Connect with us

កងកម្លាំងប្រដាប់អាវុធ

ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ដូចជាមាន អាកាសយានដ្ឋាន អន្តរជាតិ កំពង់ផែស្វយ័ត អន្តរជាតិ ផ្លូវដែក និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅលើសកលលោក។ ចាប់តាំងពីឆ្នាំ២០១៨មក វិស័យសំណង់ក្នុងខេត្តនេះបានចាប់ផ្តើមរីកចម្រើនជាលំដាប់ ដែលក្នុង នោះមានដូចជា អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម, សណ្ឋាគារ និងអគារពហុមុខងារ ដែលភាគ ច្រើនជាអគារខ្ពស់ៗមានកម្ពស់រហូតដល់ ៥៣ជាន់ និងមានគម្រោងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម រោងចក្រផ្សេងៗទៀត ដែលទ្រទ្រង់ឲ្យវិស័យសេដ្ឋកិច្ចកម្ពុជា។ ដោយហេតុថាវិស័យសំណង់មានការរីកដុះដាលខ្លាំង ដូចនេះអាជ្ញាធរខេត្ត ស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ដែលក្រសួងនិងមន្ទីរជំនាញបានកំណត់ ដើម្បីចៀសវាងនូវបញ្ហាណា មួយកើតឡើងជាយថាហេតុ។

តាមរយៈការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុបានឱ្យដឹងថា៖ គិតត្រឹមឆ្នាំ២០១៧ដល់ខែឧសភាឆ្នាំ២០២២សំណង់ដែលមានលិខិតអនុញ្ញាតសាងសង់សរុបចំនួន១.៧៣១គម្រោង លើផ្ទៃក្រឡាសំណង់ជាង១៥ លាន៤៨១ពាន់ម៉ែត្រការ៉េ (១៥.៤៨១.៦១៥)ក្នុងទុនវិនិយោគ សរុបចំនួនជាង៨ប៊ីលាន៤៧២ លាន៤៨៣ ពាន់ដុល្លារអាមេរិក (៨.៤៧២.៤៨៣.៤២៧) ក្នុងនោះសំណង់ដែលជាសមត្ថកិច្ចរបស់ក្រសួងមានចំនួន ៤៥៨គម្រោង លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង១៤លាន ៥៩០ម៉ែត្រការ៉េ (១៤.៥៩១.៧២០) លើទុនវិនិយោគសរុបចំនួនជាង៨ប៊ីលាន៣៣លាន៥១១ពាន់ដុល្លារអាមេរិក(៨.០៣៣.៥១០. ៩២៧) ។

សំណង់សមត្ថកិច្ចខេត្តមានចំនួន៣៥១គម្រោង លើផ្ទៃក្រឡាសំណង់សរុបចំនួនជិត៦៥៤ពាន់ម៉ែត្រការ៉េ (៦៥៣.៩៣២ )ក្នុងទុនវិនិយោគ សរុបជាង ៣៦០លាន ៥៨៨ពាន់ដុល្លារអាមេរិក (៣៦០. ៥៨៨. ៦៧៤) សំណង់សមត្ថកិច្ចក្រុង/ស្រុក មានចំនួន៩២២គម្រោង លើផ្ទៃក្រឡាសំណង់សរុបជិត ២៣៦ពាន់ម៉ែត្រការរ៉េ (២៣៥.៩៦២) លើទុនវិនិយោគ សរុបជិត៧៨លាន៣៨៤ពាន់ ដុល្លារអាមេរិក( ៧៨.៣៨៣. ៨២៥) ។ ទន្ទឹមនោះ សំណង់អគារខ្ពស់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានចំនួនសរុប៩៧៥អគារ ដែលមានលិខិតអនុញ្ញាតសាងសង់ចាប់ពីឆ្នាំ២០០៥ ដល់ខែឧសភា ឆ្នាំ២០២២មានចំនួន ៦៤១គម្រោង។

លោកបានលើកឡើងទៀតថា៖អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញតែងតែចុះពង្រឹងនិងធ្វើការណែនាំទៅដល់ម្ចាស់ការដ្ឋានសំណង់ទាំងអស់ឱ្យចូលរួមក្នុងការសុំច្បាប់សាងសង់ទោះបីអគារនោះមានការសាងសង់មុនលិខិតអនុញ្ញាតសាងសង់ក៏ដោយដូចនេះសំណូមពរធ្វើម៉េចសូមឱ្យម្ចាស់សំណង់ទាំងអស់ហ្នឹងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍ហើយនិងធ្វើការសាងសង់ឱ្យបានសំណង់ហ្នឹងរឹងមាំ ហើយឱ្យវាមានជានគរូបនីយកម្ម ទាំងគម្លាត កម្ពស់ តម្រង់ជួរផ្លូវធ្វើម៉េចឱ្យបានស្មើកុំឱ្យវាចេញវាចូល ហើយឱ្យមានការចូលរួមពីម្ចាស់ការដ្ឋានសំណង់ទាំងអស់ក្នុងការដ្ឋាននីមួយៗធ្វើម៉េចឱ្យគាត់មានវិស្វករប្រចាំការដ្ឋានដាច់ខាត គឺយើងពង្រឹងផ្លូវច្បាប់ដើម្បីឱ្យការសាងសង់នោះកុំឱ្យមានថ្លោះធ្លោយ មានការបាក់ស្រុតដោយប្រការណាមួយ ឬក៏ពាក់ ពន្ធ័ទៅលើការគ្រប់គ្រងកម្មករ សំណង់កុំឱ្យមានការធ្វេសប្រហែស>>។

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ ហើយក៏ជាខេត្តសេដ្ឋកិច្ចផងដែរ។ ដូច្នេះហើយទើបយើងសង្កេតឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមានការកែប្រែមុខមាត់ថ្មី មានផ្លូវស្អាតខ្វាត់ខ្វែង មានសំណង់អគារខ្ពស់ៗ និងមានហេដ្ឋារចនាសម្ព័ន្ធស្រស់ស្អាតមានរបៀបរៀបរយស្ទើរគ្រប់ទីកន្លែង។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារសារព័ត៌មានកម្ពុជាសន្តិភាព លោក ប្រធានមន្ទីររៀបចំដែន​ដីនគរូបនីយកម្ម​និងសំណង់ខេត្ត ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយ​មន្រ្តីជំនាញ ក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការដ្ឋានទាំងអស់មានច្បាប់ទម្លាប់ កុំឱ្យមានការសាងសង់ដោយល្មើសច្បាប់ ឬគ្មានលិខិតអនុញ្ញាតសាងសង់ ចៀសវាងមន្រ្តីជំនាញចុះហាមឃាត់ ធ្វើឱ្យខាតបង់ដល់ការសាងសង់ ពេលវេលា និងទាំងថវិកាជាដើម។ មួយវិញទៀតសូមពិនិត្យទៅលើកម្មករធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់នៅក្នុងពេលអនុវត្តការងារ គឺត្រូវមានឯកសណ្ឋានច្បាស់លាស់ដូចជា៖ ខោអាវចាំងពន្លឺ មួកសុវត្ថិភាព ស្រោមដៃ ស្បែកជើងការដ្ឋានសំណង់ ដែលមានមុខក្រាស់ បាតក្រាស់ និងមានខ្សែក្រវាត់ជាដើម ដើម្បីកុំឱ្យមានការថ្លោះធ្លោយនាំឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ។

«ជាសំណូមពរដល់ម្ចាស់ការដ្ឋានសំណង់ទាំងអស់ ពេលដែលទទួលបានលិខិតអនុញ្ញាតសាងសង់ហើយនោះ គឺត្រូវធ្វើយ៉ាងណាការសាងសង់ហ្នឹងមានជំនាញ មានវិស្វករ មានក្រុមហ៊ុន ដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយចុះបញ្ជីនៅក្រសួងរៀបចំដែនដី និងមានប្លង់គ្រឿងបង្គុំ ប្លង់ស្ថាបត្យកម្ម ប្លង់មេកានិក ប្លង់ទឹក ផ្លូវ ភ្លើង ប្លង់អាងប្រព្រឹត្តកម្ម និងរបងហ៊ុមព័ទ្ធការដ្ឋាន មានសំណាញ់សុវត្ថិភាព ធ្វើយ៉ាងណាត្រូវរៀបចំនៅក្នុងការដ្ឋានសំណង់យើងឱ្យបានត្រឹមត្រូវ តាមក្បួនខ្នាតបច្ចេកទេសច្បាប់ដែលបានកំណត់ជូន» ។

ដោយឡែកទាក់ទងនឹងប្លង់មេ ស្តង់ដារវិញ មន្ទីរក៏បានរៀបចំផែនទីប្លង់ចក្ខុវិស័យសម្រាប់ ឆ្នាំ២០៣០ ប្លង់ប្រើប្រាស់ដីធ្លី២០៣៨ និងផែនការប្រើប្រាស់ដីក្នុងឃុំសង្កាត់ ដើម្បីធ្វើឱ្យសំណង់ទាំងអស់ទៅជាតំបន់រៀបរយនិងច្បាស់លាស់។ នេះជាប្រសាសន៍របស់លោក ចេង ស្រុង។លោកបានលើកឡើងបន្ថែមទៀតថា៖

<<បើកាលណាស្នើសុំមក ខាងជំនាញយើងនឹងរៀបចំឱ្យគាត់ ថាសំណង់កន្លែងនឹងថាគួរសង់អី មិនមែននៅកណ្តាលក្រុងហើយសុំទៅជាឧស្សាហកម្មអីកើតទេ ឬក៏អគារពាណិជ្ជកម្មដែលខុសពីកន្លែងដែល យើងចង្អុលបង្ហាញ។ ហេតុនេះហើយបានជាសុំឱ្យគាត់ចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត ព្រះសីហនុយើងនេះ ។ ការសាងសង់ដោយអត់ច្បាប់នេះហើយចេះតែនាំឱ្យសំណង់ទាំងអស់នេះវាមានភាពមិនប្រក្រ តី ទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ និងទាំងផ្នែកតំបន់ទៀត ផង។ ដោយសារតំបន់ខ្លះគេមិនឱ្យសង់ទេរោងចក្រ ព្រោះនាំឱ្យនៅពេលក្រោយមានការអភិវឌ្ឍន៍ទីក្រុង តំបន់រោងចក្រ ឧស្សាហកម្មសោះ នាំគ្នាទៅសង់អគារស្នាក់នៅវាអត់ត្រូវ។ ហេតុ នេះទើបឱ្យមានការចូលរួម ដើម្បីឱ្យអាជ្ញាធរខេត្តក៏ដូចជាមន្រ្តីជំនាញ ប្រាប់គាត់ ណែនាំគាត់ បើគាត់សង់អត់ច្បាប់អាជ្ញាធរចុះទៅឃាត់ធ្វើឱ្យខាតបង់ដល់ការសាងសង់ ពេលវេលា ទាំងថវិកាជាដើម>>។

 

នៅក្នុងកិច្ចសម្ភាសន៍នោះដែរ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍លើកឡើងបន្ថែមពាក់ពន្ធ័ទៅនឹងការផ្តល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពល រដ្ឋនៅក្នុងខេត្តទៀតថា៖ បច្ចុប្បន្នក្រុមការងារកម្មវិធីអនុវិស័យដីធ្លីខេត្តព្រះសីហនុ បានបែងចែកជា៥ក្រុង-ស្រុក ២៩ឃុំ-សង្កាត់ ស្មើនឹង១១១ភូមិ គឺ ចាប់ផ្តើមអនុវត្តការងារចុះបញ្ជីដីធ្លីរួម មានការ ចុះបញ្ជីដីធ្លីតាមបទបញ្ជា០១បប និងការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ( Pre-LMAP, LMAP ) បានសរុបចំនួនជិត៩៨.៤០០ ក្បាលដី (៩៨,៣៩៣)។ ក្នុងនោះក្រុមទី១កំពុងអនុវត្តការងារ នៅស្រុកស្ទឹងហាវ, ក្រុមទី២ និងក្រុមទី៤ នៅស្រុកព្រៃនប់ ក្រុមទី៣ នៅស្រុកកំពង់សីលា និងក្រុមទី៥កំពុងអនុវត្តការងារនៅក្រុងព្រះសីហនុ សង្កាត់លេខ១ ស្របតាមផែនការរបស់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្នុងទិសដៅដើម្បីបញ្ចប់ការចុះបញ្ជីដីធ្លីនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ខាងមុខនេះ។ លោក បានបញ្ជាក់ទៀតថា៖ រហូតមកដល់ពេលនេះក្រុមការងារទាំង៥ ធ្វើការវាស់វែងបានចំនួនជិត៣០.៤០០ក្បាលដី (៣០.៣៧១) វិនិច្ឆ័យបានចំនួនជិត២៤ពាន់ក្បាលដី (២៣.៧៣៧) បញ្ចូលទិន្នន័យបានចំនួនជាង ២១ពាន់ក្បាលដី (២១.០០៥) គូរក្បាលដី បានចំនួន ២៩.៥៧០ក្បាលដី បិទផ្សាយនិងបញ្ចប់ការបិទផ្សាយបានចំនួន១៥ភូមិ ស្មើនឹង ១៦.៣៦៩ក្បាលដី និងចេញប័ណ្ណបានចំនួន ១១.៥៦៧ក្បាលដី។

<<សម្រាប់មន្ទីរបង្កើត៥ក្រុម សម្រាប់បច្ចុប្បន្នគឺថាធ្វើម៉េចដើម្បីជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងខេត្តក្រុងស្រុក និងតាមបណ្តាឃុំសង្កាត់ ធ្វើយ៉ាងណាឱ្យមានកម្មសិទ្ធស្របច្បាប់ដើម្បីជួយកាត់បន្ថយវិវាទដីធ្លី ជួយបង្កើនដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើង ហើយនឹងជួយទៅដល់ការគ្រប់គ្រងនូវក្បាលដីទាំងអស់ សម្រាប់ងាយស្រួលក្នុងការគ្រប់គ្រងដល់មន្រ្តីជំនាញក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ច ចៀសវាងការកាន់កាប់ដីពុំមានឯកសារច្បាស់លាស់ ពុំមានទីតាំងជាក់លាក់>>។

សារធារណជនបានជ្រាបហើយថាកន្លងមកទោះបីការចុះបញ្ជីដាច់ដោយដុំដូចគ្នាក៏ពិតមែន ប៉ុន្តែអត់មាននិយាមការ អត់មានការវាស់វែងដោយម៉ាស៊ីនទំនើបនោះទេ រហូតមកដល់ខែមករា ឆ្នាំ២០១៩ទើបមានការរក្សាទុក នៅក្នុងប្រពន្ធ័កុំព្យូទ័រ ដែលធ្វើឱ្យទិន្នន័យក្បាលដីទាំងអស់ មានសុក្រិត្យភាពច្បាស់លាស់ជាងការចុះបញ្ជីដាច់ដោយដុំកាលពី ពេលកន្លងទៅ។

លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបានមានប្រសាសន៍លើកឡើងបញ្ជាក់ថា៖ ការចុះបញ្ជីដាច់ដោយដុំ ការចុះបញ្ជីមានលក្ខណៈជាប្រពន្ធ័ ក៏ដូចជាការចុះបញ្ជីដីបន្តនេះ គឺមន្រ្តីជំនាញបានខិតខំធ្វើការចុះបញ្ជី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋឱ្យដំណើរការទាន់ពេលវេលា មិនឱ្យមានការរាំងស្ទះនោះឡើយ។ ដូចនេះលោកអំពាវនាវសូមឱ្យបងប្អូនជាម្ចាស់ក្បាលដីទាំងអស់ ដែលខ្វះខាតឯកសារឬចង់បញ្ជាក់អត្តសញ្ញាណដី សូមឱ្យមានការចូលរួមសហការជាមួយគណៈកម្មការ ដើម្បីក្រុមការងារបញ្ជាក់បង្ហាញ និងបំពេញនូវឯកសារពាក់ពន្ធ័ផ្សេងៗ ទៅលើការកាន់កាប់ដី បានឆាប់រហ័សទាំងអស់គ្នា ដើម្បីក្រុមការងាររដ្ឋបាលដីធ្លីធ្វើការកំណត់នូវសិទ្ធ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធជូនបងប្អូនឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា។

<< ហើយក៏សូមឱ្យមានការចូលរួមបើមានដីនៅក្នុងតំបន់ដែលគេប្រកាស តំបន់វិនិច្ឆ័យនោះ សូមឱ្យមានការរួសរាន់នៅជិត នៅឆ្ងាយក្តី គឺត្រូវតែមកបំពេញទិន្នន័យ ហើយទោះបីថាមានប័ណ្ណសម្គាល់សិទ្ធប្រើប្រាស់ដីធ្លីក្តី ប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្តុក្តី គឺត្រូវតែមកចូលរួមដើម្បីប្តូរយកនូវវិញ្ញាបត្រសម្គាល់អចលនវត្ថុ ដែលជាប័ណ្ណកម្មសិទ្ធចុងក្រោយនេះ។ ដូចនេះកុំអាងថាមានប័ណ្ណសម្គាល់សិទ្ធហើយ ខ្ញុំមិនបាច់មកទៀតទេ អត់ត្រូវទេនោះជាប័ណ្ណភោគ ហើយសូមឱ្យម្ចាស់ក្បាលដី ម្ចាស់សិទ្ធទាំងអស់នោះមកចូលរួមបំពេញទិន្នន័យ ដើម្បីចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធ័ឱ្យបានចេញជាវិញ្ញាបនបត្រសម្គាល់អចលនវត្ថុទើបបានចប់>>។

ស្របពេលដែលបច្ចុប្បន្នខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនោះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត មានផែនការគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេស និងគំរូ ពហុបំណង ដោយសិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃក្របខណ្ឌរូបវ័ន្ត សេដ្ឋកិច្ចសង្គម និងបរិស្ថាន តាមរយៈការប្រមូលទិន្នន័យ សម្រង់ទិន្នន័យ និងការវិភាគទិន្នន័យ ដើម្បីកំណត់សក្ដានុពល និងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងទិសដៅដំណោះស្រាយអំពីរដ្ឋបាលដីធ្លី ។មិនតែប៉ុណ្ណោះការរៀបចំដែនដីនគរូបនីយកម្ម ការប្រើប្រាស់ដី ការគ្រប់គ្រងនិងការអភិវឌ្ឍន៍វិស័យសំណង់ រួមជាមួយវិស័យពាក់ព័ន្ធនិងការគ្រប់គ្រង ការប្រើ ប្រាស់ដីធ្លី ដែលត្រូវធ្វើសមាហរណកម្ម ដើម្បីធ្វើការព្យាករណ៍សូចនាករគន្លឹះ នៅក្នុងការ សម្រេចចក្ខុវិស័យឆ្នាំ២០៣៣ នៃគោលនយោបាយគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសនិងគំរូពហុបំណង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook