ស្ទឹងត្រែង៖ រដ្ឋបាលជលផលរួមជាមួយអង្គការដៃគូរៀបចំយន្តការពង្រឹងកម្លាំងអភិរក្ស សត្វផ្សោតនៅទន្លេមេគង្គលើ ដើម្បីឱ្យមានកំណើនឡើងវិញ សម្រាប់បម្រើឱ្យវិស័យទេស ចរណ៍ ព្រោះពេលភ្ញៀវមក ដល់ខេត្តក្រចេះនិងខេត្តស្ទឹង ត្រែងតែងចង់ឃើញសត្វផ្សោតដ៏កម្រនេះ។
ក្នុងសិក្ខាសាលាដាក់ឱ្យដំណើរការគម្រោងការកសាងសមត្ថភាពរបស់សមាជិកនៃប្រទេសតាមដងទន្លេមេគង្គ ដើម្បីការពារសត្វផ្សោតទឹក សាប សម្រាប់ខេត្តស្ទឹងត្រែងនិងខេត្តក្រចេះកាលពីថ្ងៃទី ១៨ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មាន ប្រសាសន៍ថា ចាប់ពីឆ្នាំ ២០២២នេះទៅ យើងត្រូវបង្កើនយន្តការអភិរក្សសត្វផ្សោតនៅទន្លេមេគង្គលើ ខេត្ត ក្រចេះនិងខេត្តស្ទឹងត្រែងឱ្យកាន់តែមានប្រសិទ្ធភាព ។

ឯកឧត្តម មានប្រសាសន៍បន្តថា៖កិច្ចការងារអភិរក្ស អាជ្ញាធរមូលដ្ឋាន មន្ត្រីខណ្ឌជលផល មន្ត្រីឆ្មាំ និងប្រជាសហគមន៍នេសាទ នៃខេត្តទាំងពីរក្រចេះ ស្ទឹងត្រែង ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា អភិរក្សសត្វផ្សោតដែលនៅសេសសល់ ឱ្យស្ថិត នៅគង់វង្សនិងទុកឱ្យវាមាន កូនតពូជពង្សបន្តទៅទៀត។
លោកប៉ុក ពន្លក នាយខណ្ឌជលផលក្រចេះបានបញ្ជាក់ថា តាមការកត់សម្គាល់សត្វផ្សោតនៅអន្លង់កាំពីមានកូនជាហូរហែក្នុងមួយឆ្នាំៗ តែកូនតូចៗនេះវាចេះតែស្លាប់ទៅ វិញ ហើយមន្ត្រីជំនាញបានស្រាវជ្រាវរកមូលហេតុផងដែរ ដើម្បីកំណត់យន្តការអភិរក្ស។
លោកបន្តថា៖បច្ចុប្បន្នខណ្ឌជលផលខេត្តក្រចេះបានដាក់កម្លាំងអភិរក្សនិងឆ្មាំប្រចាំ ការចំនួន១១កន្លែងចាប់ពីចំណុចកាំពីទៅដល់ស្រុក សម្បូរជាប់តំបន់ភូមិសាស្ត្រទឹកដីស្ទឹងត្រែង ដែលមានកម្លាំងសរុបជាង៤០នាក់នៅតាមដងទន្លេមេគង្គ។

លោកស្រី សុវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងថា៖ នៅតាមដងទន្លេមេគង្គលើស្ទឹងត្រែង ក៏បានដាក់កម្លាំង ឆ្មាំប្រចាំការដូចគ្នា ដោយសហការជាមួយមន្ត្រី ប៉ុស្តិ៍រដ្ឋបាលឃុំ នៅតាមអន្លង់អភិរក្សសត្វផ្សោតនៅខេត្តស្ទឹងត្រែងមានចំនួន៣ កន្លែងផ្សេងទៀតបន្ទាប់ពីនៅអន្លង់កោះឈើទាលសត្វផ្សោតបានស្លាប់អស់កាលពីដើមឆ្នាំ ២០២២កន្លងមក។សូមបញ្ជាក់ថា៖សត្វផ្សោតនៅទន្លេមេគង្គលើមានចំនួនសរុបប្រមាណចំនួន៨០ទៅ ៩០ក្បាលតែប៉ុណ្ណោះ ។ ក្នុងនោះនៅខេត្តក្រចេះមានអន្លង់ផ្សោតកាំពី – កោះរងាវ- កោះផ្តៅ-ខ្សាច់ម្កាក់- និងកោះដំបង មានប្រមាណ៦០ ក្បាល ចំណែកនៅខេត្តស្ទឹងត្រែង នៅអន្លង់់ កោះត្បូងខ្លា-កោះកាំងកូនសត្វ -និងកោះសន្ទក់ ក្នុងស្រុកសៀម បូក មានប្រមាណ២៩ក្បាលតែប៉ុណ្ណោះ ព្រោះសត្វផ្សោតនៅអន្លង់កោះឈើទាលបានស្លាប់អស់ទៅហើយ៕