(ក្រុងបាងកក)៖ លោក នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារទី១៩កក្កដាបានខិតខំការពារខ្លួនទល់នឹងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយនិងការគ្រប់គ្រងសេដ្ឋកិច្ចខុស នៅក្នុងការជជែកសួរដេញដោលពីក្រុមសមាជិកសភាប្រឆាំងនេះតាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹក ថ្ងៃ ពុធ ទី ២០ ខែ កក្កដាឆ្នាំ ២០២២។ គួររំលឹកថា មុនការបោះឆ្នោតសម្តែងការមិនទុកចិត្តរដ្ឋាភិបាលរបស់លោកនៅពេលក្រុមប្រឆាំងព្យាយាមធ្វើអោយខូចឈ្មោះរបស់លោកខណៈការបោះឆ្នោតសកលមួយនឹងចូលមកដល់នៅ១១ខែទៀត។
ប្រាយុទ្ធ អាយុ៦៨ឆ្នាំ ជាមេទ័ពចូលនិវត្តន៍ដែលបានឡើងកាន់អំណាចដំបូងតាមរយៈរដ្ឋប្រហារមួយកាលពីប្រាំបីឆ្នាំមុន។លោកបានរួចផុតនិងបន្តកាន់តំណែងនៅក្នុងការជជីកសួរដេញដោលនិងបោះឆ្នោតសម្តែងការមិនទុកចិត្តចំនួនបីលើកមកហើយចាប់តាំងពីលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩។
ពួកអ្នកវិភាគនិយាយថា ក្រុមចំរុះ១៧គណបក្សរបស់លោកដែលមានសម្លេងភាគច្រើនក្នុងសភា២៥៣ ទល់នឹងក្រុមប្រឆាំង២០៨សម្លេងនឹងអាចអោយលោករួចផុតពីការបោះឆ្នោតទម្លាក់នៅលើកនេះទៀតទោះជាការស្ទង់មតិបង្ហាញថាប្រជាប្រិយភាពរបស់លោកធ្លាក់ចុះក្តី។
លោកប្រាយុទ្ធក៏ជួបការប្រឈមមកពីសមាជិកសភាឧទ្ទាម១៦នាក់ ដែលមុននេះក្នុងឆ្នាំនេះត្រូវបានបណ្តេញចេញពីគណបក្សកាន់អំណាច ហើយពួកគេប្តេជ្ញាបោះឆ្នោតគាំទ្រក្រុមប្រឆាំង។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្នុងគណរដ្ឋមន្ត្រីចំនួនដប់រូបក៏ត្រូវសភាហៅមកសួរដេញដោលដែលដំណើរការនេះអាចនឹងបន្តធ្វើរហូតដល់ថ្ងៃសុក្រ និងការបោះឆ្នោតសម្តែងការមិនទុកចិត្តទំនងជានឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍។
ឆុនឡាណាន ស្រ៊ីកែវ( Chonlanan Srikaew)មេដឹកនាំប្លុកប្រឆាំង បានប្រាប់សភាថា« កាន់អំណាចប្រាំបីឆ្នាំមកនេះ លោកនាយករដ្ឋមន្ត្រីខកខានក្នុងការដោះស្រាយបញ្ហារបស់ប្រទេស បរាជ័យក្នុងការបង្កើតកំណើនឬធ្វើអោយសុខុមាលភាពរបស់ប្រជាជនល្អប្រសើរឡើង។ផ្ទុយទៅវិញ គាត់បានបង្កើតបញ្ហាថែម ជាពិសេសរឿងពុករលួយ»។
ទោះជាយ៉ាងណា លោកប្រាយុទ្ធបានច្រានចោលការចោទប្រកាន់ខាងលើ ដោយលោកនិយាយថារដ្ឋាភិបាលបានដោះស្រាយបញ្ហាជាច្រើន រួមមានការធ្វើអោយវិស័យទេសចរណ៍មានជីវិតឡើងវិញនិងផ្តល់វិធានការណ៍ហិរញ្ញវត្ថុដើម្បីដោះស្រាយការលំបាករបស់ប្រជាជនបង្កឡើងដោយជំងឺឆ្លងកូវីដ។
ក្នុងពេលជាមួយគ្នា ក្រុមតវ៉ាប្រឆាំងដឹកនាំដោយពួកយុវជន ក៏មានផែនការធ្វើការជួបជុំនៅក្រៅសភាក្នុងពេលមានការជជីកសួរដេញដោលសមាជិករដ្ឋាភិបាលដើម្បីដាក់សម្ពាធលើនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីរបស់លោក៕





