Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល សម្រេចកាត់ឆ្វៀលដីបឹងតាមោកទំហំជាង១៩៦ហិកតា បន្ថែមទៀត ដើម្បីធ្វើប្រទានកម្មជូនវិស័យឯកជន

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ឆ្វៀលដី បឹងតាមោក(បឹងកប់ស្រូវ)ទំហំជាង១៩៦ហិកតា ដើម្បីធ្វើប្រទានកម្មជូនវិស័យឯកជន សម្រាប់អភិវឌ្ឍន៍ក្នុងគម្រោ​ងនានា ដែលជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង។

ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០​ កាលពីសប្ដាហ៍មុនបានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ ១១០២.សជណ.មយ អំពីករណីសំណើសុំឆ្វៀលផ្ទៃដីទំហំ២៧៥ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ៣២៣៩,៧ហិកតា ស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីគ្រប់គ្រងជាកម្មសិទ្ធិ។

យោងតាមលិខិតដែលចុះហត្ថលេខា ដោយលោក កែន សត្ថា  រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរដោយយោងលិខិតលេខ០៦១/២០ លស.គ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងលិខិតលេខ៦៥៦ ខន/០២០ សជណ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ករណីខាងលើនេះ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនថា រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមអនុញ្ញាត ឱ្យឆ្វៀលផ្ទៃដីទំហំ១៩៦,៥៦៥៩ហិកតា(មួយរយកៅសិបប្រាំមួយហិកតា ហាសិបប្រាំមួយអា ហាសិបប្រាំបួនសង់ទីអា) ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចមានក្នុងគំនូសប្លង់បង្ហាញទីតាំង និងនិយាមកាភ្ជាប់មកជាមួយចេញពីអនុក្រឹត្យលេខ២០ អនក្រ,បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ទំហំ៣២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជូនលោកស្រី អ៊ុយ បូវី និងលោកស្រី គង់ សុធី ដោយពន្ធជាបន្ទុករបស់រដ្ឋ និងលើកលែងសេវាអន្តរក្រសួង សេវាសុរិយោដីនានា ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook