ពោធិ៍សាត់៖ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងមានសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែរស់រវើក ដោយសារលទ្ធភាពបង្កើតច្រកអន្តរជាតិថ្មីមួយនៅព្រំដែនកម្ពុជាថៃ ស្របពេលផ្លូវតភ្ជាប់មួយខ្សែរវាងច្រកភូមិថានសេន ខេត្តត្រាត ប្រទេថៃ និងច្រកថ្មដាស្ថាបនារួចរាល់។
បើតាមការចុះផ្សាយរបស់គេហៈទំព័រអចលនទ្រព្យ Z1 News បានឲ្យដឹងថា បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋាបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា អាជ្ញាធរនៃខេត្តទាំងពីរ កំពុងពន្លឿនការបើកច្រកព្រំដែនកម្ពុជា-ថៃ រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត ខណៈដែលអាជ្ញាធរខេត្តត្រាតកំពុងស្ថាបនាផ្លូវមួយខ្សែដោយសម្រេចបាន៩០ភាគរយ ហើយនឹងត្រូវតភ្ជាប់ជាមួយច្រកថ្មដា (ផ្លូវជាតិលេខ៥៥) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្ពពោធិ៍សាត់។

រដ្ឋាភិបាលកម្ពុជាកាលពីខែមីនា ឆ្នាំ២០២០ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ ឬហៅថា ផ្លូវបុប្ផាលាក់ខ្លួន ដោយតភ្ជាប់ចេញពីទីរួមខេត្តពោធិ៍សាត់ ទៅស្រុកវាលវែង ដល់ថ្មដា ច្រកព្រំដែនកម្ពុជា-ថៃ។ ផ្លូវបុប្ផាលាក់ខ្លួននេះ មានប្រវែង ១៨២ គីឡូម៉ែត្រ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ នាពេលនោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រុញឱ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាចរចារជាមួយភាគីថៃ ក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មដា ជាមួយខេត្តត្រាតប្រទេសថៃ ដើម្បីបង្កើនពាណិជ្ជកម្មឆ្លងដែន និងការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

សម្តេចថ្លែងថា៖ «ប្រសិនបើយើងបើកច្រកព្រំដែនអន្តរជាតិនេះពាណិជ្ជកម្មទ្វេភាគីរបស់យើងនឹងកើនឡើងកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍នឹងកើនឡើងផងដែរ។ នេះជាអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសជិតខាងទាំងពីរ»។
ជុំវិញការបើកច្រកអន្តរជាតិថ្មីមួយនៅព្រំដែនកម្ពុជាថៃនេះផងដែរ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យ បានលើកឡើងថា ស្រុកវាលវែង បច្ចុប្បន្នកំពុងមានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះជាតំបន់មានផ្លូវក្រវ៉ាត់តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តត្រាត ប្រទេសថៃ ដែលការតភ្ជាប់នេះនឹងធ្វើឱ្យមានចរន្តនៃធ្វើការពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរនាពេលអនាគត៕


