Connect with us

ព័ត៌មានជាតិ

សម្តេច​ ហ៊ុន សែន នឹង​ថ្លែង​សារ​គន្លឹះ​សំខាន់​ៗ នូវ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អាស៊ី​អាគ្នេយ៍​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម នា​ខែ​ក្រោយ​នេះ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ថ្លែង​សារ​គន្លឹះ​សំខាន់​ៗ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដែល​កម្ពុជា​នឹង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី​១១-១៣ ខែកក្កដា ឆ្នាំ​២០២២​។


នេះ​ជា​បញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២ ក្រោយ​កិច្ចប្រជុំ​ពិសេស​របស់​គណៈ​អចិន្ត្រៃយ៍ CAMSOC ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC​។
ឯកឧត្តម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា ដើម្បី​សម្របសម្រួល​យន្តការ​មួយ​ដែល​ក្នុង​នាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣ គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​កម្ពុជា​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​ផង និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សមាជិក​ទាំងមូល​ផង ។ ដូច្នេះ កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​នេះ​នឹង​ត្រូវ​ដំណើរការ​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ថ្ងៃ​ទី​១១ ខែកក្កដា ជា​ថ្ងៃ​បើក​ជា​ផ្លូវការ និង​មានការ​ថ្លែង​ការ​ពិសេស​ជា​គន្លឹះ​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​យើង​នឹង​ទទួល​បាន​អនុសាសន៍​ណែនាំ​នៃ​គន្លឹះ​សំខាន់​ៗ​ទាំង​អស់នោះ​សម្រាប់​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំងមូល ទាំង​សមាជិក​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​មទទួល​បាន​នូវ​ភាព​កក់ក្តៅ ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់ នា​ខែ​ក្រោយ​នេះ ។
ឯកឧត្តម​អគ្គលេខាធិការ​បន្ថែម​ថា គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ CAMSOC បាន​រៀបចំ​កិច្ចប្រជុំ​ពិសេស ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ CAMSOC ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដែល​កិច្ចប្រជុំ​ទាំង​២​នេះ​នឹង​ត្រូវ​រៀបចំ​បញ្ចូល​គ្នា​។ កាលពី​ខែមេសា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ម្តង​រួច​ហើយ ហើយ​គម្រោង​កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឡើងជា​លើក​ទី​២ ដើម្បី​អនុម័ត​ចុង​ក្រោយ​នូវ​ប្រភេទ​កីឡា និង​វិញ្ញាសា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា​។
ឯកឧត្តម វ៉ា​ត់ ចំរើន គូសបញ្ជាក់​ទៀត​ថា យើង​ដឹង​ហើយ​ថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ CAMSOC តែងតែ​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ការ​ណែនាំ​ឲ្យ​ព​ន្លឿ​ន​គ្រប់​ផែនការ​សកម្មភាព​ការងារ​ទាំងអស់​។
មាន​ន័យ​ថា ទាំង​កិច្ចការ​បច្ចេកទេស ទាំង​ការងារ​ការទូត​កីឡា​ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំងអស់ ត្រូវ​បាន​សម្តេច​ពិជ័យ​សេនា​ជំរុញ​ឲ្យ​យើង​ធ្វើ​យ៉ាងណា ឲ្យ​ដំណើរការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២២ ទទួល​បានការ​គាំទ្រ​ឲ្យ​បាន​ច្បាស់លាស់​ពី​សមាជិក​ស៊ី​ហ្គេ​ម និង​សមាជិក​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ទាំងអស់​។


ក្រៅពី​ការ​ទទួល​នូវ​ខ្លឹមសារ​សំខាន់​ៗ​តម្រង់​ទិស​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក៏​នឹង​មានការ​ត្រួតពិនិត្យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សំខាន់​ៗ​លើក​ទី​១​របស់​សមាជិក​អាស៊ី​អាគ្នេយ៍ និង​សមាជិក​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ផង​ដែរ​។ ដូច្នេះ ប្រសិនបើ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​របស់​កម្ពុជា ឈាន​ដល់​កម្រិតស្តង់ដា ឬ​មិន​ទាន់​ដល់​ស្តង់ដា​បច្ចេកទេស នោះ​អាស៊ី​អាគ្នេយ៍​នឹង​វាយតម្លៃ​ជំហាន​ដំបូង ជាមួយនឹង​ការ​ផ្តល់​ព័ត៌មាន​ពី​ផ្នែក​ណាខ្លះ ដែល​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​កម្រិតស្តង់ដា រួម​ទាំង​ភូមិ​កីឡា​ជាដើម​។ ដូច្នេះ នៅ​កិច្ចប្រជុំ​នា​ខែ​ក្រោយ​នេះ កម្ពុជា​នឹង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ស្វែង​យល់​ជូន​ដល់​សមាជិក​អាស៊ី​អាគ្នេយ៍​ទាំងមូល​។ជា​រួម ឯកឧត្តម វ៉ា​ត់ ចំរើន អះអាង​ប្រកបដោយ​ភាព​ជឿជាក់​ថា សម្រាប់​ពិធី​ប​ដិស​ណ្ឋា​រ​កិច្ច កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍ទាំងមូល​ទទួល​បាន​នូវ​ភាព​កក់ក្តៅ​ជាទី​បំផុត ពីព្រោះ​កម្ពុជា​ធ្វើ​កន្លង​មក​ធ្លាប់​ទទួល​បាន​ជោគជ័យ និង​ទទួល​បានការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ពី​អាស៊ាន​ជា​បន្តបន្ទាប់​ផង​ដែរ ។ជាមួយ​គ្នា​នោះ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ដែល​មានបទពិសោធន៍​ខ្ពស់​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​ឲ្យ​កិច្ចប្រជុំ​នេះ​ដំណើរការ​ដោយ​រលូន នៃ​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេ​ម ផង​ដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook