាទៅ សន្យាថាអត់ថ្លៃទេ តែសុំលាក់សិន។ដោយឡែក​នៅពេលលេង​អង្គរនេះ ក៏យើងចាប់ផ្តើម បន្តរៀបចំអភិវឌ្ឍនូវផលិតផលដែលយើងមានកាលពីមុន គឺយើងរៀប​​ចំជួស​ជុលកែ​លម្អ កែច្នៃបន្ថែម ដើម្បីធ្វើម៉េចឱ្យមានភាពទាក់ទាញទេសចរឱ្យកាន់តែច្រើន ដើម្បីបន្តស្នាក់នៅខេត្ត​សៀមរាប​កាន់តែយូរ។

យោងតាមរបាយការណ៍សួនបៃតងអង្គរបានឱ្យដឹងថា ត្រឹមតែរយៈពេល១ថ្ងៃគឺនៅថ្ងៃទី១៨ និងថ្ងៃទី១៩ មានភ្ញៀវទេសចរប្រមាណជិត២ម៉ឺននាក់ដែលបានមកលេងកម្សាន្តនៅក្នុងសួននេះ។សូមជម្រាបផងដែរថា សួនបៃតងអង្គរមានទំហំ២១ហិកតា ដែលមានប្រវត្តិដ៏សម្បូរបែប ដោយនៅទីនោះមាន សួន ឧទ្យាន សិប្បកម្ម ផ្ទះបុរាណ និងរូបចម្លាក់ដ៍ស្រស់ស្អាតជាច្រើន មានទីតាំងស្ថិននៅក្នុងក្រុងសៀមរាប។ សួនបៃតងអង្គរ បើកទទួលសាធារណជនចូលទស្សនា ចាប់ពីថ្ងៃទី១៨ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយមិនគិតថ្លៃ បន្ទាប់ពីនោះនឹងចាប់ផ្តើមលក់សំបុត្រចូលទស្សនា ក្នុងតម្លៃសមរម្យមួយ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook