Connect with us

ព័ត៌មានអន្តរជាតិ

លោក ត្រាំ អាចនឹងដាក់ទណ្ឌកម្មថ្មី​លើក្រុមហ៊ុនចិនចំនួន ២០ ក្នុងនោះក៏មាន Huawei ផងដែរ

Photo: Shutterstock

(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានកំណត់ថា ក្រុមហ៊ុនកំពូលៗរបស់ចិនដូចជា Huawei និងក្រុមហ៊ុនផលិតកាមេរ៉ាសុវត្ថិភាព Hikvision ជាដើម គឺជាក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាចិន ហើយគ្រោងនឹងដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មី ប្រឆាំងនឹងក្រុមហ៊ុនទាំងនេះ។ នេះបើយោងតាមឯកសារដែល​ទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន និងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រីការពារជាតិអាមេរិកម្នាក់និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ពីភាពត្រឹមត្រូវនៃឯកសារនេះ ហើយថែមទាំងបានបញ្ជាក់ទៀតថា ឯកសារទាំងនោះត្រូវបានបញ្ជូនទៅកាន់សភាអាមេរិករួចហើយ ដើម្បីត្រួតពិនិត្យ និងចាត់វិធានការ។

Reuters ដែលបានរាយការណ៍ព័ត៌មាននេះមុនគេ បានបញ្ជាក់ទៀតថា មានបញ្ជីឈ្មោះក្រុមហ៊ុនចំនួន ២០ ដែលក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធ ឬគាំទ្រដោយយោធាចិន ដែលកំពុងប្រតិបត្តិការនៅលើទឹកដីសហរដ្ឋអាមេរិក។ ក្រៅពីក្រុមហ៊ុន Huawei និងក្រុមហ៊ុន Hikvision គេក៏ឃើញមានក្រុមហ៊ុនរបស់ចិនមួយចំនួនទៀតផងដែរ តួយ៉ាងដូចជា ក្រុមហ៊ុន China Mobile Communications Group និងក្រុមហ៊ុន China Telecommunications Corp ក៏ដូចជាក្រុមហ៊ុនផលិតយន្តហោះ Aviation Industry Corp ផងដែរ។

គួរជម្រាបថា កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានសម្រេចដាក់ក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដោយយោងលើបញ្ហាចំពោះសន្តិសុខជាតិ ហើយថែមទាំងបានដឹកនាំយុទ្ធនាការអន្តរជាតិ ដើម្បីបញ្ចុះបញ្ចូលប្រទេសសម្ព័ន្ធរបស់ខ្លួន កុំឲ្យទទួលយកប្រព័ន្ធ 5G របស់ចិនទៅប្រើប្រាស់ទៀតផង ប៉ុន្តែចេតនារបស់អាមេរិកនេះ​មិនបានសម្រេចនោះឡើយ។ ក្រុមហ៊ុន Huawei នៅតែបន្តប្រតិបត្តិការរបស់ខ្លួន​និងបានធានាពីភាពស្អាតស្អំ ខណៈប្រទេសធំៗដូចជា អង់គ្លេស អាល្លឺម៉ង់ និងមួយចំនួនទៀតនៅអាស៊ី​នៅតែបន្តគំរោង 5G ជាមួយក្រុមហ៊ុនចិននេះដដែល៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook