តារាក្នុងរឿង Zoolanderនិង Meet the Parents រូបនេះកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនក្នុងនាមជាឯកអគ្គរដ្ឋទូតសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អ.ស.ប គឺអង្គការ UNHCR ។
លោកស្ទីលល័របានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងការហៅតាមទូរស័ព្ទ ខណៈធ្វើដំណើរពីអ៊ុយក្រែនទៅប៉ូឡូញ ថា “រឿងរ៉ាវរបស់ប្រជាជនដែលបានជួបប្រទះប៉ុន្មានថ្ងៃដំបូងនៃសង្គ្រាមនេះ ពេលនិយាយទៅកាន់ពួកគេនិងស្តាប់រឿងដ៏គួរឱ្យរន្ធត់ទាំងនេះ គឺពិតជាក្តុកក្តួលខ្លាំងណាស់”។

តារាសម្តែងនិងជាអ្នកដឹកនាំរឿងវ័យ ៥៦ ឆ្នាំរូបនេះបានចុះទៅមើលសង្កាត់អៀពីន (Irpin)ជាយក្រុងគៀវ ដែលរងការវាយលុកយ៉ាងខ្លាំងនៅក្នុងដំណាក់កាលដំបូងនៃការលុកលុយរបស់រុស្ស៊ី។
លោកស្ទីលល័របាននិយាយថា “ការដែលឃើញការបំផ្លិចបំផ្លាញសង្កាត់ទាំងនោះជាក់ស្តែង វាពិតជាធំធេងណាស់ ហើយវាមិនអាចទៅរួចទេដែលមិនរងអារម្មណ៍ប៉ះពាល់ពីវា”។
“មានយុវជនម្នាក់និយាយអំពីវាហាក់បីដូចជារឿងរ៉ាវចេញពីខ្សែភាពយន្តភ័យរន្ធត់យ៉ាងអ៊ីចឹង គឺមិនដឹងថាគាត់គួរនៅឬរត់ទេ ពេលមីស៊ីលវាយមកយ៉ាងសន្ធាប់”។
“ការដែលឃើញគាត់ឈឺចាប់បែបនេះ គាត់ពិតជាមានអារម្មណ៍ថាជីវិតរបស់គាត់ត្រូវបានផ្លាស់ប្តូរជារៀងរហូត។ វាពិតជាលំបាកណាស់នៅពេលដែលអ្នកឮយុវជនម្នាក់និយាយដូច្នេះ ហើយអ្នកពិតជាបានដឹងថាឥទ្ធិពលនៃសង្គ្រាមមិនមែនចេះតែមើលឃើញនោះទេ”។
លោកស្ទីលល័របានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីក្នុងទីក្រុងគៀវកាលពីថ្ងៃចន្ទ ហើយបានប្រាប់គាត់ថា “អ្នកគឺជាវីរបុរសរបស់ខ្ញុំ”។
លោកបានប្រាប់លោកហ្សេលេនស្គីថា “អ្វីដែលអ្នកបានធ្វើ វិធីដែលអ្នកបានប្រមូលមនុស្សក្នុងប្រទេសនិងពិភពលោក វាពិតជាបានបំផុសទឹកចិត្តខ្លាំងណាស់”៕
លោកស្ទីលល័រជួបប្រធានាធិបតីហ្សេលេនស្គីនៅទីក្រុងគៀវកាលពីថ្ងៃចន្ទ