Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ាពុង ឃាវសែ​ គ្រោងចំណាយទឹកប្រាក់៤០០លានដុល្លារសាងសង់រថភ្លើងលើអាកាសចេញពីព្រលានយន្តហោះថ្មីមកកាន់រាជធានីភ្នំពេញ

ភ្នំពេញៈ ក្នុងគោលដៅសម្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនOCIC គ្រោងនឹងវិនិយោគសាងសង់ខ្សែរថភ្លើងល្បឿនលឿន(Sky Train)ចេញ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ។

យោងតាមគេហទំព័រក្នុងស្រុកមួយ ដែលបានសម្ភាសន៍ផ្តាច់មុខជាមួយ អ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមហ៊ុនOCICកាលពីថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាគម្រោងផ្លូវល្បឿនលឿន ពីអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល មកកាន់រាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។

អ្នកឧកញ៉ាបានបន្តថា “គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាHighway ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន២ដំណាក់កាល”។

លោកបន្តថា ដំណាក់ទី១ ប្រវែង១០គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេចហ៊ុន សែន និងផ្លូវ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ រហូតទៅដល់ផ្លូវជាតិលេខ២។ ដោយឡែកដំណាក់កាលទី២ គឺមានប្រវែងប្រមាណ១១គីឡូម៉ែត្រ ដោយសាងសង់ចេញពីផ្លូវជាតិលេខ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង”។

គម្រោងនេះ នឹងត្រូវចំណាយទុនសរុបប្រមាណ៤០០លានដុល្លារអាមេរិក ដែលដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ក្រោយព្រលានយន្តហោះ ពោលគឺក្រោយឆ្នាំ២០២៣បន្ដិចបន្ដួច។

អ្នកឧកញ៉ាបានបន្តថា ផ្លូវលើអាកាសថ្មីនេះ នឹងជួយសម្រួលការធ្វើដំណើរពីក្នុងក្រុង ទៅព្រលានថ្មីបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយអ្នកបើកបរអាចបើកដល់ទៅល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

កាលពីថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តក ណ្តាលផងដែរ។

គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាគម្រោងខ្នាតយក្សតម្លៃជាង១៥០០លានដុល្លារ ដោយស្ថាបនានៅលើផ្ទៃដី២៦០០ហិកតា ដែលអាចទទួលអ្នកដំណើរបាន១៥លាននាក់នៅពេលបញ្ចប់ដំណាក់កាលទី១ និងអាចទទួលអ្នកដំណើរបាន​៣០លាននាក់នៅដំណាក់កាលទី២ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook