Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ថា ដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យ មិនមែនជាបណ្តាសារនោះទេ

(ភ្នំពេញ)៖ ថ្លែងក្នុងសារពិសេស ពាក់ព័ន្ធនឹងការបិទបញ្ចប់«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» និងចំណុចសំខាន់ៗផ្សេងទៀត ដែលធ្វើឡើងចេញពីគេហដ្ឋាន ស្ថិតនៅក្រុងតាខ្មៅ ខេត្ត​កណ្តាល នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើក​ឡើង​ថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និង​ប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានដំណើរការបូមបានដោយជោគជ័យនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលនេះគឺជាសមិទ្ធផលនៃសន្តិភាព កើតចេញពីនយោបាយ ឈ្នះ-ឈ្នះ បាននាំ​មកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្ដេចតេជោ​បានបន្ដថា ការដែលកំណត់យកថ្ងៃទី២៩ ខែធ្ន ឆ្នាំ២០២០នេះ ចំថ្ងៃខួបលើកទី២២ ឆ្នាំនៃ​ការបញ្ចប់សង្គ្រាមនៅកម្ពុជា ដោយសារតែបើមិនមានការបញ្ចប់សង្គ្រាម នាំមកនូវការ​ឯកភាពជាតិទេនោះ គឺគ្មានទេនូវព្រឹត្តិការណ៍ដំណក់ប្រេងលើកដំបូង លើកទឹកដីអង្គរ​របស់យើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកថា ទម្រាំទទួលសមិទ្ធផលនៃដំណក់​ប្រេងលើកដំបូងនៅពេលនេះ កម្ពុជាបានរង់ចាំរយៈពេល៣០ឆ្នាំមកហើយ ពោលគឺចាប់​តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ដែលក្រុមហ៊ុនឈ្នះការដេញថ្លៃ រុកប្រេងនៅប្លុក A ជាក្រុមហ៊ុន​មួយ​របស់អង់គ្លេស ប៉ុន្តែក្រុមហ៊ុនរុករកមិនឃើញក៏ដកខ្លួនចេញ។ បន្ទាប់ពីក្រុមហ៊ុនរបស់​អង់គ្លេស​ដកខ្លួនចេញ ក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន Chevron របស់អាម៉េរិក និងក្រុមហ៊ុនដែល​ជាដៃគូ​ផ្សេងទៀត ក៏ចូលរុករកបន្ត ក៏បានរកឃើញកំណប់ប្រេងក្នុងដែនសមុទ្រកម្ពុជា និងបន្តបន្ទាប់​មក​ទៀតធ្លាក់ដល់ក្រុមហ៊ុន KrisEnergy នៅពេលនេះ។

សម្ដេចតេជោបានគូសបញ្ជាក់ថា ថវិកាបានពីការលក់ប្រេងដំបូងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា “លុយបានមកពីប្រេង ខ្ញុំនឹងឆ្លើយប្រាប់ថា ខ្ញុំនឹងផ្ដល់អាទិភាពទៅលើ​វិស័យអប់រំ និងសុខាភិបាល។ ដំណក់ប្រេងនេះជាពរជ័យសម្រាប់ប្រជាជនកម្ពុជា នៅក្នុង​ដំណាក់កាលថ្មី ជាប្រភពចំណូលថ្មី”។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់បន្ថែមថា ប្រេងរបស់កម្ពុជានៅ ប្លុក A នេះមិនមានពាក់ព័ន្ធជាមួយប្រទេសថៃនោះទេ ពោលគឺប្លុក A មានចម្ងាយពីប្រទេសថៃ ប្រមាណ​ជាង៣០០គីឡូម៉ែត្រ ខណៈចម្ងាយពីខេត្តព្រះសីហនុ ត្រឹមតែជាង១០០គីឡូម៉ែត្រ​តែប៉ុណ្ណោះ។ ស

ម្ដេចតេជោបានបង្ហើបឱ្យដឹងទៀតថា ក្រៅពីចំណូលបន្ថែមដោយ​​ដំណក់​ប្រេងនេះ កម្ពុជាក៏នឹងមានប្រភពចំណូលពីធនធានធម្មជាតិបន្ថែមទៀត គឺប្រភពចំណូលបាន​ពីរ៉ែមាស ដែលនឹងត្រៀមធ្វើអាជីវកម្ម និងចំណូលពីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ដែលអាច​ផលិតថាមពលអគ្គិសនី បានយ៉ាងហោច៣០០ ទៅ៤០០មេហ្គាវ៉ាត់ ដោយប្រើធ្យូងថ្ម ខណៈ​បច្ចុប្បន្នធ្យូងថ្មនេះកម្ពុជា ត្រូវទិញពីក្រៅប្រទេសនោះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook