នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន ។
ដីការសម្រេចដែលមានចុះហត្ថលេខាដោយឯកឧត្តម តាំង ស៊ុនឡាយ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាល ពីថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២បញ្ជាក់ថា កែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ពី ថ្ងៃទី០៤ ខែមសា ឆ្នាំ១៩៤១ ទៅជា ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ និង បង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រម ទាំង អាជ្ញាធរ និងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការកែតម្រូវ។
គួររំឭកថា លោក គី តិច អ្នកតំណាងដោយអណត្តិរបស់សម្ដេចតេជោហ៊ុន សែន កាលពីថ្ងៃទី០១ខែមិថុនា ឆ្នាំ ២០២២កន្លងទៅបានដាក់ពាក្យសុំឱ្យសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំ កំណើត សម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។
បើតាមលោក គី តិច មូលហេតុនៃការសុំកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ ដោយសារបច្ចុប្បន្ន នៅក្នុង ឯកសារអត្រានុកូលដ្ឋាន និងឯកសារសម្គាល់អត្តសញ្ញាណនានារបស់សម្តេចតេជោ ហ៊ុន សែន ពុំបានកំណត់អំពីកាលបរិច្ឆេទកំណើតពិតប្រាកនោះទេ។ ការណ៍នេះ បាននាំឱ្យមានការភាន់ច្រឡំជាអាទិ៍ ពីឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ និងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរសម្ដេចតេជោ នៅថ្ងៃខួបកំណើត ដែលមានដល់ទៅពីរដងក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា កន្លងមកសម្ដេចតេជោ ធ្លាប់បានប្រកាសជាសាធារណៈថា ថ្ងៃកំណើតពិតប្រាកដរបស់សម្ដេច គឺថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៥២៕