រាជធានីភ្នំពេញ៖ រឿងដដែលៗបានកើតឡើងលើជនរងគ្រោះជាច្រើនអ្នកកន្លងមកហើយដោយសារតែមានក្រុមជនសង្ស័យមានគ្នា ៣ទៅ ៤នាក់បានប្រើល្បិចបោកបញ្ឆោតជនរងគ្រោះដើម្បីយកម៉ូតូទៅដាក់បញ្ចាំនៅហាងមួយចំនួនដែលទទួលបញ្ចាំម៉ូតូដោយគ្មានឯកសារត្រឹមត្រូវគ្រប់គ្រាន់ហើយដាក់បានប្រាក់ក្នុងតម្លៃខ្ពស់គួរសម។

ជាក់ស្តែងនៅថ្ងៃសៅរ៍ទី១៦ ខែកក្កដា ឆ្នាំ២០២២ នេះមានយុវជនមួយរូបបានចាញ់បោកជនសង្ស័យមួយក្រុមដោយបានប្រើល្បិចបបួលជនរងគ្រោះលេងឈូសស៊ីលុយដោយសន្យាឲ្យលុយជនរងគ្រោះខ្ចីពេលដែលជនរងគ្រោះលេងចាញ់។ បន្ទាប់មកបក្សពួកគ្នាគេក៏បបួលជនរងគ្រោះទៅជួយលើកអីវ៉ាន់នៅឃ្លាំងមួយកន្លែងដោយមិនដឹងថាជាឃ្លាំងអ្វីនោះទេ ដោយក្នុងនោះក៏មានការភ្នាល់ជាមួយជនរងគ្រោះផងដែរ។

ក្រោយមកទៀតជនរងគ្រោះបានប្រាប់ថាក្រុមជនសង្ស័យបានបបួលរូបគេឲ្យយកម៉ូតូទៅដាក់បញ្ចាំនៅហាងមួយកន្លែងដោយទទួលបានលុយចំនួន 825ដុល្លារ ប៉ុន្តែការដាក់បញ្ចាំម៉ូតូនេះ គឺពុំមានឯកសារសម្គាល់យានយន្តគ្រប់គ្រាន់នោះទេ (កាតគ្រីម៉ូតូ) គឺដាក់តែអត្តសញ្ញាណប័ណ្ណមួយប៉ុណ្ណោះហើយបានឲ្យរូបគេ (ជនរងគ្រោះ)ជាអ្នកផ្តិតមេដៃ។ ជនរងគ្រោះបានបញ្ជាក់បន្ថែមថា ម៉ូតូរបស់គេម៉ាក់ឌ្រីមសង់ សេរ៊ីឆ្នាំ២០១៩ ពណ៌ខ្មៅ មានស្លាកលេខ 1AH-7303 ជាម៉ូតូកំពុងបង់រំលស់ថែមទៀតផង។ ក្រោយពីបញ្ចាំម៉ូតូរួចហើយក្រុមជនសង្ស័យក៏បានដឹករូបគេជាជនរងគ្រោះមកទំលាក់ចោលនៅម្ដុំផ្លូវ២០០២ ហើយឱ្យរូបគេរង់ចាំនៅទីនោះ ថែមទាំងដកយកទូរសព្ទដៃនិងលុយទៅទាំងអស់។ លុះចាំបាត់ៗយូរទៅទើបជនរងគ្រោះដឹងខ្លួនថា បានចាញ់បោកគេ ទើបរត់មកឲ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះជួយ។
សូមរំលឹកថាករណីនេះមិនមែនទើបតែកើតមានឡើងនោះទេគឺញឹកញាប់ខ្លាំងណាស់ដែលមានប្រជាពលរដ្ឋរងគ្រោះជាច្រើនត្រូវបានក្រុមជនសង្ស័យទាំងអស់នោះប្រើល្បិចប្រហាក់ប្រហែលគ្នា។ ប្រជាពលរដ្ឋនិងមហាជនទូទៅសំណូមពរទៅដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់សូមមេត្តាជួយស៊ើបអង្កេតចំពោះករណីនេះផង និងជួយចាត់វិធានការចំពោះហាងទទួលបញ្ចាំទាំងឡាយណាដែលទទួលបញ្ចាំដោយមិនមានយកឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ឬទទួលបញ្ចាំដោយមិនយកឯកសារ ព្រោះនេះជាដើមចមដែលធ្វើឱ្យក្រុមជនល្មើសអាចប្រព្រឹត្តសកម្មភាពលួច ប្លន់ ឬប្រើល្បិចបោកបញ្ឆោតជាដើម។ ប្រជាពលរដ្ឋសង្ឃឹមនិងជឿជាក់ថាសមត្ថកិច្ចនិងមានចំណាត់ការលើទីតាំងហាងបញ្ចាំទាំងនោះដើម្បីធ្វើយ៉ាងណាឲ្យភូមិឃុំ សង្កាត់ មានសុវត្ថិភាពស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធណាមួយប្រសិនបើចង់ធ្វើការបកស្រាយរៀងរាល់ម៉ោងធ្វើការតាមរបបវិជ្ជាជីវៈអ្នកសារព័ត៌មាន។ លេខទូរស័ព្ទ៖ 078 314 983 (តេឡេក្រាម) សូមអរគុណ!