Soeun JuLy 2022 ដេល្លីម៉េល ៖ ព្រលឹត ដុះក្នុងសួនឃូហ្គាដិន (Kew Gardens)ចក្រភពអង់គ្លេស អស់រយៈពេល ១៧៧ ឆ្នាំមកហើយនោះត្រូវបានលាតត្រដាងថាជាប្រភេទរុក្ខជាតិថ្មីសន្លាងនិងធំជាងគេលើពិភពលោក។
វាជាការកត់សម្គាល់ការរកឃើញលើកដំបូងនៃព្រលឹតយក្សថ្មីនេះក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ហើយអ្នករុក្ខសាស្ត្រពណ៌នាវាថាជា “អច្ឆរិយៈរុក្ខសាស្ត្រមួយរបស់ពិភពលោក”។
ព្រលឹតនេះមានស្លឹកសន្ធឹងរហូត ៣,២ ម៉ែត្រហើយផ្ការបស់វាអាចលូតរហូតដល់ ១៤ អ៊ីញ ធំជាងក្បាលមនុស្សជាមធ្យមទៅទៀត។
ប្រភេទរុក្ខជាតិនេះត្រូវបានកំណត់អត្តសញ្ញាណពីសំណាកស្ងួតនៃព្រលឹតដែលបានដុះនៅហាបារៀម (Herbarium) នៃសួនឃូតាំងពីឆ្នាំ ១៨៤៥។ ទោះយ៉ាងណាបច្ចុប្បន្នព្រលឹតនេះកំពុងលូតលាស់នៅក្នុងផ្ទះព្រលឹតនិងតំបន់អភិរក្សនៃព្រះអង្គម្ចាស់វែលរបស់សួនឃូ។
ព្រលឹតនៅផ្ទះព្រលឹតខាងលើមានទំហំតូចជាង ដោយស្លឹកលូតទទឹងបានតែ ២,៧ ម៉ែត្រនៅពេលធំពេញវ័យ។
ពីមុនគេគិតថាព្រលឹតឈ្មោះ Victoria Boliviana គឺជាព្រលឹតកូនកាត់ពីរប្រភេទផ្សេងគ្នា។ ទោះយ៉ាងណា ឥឡូវនេះវាត្រូវបានបញ្ជាក់ថាជាប្រភេទព្រលឹតថ្មី ដែលពីមុនមិនត្រូវបានកំណត់អត្តសញ្ញាណនោះទេ។
វាត្រូវបានដាក់ឈ្មោះ Victoria Boliviana ជាកិត្តិយសដល់ប្តីប្រពន្ធជាអ្នកស្រាវជ្រាវជនជាតិបូលីវី និង ជម្រកព្រលឹតមួយនៅអាម៉េរិកខាងត្បូង។
អ្នកវិទ្យាសាស្ត្រឈ្មោះ ណាតាលៀ ប្រេសឡូមស្កា (Natalia Przelomska) មកពីសួនឃូហ្គាដិន បាននិយាយថា “ក្នុងពេលប្រឈមមុខនឹងការបាត់បង់ជីវៈចម្រុះយ៉ាងឆាប់រហ័ស” ការពណ៌នាអំពីប្រភេទរុក្ខជាតិថ្មីបែបនេះ “គឺជាកិច្ចការសំខាន់ជាមូលដ្ឋាន”។
ពូជព្រលឹតថ្មីនេះទីបំផុតត្រូវបានកំណត់អត្តសញ្ញាណក្នុងឯកសារមួយចេញផ្សាយកាលពីថ្ងៃចន្ទទី៤កក្កដានៅក្នុងទស្សនាវដ្តី Frontiers in Plant Science បន្ទាប់ពីការស៊ើបអង្កេតជិតពីរទសវត្សរ៍។
ព្រលឹតថ្មីឈ្មោះ Victoria Boliviana នេះល្បីដុះបំផុតគឺនៅតំបន់អេកូឡូស៊ី ឡាណូស ដឺ ម៉ូសូស (Llanos de Moxos) ក្នុងប្រទេសបូលីវី ដោយផ្ការបស់វាប្រែពណ៌ពីសទៅពណ៌ផ្កាឈូកនិងរីកតែពេលយប់ប៉ុណ្ណោះ៕






ព្រលឹត Victoria Boliviana ត្រូវបានចាត់ទុកជាព្រលឹតធំបំផុតលើពិភពលោក