ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា រហូតខែមីនានេះ ការងារដាក់ប្រព័ន្ធលូរណបផ្លូវចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលចំណាយថវិការសរុប ២៩៤លានដុល្លារ សម្រេចលទ្ធផលការងារបានប្រមាណ ១០០ភាគរយហើយ។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហ៊ឹង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ជាសមាជិកគណៈ កម្មាធិការជាតិ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រ សួងបរិស្ថាន អមដំណើរដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនា សម័្ពន្ធមួយចំនួនទៀតនៅខេត្តព្រះសីហនុ ។

នាឪកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ការងាររៀបចំហេដ្ឋារចនសម្ព័ន្ធដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០នេះ សំរេចបានលទ្ធផលដូចជា៖
-ការងារប្រព័ន្ធលូរណប សម្រេចបាន ១០០%
-ការងារអ៊ុតកៅស៊ូ AC សម្រេចបាន ២០.៩០%
-ការងារក្រាលកម្រាលថ្មក្រានីត សម្រេចបាន ៩២.៤៣%
-ការងាររៀបខឿនថ្មក្រានីត សម្រេចបាន ៩៣.៧៥%
-ការងារដំឡើងបង្គោលអំពូលភ្លើងសម្រេចបាន ៩៣.០៥
-ការងារដំឡើងអំពូលភ្លើងសម្រេចបាន ៩១.២៥%
-ការដាំដើមឈើសម្រេចបាន ៨៦.១៩% ។

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ធ្លាប់បានអះអាងថា ដើម្បីក្លាយជាប៉ូលសេដ្ឋកិច្ចទីពីររបស់ប្រទេសកម្ពុជា ជាទីក្រុងទំនើប មានមជ្ឈមណ្ឌលពានិជ្ជកម្ម ទាក់ទាញវិស័័យទេសចរណ៍ និងក្លាយជាច្រកបង្កើនសេដ្ឋកិច្ចប្រទេស រដ្ឋាភិបាលបានវិនិយោគថវិការប្រមាណ ៣០០លានដុល្លារ ដើម្បីកែលម្អគុណភាពផ្លូវ ខេត្តភាគខាងត្បូងប្រទេសមួយនេះ។ តាមផែនការ ផ្លូវទាំង ៣៤ខ្សែ នេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងក្នុងអំឡុង ៨ខែ ដោយត្រូវស្ថាបនាផ្លូវសរុប ៨៤គីឡូម៉ែត្រ រង្វង់មូលចំនួន ៣ និងស្ពានចំនួន ៦ សរុបប្រវែង ២៥២ម៉ែត្រ៕
