Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោកបៃ​ដិន​អំពាវនាវ​ឱ្យ​សភា​ផ្អាក​យកពន្ធ​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​បី​ខែ​

Soeun 23 Jun 2022 វ៉ាស៊ិនតោន  ​ដេល្លី​ម៉េល​ ៖   កាលពី​ថ្ងៃ​ពុធ​ទី​២២​មិថុនា ប្រធានាធិបតី ចូ បៃ​ដិន បាន​អំពាវនាវ​ឱ្យ​សភា​ផ្អាក​យកពន្ធ​ប្រេង​សាំង​និង​ប្រេងម៉ាស៊ូត​សហព័ន្ធ​រយៈពេល​បី​ខែ​ជា​ចំណាត់ការ​ឆ្នាំ​​បោះ​ឆ្នោត​មួយ​សំដៅ​បន្ធូរបន្ថយ​សម្ពាធ​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​ស្វាគមន៍​ដោយ​មន្ទិលសង្ស័យ​ពី​សមាជិក​សភា​ជា​ច្រើន​រូប​។​

​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​រូបនេះ​ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​នានា​ផ្អាក​ពន្ធ​ហ្គាស​ផ្ទាល់ខ្លួន​របស់​ពួកគេ ឬ​ផ្តល់​ការបន្ធូរបន្ថយ​ស្រដៀង​គ្នា​នេះ​ផងដែរ​ហើយ​គាត់​បាន​ធ្វើ​ការរិះគន់​ជា​សាធារណៈ​ចំពោះ​​ឧស្សាហកម្ម​ថាមពល​ដែល​ផ្តល់​អាទិភាព​លើ​ប្រាក់ចំណេញ​ជា​ជាង​ផលិតកម្ម​។ វា​នឹង​ត្រូវ​មាន​វិធានការ​ពី​សមាជិក​សភា​នៅ​ក្រុង​វ៉ាស៊ីនតោន​និង​តាម​រដ្ឋ​នានា​ទូទាំង​ប្រទេស​ដើម្បី​សម្រាល​បន្ទុក​ដល់​អ្នក​​ប្រើប្រាស់​។​

​លោកបៃ​ដិនបាន​និយាយថា “​វា​មិន​កាត់បន្ថយ​ផលប៉ះពាល់​ទាំងអស់​នោះ​ទេ ប៉ុន្តែ​វា​នឹង​ជួយ​បាន​យ៉ាងច្រើន​។ ខ្ញុំ​កំពុង​ធ្វើ​ផ្នែក​របស់​ខ្ញុំ​។ ខ្ញុំ​ចង់ឱ្យ​សភា រដ្ឋ​នានា​និង​ឧស្សាហកម្ម​ធ្វើ​ផ្នែក​របស់​ពួកគេ​​ផងដែរ​”​។​

​បញ្ហា​គឺ​ថា​ពន្ធ​សហព័ន្ធ​មាន ១៨,៤ សេន​ក្នុង​មួយ​ហ្គា​ឡុង​លើ​ហ្គាស និង​ពន្ធ​សហព័ន្ធ ២៤,៤ សេន​ក្នុង​មួយ​ហ្គា​ឡុង​លើ​ប្រេងម៉ាស៊ូត​។​ប្រសិនបើ​អ្នកប្រើប្រាស់​ទទួល​បានកា​រ​ផ្អាក​ពន្ធ​នេះ​ទាំងស្រុង​នោះ​ប្រជាជន​​នឹង​សន្សំសំចៃ​លុយ​បាន​ប្រហែល ៣,៦ ភាគរយ​នៅតាម​ស្ថានីយ​ឥន្ធនៈ នៅពេល​តម្លៃ​ជា​មធ្យម​មាន​ប្រហែល ៥ ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​នៅ​ទូទាំង​ប្រទេស​។​

​ការជំរុញ​របស់​លោកបៃ​ដិន​គឺ​ប្រឈម​នឹង​ការជំទាស់​យ៉ាង​ខ្លាំង​នៅ​សភា ដែល​ត្រូវតែ​ធ្វើ​សកម្មភាព​ដើម្បី​ផ្អាក​ពន្ធ និង​ជា​កន្លែង​ដែល​សមាជិក​សភា​ជា​ច្រើន​រួមទាំង​សមាជិក​សភា​មួយចំនួន​នៅ​ក្នុងគណ​​បក្ស​របស់​គាត់​ផ្ទាល់​បង្ហាញ​ការសង្ស័យ​។ សូម្បី​ពួក​សេដ្ឋវិទូ​ជាច្រើន​ក៏​មាន​មន្ទិល​លើ​ការផ្អាក​ពន្ធ​លើ​ហ្គាស​ផងដែរ​។​

​ប្រធាន​សភា​មកពី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី (Nancy Pelosi) បាន​ផ្តល់​ការឆ្លើយតប​ដែល​ខ្វះ​ការប្តេជ្ញា​ចិត្ត​ចំពោះ​សំណើ​របស់​លោកបៃ​ដិនដោយ​និយាយថា​លោក​ស្រី​នឹង​ពិនិត្យ​​មើល​ថា​តើ​មាន​ការគាំទ្រ​សម្រាប់​ការផ្អាក​ពន្ធ​ឥន្ធនៈ​នៅក្នុង​សភា​ដែរ​ឬ​អត់​៕

                   ​លោកបៃ​ដិន​អំពាវនាវ​ឱ្យ​សភា​ផ្អាក​យក​ពន្ធ​លើ​ប្រេងឥន្ធនៈ​រយៈពេល​៣​ខែ តែ​ទំនង​មិន​បាន​ជោគជ័យ​

Click to comment

Leave a Reply

Your email address will not be published.

Facebook