Connect with us

កងកម្លាំងប្រដាប់អាវុធ

សត្វក្តាន់ដែលជាប្រភេទសត្វកម្រនៅលើពិភពលោកបន្តមានវត្តមាននៅតំបន់ព្រៃលិចទឹកមេគង្គក្នុងប្រទេសកម្ពុជា»

សត្វក្តាន់ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិត ផុតពូជ ជាសកល។នៅកម្ពុជាអ្នកវិទ្យា សាស្រ្តធ្លាប់បានសន្និដ្ឋានថាសត្វក្តាន់បានផុតពូជទៅហើយ ប៉ុន្តែរហូតដល់ឆ្នាំ ២០០៦ ទើបប្រទះឃើញវាមានវត្តមានឡើងវិញ ក្នុងខេត្តក្រចេះ។ក្រសួងបរិស្ថាននិងអង្គការ WWF បានចេញ ផ្សាយរបាយការណ៍ឆ្នាំ២០២២ ស្តីពីស្ថានភាពសត្វក្តាន់នៅកម្ពុជាដោយបង្ហាញថា សត្វក្តាន់សរុបមានប្រមាណ ៨៤ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃខេត្តក្រចេះ ដែលបានបង្ហាញ តម្លៃជាសកល នៃតំបន់ ទេសភាពព្រៃលិចទឹកមេគង្គ សម្រាប់ការអភិរក្សសត្វក្តាន់ដែលជាប្រភេទកម្រ បំផុត សម្រាប់សកល លោក ។ តទៅនេះសូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជា ស្តីពីបញ្ហានេះដូចតទៅ៖

ផ្នែកស្រាវជ្រាវ និងតាម ដានជីវៈចម្រុះនៃតំបន់ទេស ភាពមេគង្គអះអាងថា វត្តមានសត្វក្តាន់ក្នុងដែនជម្រកសត្វ ព្រៃព្រែកប្រសព្វ ក្នុងខេត្ត ក្រចេះមានសរុបប្រមាណ៨៤ ក្បាល ដែលចំនួននេះ ផ្តល់ក្តីសង្ឃឹម សម្រាប់ ការ អភិរក្ស នៅកម្ពុជា ខណៈសត្វប្រភេទនេះត្រូវបានចាត់ក្នុងថ្នាក់ជាប្រភេទកម្រ ក្នុងប្រទេសកម្ពុជា និងពិភព លោក។

លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការ WWF បាន បញ្ជាក់ថា៖ វត្តមានសត្វក្តាន់ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាព ព្រៃលិចទឹក មេគង្គក្នុង ខេត្ត ក្រចេះ ពិតជាមានសរុបប្រមាណ៨៤ក្បាលប្រាកដមែន ។ទាំងនេះដោយសំអាងលើការកត់ត្រាទិន្នន័យពីកា មេរ៉ាស្វ័យប្រវត្តិដែលដាក់បង្កប់តាមដើមឈើក្នុងព្រៃ ដើម្បីរង់ចាំថត ការរាប់ចំនួនតាម រយៈបង្ហោះកាមេរ៉ាដ្រូន នៅពេលយប់ និងការវិភាគលើសំណាកដែលផ្តល់ភាពជឿជាក់មួយចំនួនទៀត។

លោកបានបញ្ជាក់ប្រាប់ថា ៖លទ្ធផលនៃការស្រាវជ្រាវនៅឆ្នាំ២០២២នេះ បានបង្ហាញពីវត្តមាននៃសត្វក្តាន់វ័យ ជំទង់ និងកូនជាច្រើន ដែលជាសញ្ញាណវិជ្ជមានបង្ហាញ ពីការ បន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុង តំបន់ ទីជម្រកធម្មជាតិ បន្ទាប់ពីអ្នកវិទ្យាសាស្រ្តធ្លាប់បានសន្និដ្ឋានថា សត្វក្តាន់បានផុតពូជទៅហើយ ពីប្រទេសកម្ពុជា ។ប៉ុន្តែអ្វីដែលជាការសន្និដ្ឋាននេះបានផ្លាស់ប្តូរអាស្រ័យថា នៅឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្ត ឡើង វិញក្នុង ខេត្តក្រចេះ តាមរយៈរូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។

លោក អៀម សំអ៊ន់ «តាមរយៈការសិក្សាទិន្នន័យយើងបានច្របាច់បញ្ចូលគ្នារវាងឆ្នាំ ២០១៨ និងទិន្នន័យដែល យើងទទួលបានឆ្នាំ ២០២២ហើយយើងបានធ្វើ ការវិភាគទៅលើគំរូចាប់ដោយ ចៃដន្យ។នៅពេលដែលយើង វិភាគទិន្នន័យ នៅក្នុងកម្មវិធីវិភាគស្ថិតិរួចរាល់ហើយ ទើបយើងទទួលបាននូវលទ្ធផលដែលអាចជឿជាក់បាន គឺមានចំនួនដង់ស៊ីតេរបស់សត្វក្តាន់ ចំនួន ៤២ ក្បាលនៅក្នុងមួយ គីឡូម៉ែត្រការ៉េនៃ ទម្រង់ដែល យើងបាន សិក្សាពីរគីឡូម៉ែត្រការ៉េ ដូច្នេះហើយចំនួនសរុបពីរគីឡូម៉ែត្រការ៉េស្មើនឹង ៨៤ ក្បាលដែល ជាតួលេខ មួយដំបូង ដែល យើងទទួលបានពីការសិក្សា ហើយមានភាពជឿ ជាក់ខ្ពស់ដោយមានការបោះ ពុម្ពផ្សាយក្នុងរបាយការណ៍វិទ្យាសាស្ត្រអន្តរជាតិផង» ។

ក្នុងឱកាសដឹកនាំដំណើរទស្សនកិច្ចសារព័ត៌មានរយៈ ពេលពីរថ្ងៃ កាលពីថ្ងៃទី ១៦- ១៧ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ព្រៃលិចទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដោយបោះបង់ ចោលការបរបាញ់ និងដាក់ អន្ទាក់ បញ្ឈប់ការទិញ ការបរិភោគសាច់សត្វព្រៃ ដើម្បី  ចូល រួមថែរក្សា និងអភិរក្សប្រភេទសត្វកម្រដូចជាសត្វក្តាន់នេះសម្រាប់ជា ប្រយោជន៍ដល់មនុស្សជំនាន់ នេះ និងជំនាន់ក្រោយៗទៀតទៅអនាគតយូរអង្វែង និងសម្រាប់ពង្រឹងការអភិវឌ្ឍជីវភាព របស់សហគមន៍មូល ដ្ឋាន។ ឯកឧត្តមមាន ប្រសាសន៍ថា៖ ក្រសួង បរិ ស្ថាន រួមជាមួយនឹងអង្គការ WWF បាននិងកំពុងបន្តកិច្ចខិត ខំប្រឹង ប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្សសត្វក្តាន់ដ៏កម្រនេះតាមរយៈការបង្កើនជីវភាពសហគមន៍មូល

ដ្ឋាន ការអប់រំផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ រាល់ការបរបាញ់ និងដាក់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធ្វើយ៉ាងណាធានាការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មាន តម្លៃជាសកលដ ទៃទៀតនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា។សំឡេង ឯកឧត្តមនេត្រ ភក្រ្តា «កិច្ចខិតខំ ប្រឹងប្រែងជារួមរបស់ក្រសួងបរិស្ថានរបស់មន្ត្រីមន្ទីរបរិស្ថាន ក៏ដូចជាអង្គការ WWF និងសត្តរក្ស និង មន្រ្តី ជំនាញរបស់ខ្លួននេះធ្វើយ៉ាងម៉េចឱ្យតំបន់ការពារ ធម្មជាតិនេះត្រូវបានការពារ។

យើងទប់ស្កាត់បទល្មើសតាម រយៈការដោះអន្ទាក់ចេញ តាម រយៈការអប់រំណែនាំប្រជាពល រដ្ឋ តាមរយៈការ ពង្រឹងការ អនុវត្តច្បាប់។ យើងជឿជាក់ថា ចំនួនសត្វក្តាន់នៅក្នុងប្រទេសកម្ពុជារបស់យើងនឹងមាន ការ កើនឡើង ទៅមុខទៀត។ហើយនេះគឺជាភាពជោគជ័យមួយជំហានរបស់យើងដែលគេជឿថា កម្ពុជាយើង បាត់បង់ប្រភេទសត្វក្តាន់មកជាមានសត្វក្តាន់ ហើយនៅពេលនេះ គឺជាការប្រកាសដាក់ឱ្យប្រើប្រាស់ នូវរបាយ ការណ៍សត្វក្តាន់នៅកម្ពុជា ដែលជារបាយការណ៍សិក្សាទីមួយនៅក្នុងប្រទេសកម្ពុជារបស់ យើងអំពីវត្តមាន សត្វក្តាន់ និងរបាយប្រជាសាស្ត្រសត្វក្តាន់នៅក្នុងតំបន់ការពារ ធម្មជាតិ ដើម្បីបង្ហាញទៅកាន់ប្រជាពលរដ្ឋទូទៅក៏ដូចជាប្រជាជនពិភពលោក»។

 

លោក សេង ទៀក នាយកអង្គការ WWF មានប្រសាស ន៍ថា៖ លទ្ធផលស្រាវជ្រាវនាពេលនេះ មិនត្រឹមតែបានធ្វើឱ្យកិត្តិនាមរបស់កម្ពុជាលេចត្រដែតលើឆាកអន្តរជាតិប៉ុណ្ណោះទេ វាថែមទាំងបានបង្ហាញពីសារសំខាន់ជាសកលនៃតំបន់ទេសភាពមេគង្គ ជាទីជម្រកដ៏សំខាន់សម្រាប់ការរស់រានរបស់សត្វព្រៃទាំងលើគោក និងក្នុងទឹកគ្រប់ប្រភេទ។ថ្វីត្បិតលទ្ធផលស្រាវ ជ្រាវបញ្ជាក់ច្បាស់ថា ពិតជាមានវត្តមានសត្វក្តាន់ក្នុងដែន ជម្រកសត្វព្រៃនៃកម្ពុជាក៏ពិតមែន ប៉ុន្តែនាយកអង្គការ WWF នៅតែយល់ថា វាជាចំនួនមួយនៅតិចតួចស្តួច ស្តើងដែលទាមទារការការពារ និងអភិរក្ស ថែរក្សាឱ្យបានគត់ មត់បន្ថែមទៀត ជាមួយនឹងវិធានការផ្សេងៗដែលមាន ស្រាប់ មានដូចជាការអនុវត្តនូវវិធានការច្បាប់ឱ្យបានតឹង រ៉ឹងជាទីបំផុត និងជាពិសេសវិធានការស្តារពូជសត្វក្តាន់ឡើងវិញ។លោក សេង ទៀក «វិធានការដែលចាំបាច់បំផុតគឺស្ដារពូជវាបន្ថែមទៀតតាម រយៈការបង្កាត់អាចស្ដារឡើង វិញ ព្រោះនៅប្រទេសគេ គេធ្វើជោគជ័យច្រើនទៅលើការបង្កើនចំនួនរបស់សត្វក្តាន់ហ្នឹង ព្រោះយើងនៅមានដីធំសម្រាប់ដែនជំរកព្រែកប្រសព្វអាចទទួលចំនួនវាកើនឡើងបាន។

បានន័យថា វិធានការនៃការអនុវត្តច្បាប់តឹងរឹងវិធាន ការនៃការស្ដារឡើងវិញហើយវិធានការនៃការគ្រប់គ្រងឱ្យបានគត់មត់ ការបែងចែកតំបន់ ហើយនឹងវិធានការនៃការរកជម្រើសមុខរបរថ្មីសម្រាប់សហគមន៍មូលដ្ឋាន កុំឱ្យគាត់មានការបរបាញ់ ការដាក់អន្ទាក់ជាដើមខ្ញុំយល់ថានេះជាវិធានការសំខាន់ៗ ដើម្បីធ្វើឱ្យសត្វព្រៃរបស់យើងមានការកើនឡើងនៅក្នុងតំបន់។»។

សត្វក្តាន់ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ ការរស់រានរបស់សត្វក្តាន់ ត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ដែលបណ្តាលមកពីការជួញដូរសត្វព្រៃខុស ច្បាប់។ក្រៅពីមានវត្តមាននៅ ក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះក៏មានរស់នៅផងដែរក្នុងប្រទេសឥណ្ឌា នេប៉ាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និងថៃ ហើយអ្នកវិទ្យាសាស្រ្តជឿថាសត្វក្តាន់ប្រហែលបានផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ និងវៀតណាម។

លោក ឈិត គឹមអ៊ន តំណាងសហគមន៍ការពារសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ បានលើក ឡើងថា៖ លោកមានមោទន ភាពដែលសត្វកម្រដូចសត្វក្តាន់នៅតែមានក្នុងព្រៃធម្ម ជាតិក្នុងខេត្តក្រចេះ ហើយលោកនឹងខិតខំដឹកនាំអ្នកសត្តរក្សបន្ថែមទៀត ចូលរួមក្នុងការល្បាតព្រៃ និងដោះអន្ទាក់ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដើម្បីឱ្យសត្វបានជ្រក កោន ធ្វើយ៉ាងណាថែរក្សាសត្វព្រៃ និងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយតទៅមុខទៀត។

លោក ឈិត គឹមអ៊ន «ខ្ញុំមានអារម្មណ៍រំភើបណាស់ហើយនឹងខិតខំសហការគ្នាជាមួយនឹងមន្រ្តីឧទ្យាននុរក្សនៅកន្លែងនេះហើយនឹងក្រុម ល្បាតរបស់ខ្ញុំមាន ២៩ នាក់នឹងខិតខំកៀកស្មាគ្នា ប្រឹង ប្រែងការពារល្បាតឱ្យទាល់តែ បានធ្វើយ៉ាងម៉េចដើម្បីបន្សល់ ទុកឱ្យកូនចៅយើងជំនាន់ក្រោយទៀតនេះគឺជាកេរធន ធានធម្មជាតិរបស់ដូនតាយើងដែលបន្សល់ទុកឱ្យយើង»។

វិធានការអភិរក្សរួមគ្នាបន្ទាន់បន្ថែមគឺចាំបាច់ណាស់ ដើម្បីធានាថាទីជម្រកចុងក្រោយរបស់សត្វក្តាន់ដ៏កម្រនេះគ្មានការគំរាមកំហែងដោយសកម្ម ភាពខុសច្បាប់ ពោលគឺគ្មានការដាក់អន្ទាក់ គ្មានការបរបាញ់ និងការជួញដូរសត្វព្រៃក្នុងតំបន់។ ការស្តារចំនួននិងទីជម្រកសត្វក្តាន់ ព្រមទាំងការបន្តពង្រឹងជម្រើសជីវភាពរបស់សហគមន៍ក្នុងតំបន់ គឺជាវិធានចាំបាច់ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមរៀបចំ និងអនុវត្តន៍។ចំណែកក្រុមអ្នកជំនាញស្រាវជ្រាវនឹងបន្តពង្រឹងទិន្នន័យវិទ្យាសាស្ត្រស្តីពីរបាយសត្វក្តាន់ឱ្យកាន់តែសុក្រិតថែមទៀត ដោយប្រើ ប្រាស់បច្ចេកវិទ្យាទំនើបដ្រូនជាមួយម៉ាស៊ីនថតប្រើកំដៅនៅទូទាំងដែនជម្រកទាំងមូល ។

សូមបញ្ជាក់ថា ដែនជម្រក សត្វព្រៃព្រែកប្រសព្វ ស្ថិតលើផ្ទៃដីសរុប ១២,៧៧០ហិកតា ស្ថិតក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ ដែលជាទីជម្រកធម្មជាតិរបស់សត្វក្តាន់នេះស្ថិតក្រោមការសហការការពារយ៉ាងតឹងរឹង ដោយមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន គាំទ្រដោយអង្គការ WWF ព្រមទាំងមានការចូលរួមដោយក្រុមល្បាតសហគមន៍ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook