Soeun 05 July 2022 ដេល្លីម៉េល ៖ យន្តហោះអារ៉ាប់រួមអេមីរ៉ាតមួយគ្រឿងបានហោះជិត ១៤ ម៉ោងជាមួយនឹងប្រហោងមួយនៅចំហៀងតួខ្លួនរបស់វា មុនពេលចុះចតនៅទីក្រុងប្រ៊ីសប៊ែន (Brisbane) ។
យន្តហោះធុន Airbus A380 បានហោះចេញពីមជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន Emirates ក្នុងទីក្រុងឌូបៃកាលពីថ្ងៃទី ១ ខែកក្កដា ហើយបានចុះចតនៅពេលយប់ប៉ុន្តែអ្នកបើកយន្តហោះបានរាយការណ៍ពីការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលពួកគេទៅដល់ទីនោះ។
អ្នកដំណើរបានរាយការណ៍ថាបានឮសំឡេងផ្ទុះខណៈពួកគេកំពុងហោះហើរលើមហាសមុទ្រនៅតាមផ្លូវឆ្ពោះទៅកាន់ប្រទេអូស្ត្រាលី។ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នេះបានសម្រេចចិត្តបន្តដំណើរទៅមុខទៀតក្នុងរយៈពេល ១៣,៥ម៉ោងទៀតដោយទាក់ទងទៅផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋានប្រ៊ីសប៊ែនភ្លាមៗមុនពេលចុះចតដើម្បីរាយការណ៍ថាពួកគេសង្ស័យផ្ទុះកង់យន្តហោះនៅពេលហោះឡើង។
ពួកគេបានស្នើសុំសេវាសង្គ្រោះបន្ទាន់នៅពេលចុះចត នេះបើយោងតាមវេបសាយ Aviation Herald ។
នៅពេលពួកគេចុះចតបន្ទាប់ពីហោះ ១៣,៥ ម៉ោងនៅលើអាកាស សេវាសង្គ្រោះបន្ទាន់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលរកឃើញប្រហោងធំមួយនៅផ្នែកចំហៀងនៃតួយន្តហោះខាងឆ្វេង។
មន្ត្រីត្រួតពិនិត្យយន្តហោះក៏បានរកឃើញវីសមួយរបូតចេញពីច្រមុះយន្តហោះផងដែរ ប៉ុន្តែគេមិនទាន់ដឹងថាឧបទ្ទវហេតុទាំងពីរនេះពាក់ព័ន្ធគ្នាឬអត់នោះទេ។
មនុស្សទាំងអស់នៅលើយន្តហោះគឺមានសុវត្ថិភាព ហើយយន្តហោះមិនអាចវិលត្រឡប់ទៅឌូបៃវិញបានទេ ហើយកំពុងចតចោលនៅទីក្រុងប្រ៊ីសប៊ែន៕

យន្តហោះធុន Airbus A380 ធ្លុះនៅតួខាងឆ្វេងពេលហោះ១៣,៥ម៉ោងពីឌូបៃមកប្រ៊ីសប៊ែន