Soeun 22 Jun 2022 អាមេរិក ៖ អ្នកដំណើរយន្តហោះចំនួន ៣នាក់បានរងរបួស បន្ទាប់ពីទំរជើងយន្តហោះនៃជើងហោះហើរ Red Air ដែលធ្វើដំណើរមកពីសាធារណៈរដ្ឋដូមីនីកា បានជួបបញ្ហាខណៈពេលវាចុះចតនៅព្រលានយន្តហោះអន្តរជាតិ Miami សហរដ្ឋអាមេរិក។ នេះបើយោងតាមអ្នកនាំពាក្យឈ្មោះ Greg Chin ថ្លែងប្រាប់សារព័ត៌មាន CNN។
យន្តហោះនោះបានធ្វើដំណើរដល់ព្រលានអាមេរិកពីរដ្ឋធានី Santo Domingo នៃសាធារណៈរដ្ឋដូមីនីកា នៅម៉ោង៥កន្លះល្ងាច នៅពេលដែលទំរងជើងយន្តហោះបានបាក់ និងបង្កឲ្យមានអគ្គិភ័យ។
បើយោងតាមអ្នកនាំពាក្យ មានអ្នកដំណើរចំនួន ១២៦នាក់នៅលើយន្តហោះ។ អ្នកដំណើរ ៣នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយនឹងរបួសស្រាល។
ក្រុមពន្លត់អគ្គិភ័យបានធ្វើដំណើរមកដល់កន្លែងកើតហេតុណ៍ ដោយពួកគេឃើញស្លាបយន្តហោះត្រូវភ្លើងឆេះ។
បន្ទាប់ពីមានបញ្ហាចុះចតនេះ ជើងហោះហើរចំនួន ២ត្រូវបានពន្យារពេលក្នុងតំបន់ដែលយន្តហោះចុះចត៕ (យោងតាមប្រភព៖ CNN)