រដ្ឋធានីគៀវរបស់អ៊ុយក្រែនមិនត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ឆ្នាំនេះទេក្រោយរុស្ស៊ីចូលឈ្លានពានប្រទេសក្បែរខាងខ្លួនមួយនេះកាលពីចុងខែកុម្ភៈ នៅពេលបណ្តាទីក្រុងរបស់រុស្ស៊ីរួមមានមូស្គូ និងសេន ផេធឺស្បឺកធ្លាក់ចំណាត់ថ្នាក់ដោយសារតែការស្តីបន្ទោសនិងទណ្ឌកម្មលោកខាងលិច។
វីយែន ដណ្តើមតំណែងកំពូលនេះពីទីក្រុង អក់លឹន(Auckland)របស់នូវ៉ែលសេឡង់ ដែលឥឡូវធ្លាក់ដល់ចំណាត់ថ្នាកទី៣៤ដោយសារតែការរឹតត្បិតប្រឆាំងកូវីដ១៩ នេះបើរបាយការណ៍របស់ក្រុមប្រមូលព័ត៌មានសេដ្ឋកិច្ចEIU។
វាបាននិយាយថា« វីយែន ដែលបានធ្លាក់ដល់ចំណាត់ថ្នាក់ទី១២កាលពីដើមឆ្នាំ២០២១ នៅពេលសារមន្ទីរនិងបណ្តាភោជនីយដ្ឋានក្នុងក្រុងនេះបានបិទ បានស្ទុះងើបមកកាន់តំណែងទីមួយ ជចំណាត់ថ្នាក់ដែលទីក្រុងនេះកាន់កាប់កាលពីឆ្នាំ២០១៨និង២០១៩។ស្ថិរភាពនិងហេដ្ឋារចនាសម្ពន្ធល្អជាការទាក់ទាញដ៏ធំរបស់ទីក្រុងសំរាប់អ្នករស់នៅ គាំទ្រដោយសុខាភិបាលល្អនិងឳកាសគ្រប់គ្រាន់សំរាប់វប្បធម៌និងការកម្សាន្តសប្បាយ»។
សូមបញ្ជាក់ថា អឺរ៉ុបមានទីក្រុងចំនួនប្រាំមួយក្នុងចំណោមទីក្រុងគួរអោយចង់រស់នៅបំផុតចំនួនដប់ក្នុងលោក។
បន្ទាប់ពីរដ្ឋធានីរបស់អូទ្រីសនេះ មានទីក្រុងកូប៉ិនហាក(Copenhagen)និងទីក្រុងហ្ស៊ុយរីច(Zurich)របស់ស្វីស។ទីក្រុងហ្សឺណែវរបស់ស្វីសឈរនៅលេខរៀងទីប្រាំមួយខណៈទីក្រុងហ្វ្រែងហ្វឺតរបស់អាឡឺម៉ង់នៅលេខរៀងទីប្រាំពីរ ហើយទីក្រុងអាំស្ទែរដាំរបស់ ហូឡង់ នៅចំណាត់ថ្នាក់ទីប្រាំបួន។
ក្រុង កាល់ហ្ការី(Calgary)នៅកាណាខាងលិច ជាប់ចំណាត់ថ្នាក់ទីបី និងទីក្រុង វែនខូវើ(Vancouver)នៅកាណាដាខាងលិចដូចគ្នាជាប់ចំណាត់ថ្នាក់ទីបួន ហើយទីក្រុងតូរ៉ុនតូ(Toronto)របស់កាណាដាផងដែរជាប់ចំណាត់ថ្នាក់ទីប្រាំបី។
ទីក្រុងប៉ារីស ដែលជារដ្ឋធានីបារាំងនៅលេខរៀងទី១៩ ខណៈទីក្រុងព្រុចសែលរបស់បែលហ្ស៊ិចនៅលេខទី២៤ ក្រោយទីក្រុងម៉ុងត្រេអាល់( Montreal)របស់កាណាដាមួយលេខ។
ទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសនៅចំណាត់ទី៣៣ ហើយទីក្រុងបាសេឡូណានៅលេខទី៣៥និងម៉ាឌ្រីដរបស់អេស្ប៉ាញនៅលេខទី៤៣ ទីក្រុងមីឡងរបស់អ៊ីតាលីនៅចំណាត់ថ្នាក់ទី៤៩ ញូវយ៉ករបស់អាម៉េរិកលេខ៥១ និងទីក្រុងប៉េកាំងរបស់ចិននៅលេខរៀងទី៧១។
ទីក្រុងដាម៉ាសរបស់ស៊ីរី នៅតែរក្សាតំណែងជាកន្លែងពិបាករស់នៅបំផុតក្នុងលោកដដែល៕


ទីក្រុងវីយែនរបស់អូទ្រីស វិលមកជាទីក្រុងគួរអោយរស់នៅបំផុតឡើងវិញ