ភ្នំពេញ៖ អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលលោក ខាន់ វណ្ណា កម្ពុជាគ្រោងបើកសាលាបណ្តុះបណ្តាលជំនាញបើកបរយន្តហោះនៅឆ្នាំក្រោយនេះ ដើម្បីជួយលើវិស័យអាកាសចរណ៍ ដោយលោកអះអាងថា កម្ពុជាសព្វថ្ងៃកំពុងមានកង្វះខាតធនធានលើជំនាញនេះ។
លោក ខាន់ វណ្ណា ប្រាប់ថា រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បាននឹងកំពុងខិតខំប្រឹងប្រែងពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីបង្កើតសាលាបណ្តុះបណ្តាលជំនាញបើកបរយន្តហោះ ឱ្យមានឆាប់ ដើម្បី ឱ្យកូនខ្មែរមានលទ្ធភាពចូលរៀនក្នុងតម្លៃសមរម្យ។


លោកថា បើតាមស្ថិតិបង្ហាញ គឺកម្ពុជាកំពុងខ្វះខាតធនធានមនុស្សប្រមាណ ៩០ភាគរយ សម្រាប់បំរើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេស ខណៈដែលស្ថានភាពដែលពិភពលោកជាទីផ្សារសេរី និងរដ្ឋបានបញ្ឈប់ការផ្តល់អាហារូបករណ៍ និងការសិក្សានៅក្រៅប្រទេសលើជំនាញនេះ មានតម្លៃខ្ពស់ជាពិសេសជំនាញបើកបរយន្តហោះមានតម្លៃ ១៤ ម៉ឺនដុល្លារអាមេរិក។
លោកថ្លែងថា បច្ចុប្បន្ននេះជាទីផ្សារសេរី យើងត្រូវតែផ្សព្វផ្សាយឱ្យប្រជាជនរបស់យើង ដែលមានធនធានច្រើន គួរតែបញ្ជូនកូនឱ្យទៅរៀន ដោយបង់លុយដោយខ្លួនឯង ហើយនៅពេលរៀនចប់ រដ្ឋលេខាធិការដ្ឋានអាកាសសីវិល ជាអ្នកស្វែងការងារឱ្យធ្វើ ហើយកម្ពុជាកំពុងតែចចារជាមួយខាងក្រុមហ៊ុនឱ្យមានការបញ្ចុះតម្លៃ ដល់យុវជនកម្ពុជាដែលបំណងបន្តការសិក្សាលើវិស័យអាសកាសចរណ៍នេះ ឱ្យស្ថិតនៅក្នុងតម្លៃក្រោមទីផ្សារ។
បើតាមមន្ត្រីរូបនេះ អ្នកដែលបញ្ចប់ការសិក្សាជំនាញបើកបរយន្តហោះនឹងអាចទទួលប្រាក់បៀវត្សស្របតាមស្តង់ដារអន្តរជាតិចន្លោះប្រមាណ ៣ពាន់ទៅ ៥ពាន់ដុល្លារក្នុងមួយខែឡើងទៅ បន្ទាប់ពីបំរើការងារបានចំនួន ២ឆ្នាំ។

បើទោះបីរដ្ឋមិនមានលុយគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាឱ្យបន្តការសិក្សាលើជំនាញវិស័យអាកាសចរណ៍ស៊ីវិលនេះ ក៏ដោយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិកតែងតែត្រួសត្រាយ និងផ្សព្វផ្សាយដល់ពលរដ្នណាដែលមានធនធានគ្រប់គ្រាន់ ឱ្យបញ្ជូនកូនរបស់ពួកគេ ឱ្យទៅបន្តការសិក្សាលើជំនាញផ្នែកនេះ ហើយនៅពេលបញ្ចប់ហើយ កម្ពុជា ជជែកជាមួយក្រុមហ៊ុនទាំងអស់ ដើម្បីឱ្យចូលធ្វើការ នឹងឆាប់ទទួលបានប្រាក់កម្រៃមកវិញ។
ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល នឹងសហការជាមួយក្រុមហ៊ុនឯកជនមួយបង្កើតឱ្យមានសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនេះ យ៉ាងយូបំផុត គឺនៅក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០២១ ខាងមុខនេះ នឹងចេញជារូបរាង្គ ហើយតម្លៃសិក្សាសមរម្យអាចនឹង ១ម៉ឺនដុល្លារអាមេរិក ខណៈរៀននៅក្រៅប្រទេសមានចំនួន ១៤ ម៉ឺនដុល្លារអាមេរិក៕

