Soeun 07 July 2022មួស្គួ៖ សមាជិកសភាបក្សកុម្មុយនីស្តនៅតំបន់ភាគឥសានរបស់រុស្ស៊ី បានទាមទារឲ្យមានការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងធ្វើការដកទ័ពចេញនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន (AP)។
«យើងយល់ថា ប្រសិនប្រទេសរបស់យើងមិនបញ្ឍប់ប្រតិបត្តិការយោធានោះទេ យើងនឹងមានក្មេងកំព្រាកាន់តែច្រើនឡើងនៅក្នុងប្រទេសរបស់យើង »។ នេះជាការថ្លែងរបស់លោក Leonid Vasyukevich នៅក្នុងកិច្ចប្រជុំសភានិតិប្បញ្ញតិ្តប្រចាំតំបន់ Primorsk នៅទីក្រុងកំពង់ផែប៉ាស៊ីភិច Vladivostok កាលពីថ្ងៃសុក្រម្សិលមិញនេះ។
ការថ្លែងរបស់លោកដែលទៅកាន់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមតេឡេក្រាម។
ចំណែកសមាជិកសភាម្នាក់ទៀតបានគាំទ្រដល់ការថ្លែងរបស់លោក Leonid Vasyukevich ប៉ុន្តែប្រធានសភា បានចេញសេចក្តីប្រកាសមួយ ដោយហៅការធ្វើអត្ថាធិប្បាយនោះជាការបង្កហេតុផ្នែកនយោបាយដែលគ្មានការគាំទ្រពីសមាជិកសភាភាគច្រើន។
សូមបញ្ជាក់ថា លោក Vladimir Putinប្រធានាធិបតីរុស្ស៊ី បញ្ជាឲ្យកងទ័ពធ្វើប្រតិបត្តិការឈ្លានពានអ៊ុយក្រែនអស់រយៈពេលជាង ៣ខែមកហើយ។
បើតាមរបាយការណ៍របស់អ៊ុយក្រែនកាលពីពេលថ្មីៗនេះ កងទ័ពរុស្ស៊ីជិត ៣០.០០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម និងយន្តហោះ រថក្រោះ រថពាសដែក និងសភាវុធផ្សេងៗទៀតរាប់ពាន់គ្រឿងត្រូវបានបំផ្លាញ៕ (AP)

