ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាលោក Michael Tan Keng Siong បានឱ្យដឹងពីថ្ងៃទី ២២ខែធ្នូថា សិង្ហបុរី និងកម្ពុជានឹងរួមសហការគ្នាបង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលគ្រោងនឹងចុះហត្ថលេខានាពេលឆាប់ៗនេះ ដើម្បីជួយគាំពារដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតផលរវាងប្រទេសទាំងពីរ។

លោក Michael Tan Keng Siong អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានជួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ដោយលោកបានលើកឡើងថា កម្ពុជា និងសិង្ហបុរី ជាប្រទេសតូចមែន ប៉ុន្ដែមានការបើកជំហរសេដ្ឋកិច្ចដូចគ្នា។ លោកបានជម្រាបថា សិង្ហបុរី និងកម្ពុជានឹងរួមសហការគ្នាបង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រោងនឹងចុះហត្ថលេខានាពេលឆាប់ៗនេះ ដើម្បីជួយគាំពារដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផិតផលផងដែរ។
លោកបានស្នើសុំ លោករដ្ឋមន្រ្ដីបន្ដការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយនឹងឯកអគ្គរដ្ឋទូតសិង្ហបុរីដែលមកកាន់អណត្តិថ្មី ប៉ុន្ដែលោករដ្ឋមន្រ្ដីបានជម្រាប់វិញថា លោកនឹងបន្ដសហការជាមួយអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាថ្មី។

លោករដ្ឋមន្រ្តីថា ក្រសួងពាណិជ្ជកម្មកន្លងមក មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសសិង្ហបុរី ដើម្បីជុំរុញកិច្ចសហប្រតិបត្តទ្វេភាគីរវាងប្រទេសទាំងពីរបន្ដទៀត។ លោករដ្ឋមន្រ្ដីបានជូនពរឯកអគ្គរដ្ឋទូត Michael Tan Keng Siong បន្ដទទួលបានជោគជ័យថែមទៀតនៅក្នុងភារកិច្ចថ្មីរបស់លោក។
លោករដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជា និងសិង្ហបុរី ជាមិត្តជិតស្និត ហើយតែងតែរួមសហការគ្នាដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមកក្នុងគ្រប់វេទិកាទាំងអស់ ទាំងនៅអង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក អាស៊ាន និងវេទិកាផ្សេងៗទៀតជាដើម។ លោកបានបន្ថែមថា កន្លងមក ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលធុរជនសិង្ហបុរីជួបប្រទះកន្លងមក។

លោកឯកអគ្គរដ្ឋទូតបានអបអរកម្ពុជា ចំពោះភាពជោគជ័យនានាក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសដៃគូ។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីការចុះហត្ថលេខានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងសិង្ហបុរីជាសមាជិកដែរ៕