Soeun 23 Jun 2022 ក្រុងកាប៊ុល ៖ ស្លាប់មនុស្សយ៉ាងហោចណាស់ ១,០០០នាក់ និង១.៥០០នាក់ទៀតបានរងរបួស ក្នុងគ្រោះរញ្ជួយដីដ៏សាហាវបំផុត មិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍ បានកើតឡើងក្នុងពេលដ៏លំបាកមួយសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយតាលីបង់ បច្ចុប្បន្នកំពុងស្ថិតក្នុងភាពស្រេកឃ្លាន និងវិបត្តិសេដ្ឋកិច្ចថែមទៀតនោះ នេះបើយោងតាម BBC ។
គ្រោះរញ្ជួយដីកម្រិត ៥.៩រិចទ័រ បានកើតឡើងនៅពេលដែលមនុស្សជាច្រើនកំពុងដេកនៅផ្ទះ នាវេលាម៉ោង០១និង២៤នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃពុធ ទី២២ មិថុនា ២០២២ (ម៉ោងក្នុងស្រុក) រញ្ជួយដីបានវាយប្រហារភាគខាងកើតនៃប្រទេស ប្រវែងប្រហែល ៤៤គីឡូម៉ែត្រ នៅទីក្រុង Khost ដែលស្ថិតនៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ បានឲ្យដឹងថា អ្នកស្លាប់ភាគច្រើន គឺនៅក្នុងខេត្ត Paktika ក្នុងស្រុក Giyan, Nika, Barmal និង Zirok ។
លោក Mohammad Amin Hozaifa ប្រធាននាយកដ្ឋានព័ត៌មាន បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា ចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះ គឺច្រើនជាង ១,០០០នាក់ ហើយមនុស្សយ៉ាងហោចណាស់ ១,៥០០នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល “នៅក្នុងស្រុក Gayan និង Barmal នៃខេត្ត Paktika” ។
មន្ត្រីរូបនេះ រំពឹងថា ចំនួនអ្នកស្លា.ប់ និងរបួស នឹងកើនឡើងបន្ថែមទៀត ខណៈដែលបេសកកម្មស្វែងរក និងសង្គ្រោះ កំពុងខិតខំប្រឹងប្រែងបន្តស្វែងរកអ្នកសង្ស័យកប់នៅក្រោមដី ។
ក្នុងរូបភាពចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Bakhtar បានបង្ហាញថា ប្រជាជនអាហ្វហ្គានីស្ថាន ជម្លៀសអ្នករបួស ក្រោយការរញ្ជួយដី ។ ផ្ទះជាច្រើនខ្នង ដែលសង់នៅក្នុងតំបន់ជនបទ ជាលំនៅដ្ឋានមិនស្ថិតស្ថេរ ឬសាងសង់មិនបានល្អ បានប្រែក្លាយទៅជាកម្ទេចថ្ម ដែលមានតែជញ្ជាំង និងដំបូលបាក់បែក ៕