បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះក្នុងការនិពន្ធសៀវភៅទាំងវ័យក្មេង តារាចម្រៀង ម៉ានិត ហាក់មិនមានបំណងចូលប្រឡូកខាងចម្រៀងវិញក្នុងផលិតកម្មណានោះទេ ដោយលោកធ្លាប់ប្រាប់ថា នឹងធ្វើជាតារាចម្រៀងឯករាជ្យបន្ទាប់ពីចាកចេញពីផលិតកម្ម Pleng Record ។

យ៉ាងណាក៏ដោយ តារាក្មេងវ័យរូបនេះបានបង្ហាញវត្តមានក្នុងការនិពន្ធសៀវភៅ និង ការផលិតខ្សែភាពយន្តផ្ទាល់ខ្លួន ដែលសហការជាមួយនឹងលោកស្រី ពាន់ ភួងបុប្ផា ដែលជាលោកយាយរបស់ខ្លួន ។

ចាត់ទុកថាជាតារាវ័យក្មេងដែលសាងសមិទ្ធផលលើផ្នែកនិពន្ធបានយ៉ាងច្រើននោះ ថ្មីៗនេះ ម៉ានិត ហាក់បីមិនសប្បាយចិត្តបន្ទាប់ពីលោកបានបង្ហើបថាមានអ្នកលួចចម្លងគំនិតស្នាដៃរបស់លោក ។

នៅក្នុងគណនី fb របស់លោកផ្ទាល់បានបង្ហោះចំៗតែម្តងថា «លួចគំនិតខ្ញុំហើយ មោទកភាពចំពោះខ្លួនឯង ។ បើមិនខ្មាសគេ ខ្មាសខ្លួនឯងផង ។ ធុញណាស់និយាយមែន ។ សុខចិត្តដើរក្រោយគេតែកុំចម្លងគេ ។ គោរពអ្នកដទៃគឺគោរពខ្លួនឯង» ។

ទោះយ៉ាងណាក៏ដោយ ម្ចាស់បទ «ព្រោះខ្ញុំស្រឡាញ់អ្នក» រូបនេះ ក៏មិនបានបញ្ជាក់ថា ការលួចគំនិតរបស់លោកនោះ តើស្ថិតនៅក្នុងផ្នែកណាមួយនៃស្នាដៃរបស់លោកនោះទេ ក៏ព្រោះតែបច្ចុប្បន្ន ម៉ានិត មានជំនាញច្រើនដូចជា ការនិពន្ធសៀវភៅ និពន្ធរឿង និពន្ធបទភ្លេង និង ដឹកនាំរឿងជាដើម ។ ម្យ៉ាងវិញទៀត លោកក៏មានហាងលក់សៀវភៅផ្ទាល់ខ្លួនផងដែរដែលមានឈ្មោះថា «ស្រឡាញ់សៀវភៅ» ៕