Soeun 22 Jun 2022 សេអ៊ូ ៖ កូរ៉េខាងត្បូងបានបា.ញ់សាកល្បងរ៉ុក្កែតអវកាសផលិតក្នុងស្រុកឈ្មោះ Nuri ជាលើកទី ២នៅថ្ងៃអង្គារនេះ រយៈពេល៨ខែ បន្ទាប់ពីការបា.ញ់បង្ហោះលោកទី ១ហោះឡើងបានដោយជោគជ័យ ប៉ុន្តែបរាជ័យក្នុងការបញ្ជូនផ្កាយរណបចូលក្នុងគន្លង។
រ៉ុក្កែតនេះត្រូវបានបា.ញ់ចេញពីមជ្ឋមណ្ឌលអវកាសនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងនៅម៉ោង ៤ល្ងាចថ្ងៃអង្គារ ទី ២១ ខែមិថុនានេះ ហើយមន្ត្រីជាច្រើនរំពឹងថាវានឹងអាចដឹងលទ្ធផលប្រហែលមួយម៉ោងទៀតថាវាជោគជ័យក្នុងការដាក់ផ្កាយរណបចូលក្នុងគន្លងឬយ៉ាងណា។
រ៉ុក្កែត KSLV-II Nuri មាន ៣ដំណាក់កាលនេះដែលត្រូវបានផលិតដោយវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) នឹងធ្វើការបញ្ជូនទម្ងន់ ១,៥តោនចូលទៅក្នុងគន្លង ដែលមានចំងាយពី ៦០០ ទៅ ៨០០គីឡូម៉ែត្រពីផែនដី ហើយវាគឺជាមូលដ្ឋានគ្រឹះនៃផែនការរបស់កូរ៉េខាងត្បូងដើម្បីចាប់ផ្តើមកម្មវិធីអវកាសរបស់ខ្លួន និងសម្រេចគោលដៅមហិច្ឆតាក្នុងបណ្តាញ 6G ផ្កាយរណបចារកម្ម និងការអង្កេតមើលព្រះច័ន្ទ។
រ៉ុក្កែតអវកាសនេះ ប្រើប្រាស់តែបច្ចេកវិទ្យារ៉ុក្កែតកូរ៉េប៉ុណ្ណោះ ហើយវាគឺជាយាន្តអវកាសផលិតក្នុងស្រុកលើកដំបូង។
ការបា.ញ់បង្ហោះសាកល្បងរបស់រ៉ុក្កែតអវកាស Nuri ជាលើកដំបូងធ្វើឡើងកាលពីខែតុលា ឆ្នាំមុន។ រ៉ុក្កែតនោះបានបញ្ចប់ការហោះហើររបស់ខ្លួន ប៉ុន្តែបរាជ័យក្នុងការបញ្ចូនឧបករណ៍ចូលទៅក្នុងគន្លង បន្ទាប់ពីម៉ាស៊ីននៅដំណាក់កាលទី ៣បានឆេះលឿនជាងការគ្រោងទុក។
វិទ្យាស្ថាន KARI បាននិយាយថាខ្លួនគ្រោងនឹងធ្វើការសាកល្បងយ៉ាងតិចឲ្យបាន ៤ដងទៀតមុនឆ្នាំ ២០២៧៕ (យោងតាមប្រភព៖ Reuters)