ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីសន្លាងនាទឹកដីអង្គរ ខេត្តសៀមរាប សាងសង់បាន៣៥ភាគរយហើយ។គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោយបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។ នេះតាមការឱ្យដឹងពីក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនធ្វើការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប។

សូមជម្រាបថា គម្រោងអាកាសយានដ្ឋានសៀមរាបនេះ បានចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ។
ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិថ្មីលើទឹកដីអង្គរនេះកំពុងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (AIAI) គឺវិនិយោគដោយក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់៨៨០លានដុល្លារ នៅលើផ្ទៃដី ១ ៧០០ ហិកតា៕
