Connect with us

ព័ត៌មានទាន់ហេតុការណ៍

មហាសេដ្ឋី Jack Ma ត្រូវគេសង្ស័យថា បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ក្រោយមិនឃើញបង្ហាញវត្តមានអស់២ខែមកហើយ

ប្រទេសចិន៖ ការបាត់ខ្លួនពីវេទិការសាធារណៈរបស់លោកមហាសេដ្ឋីចិន Jack Ma បានកំពុងតែក្លាយជាប្រធានក្តៅសម្រាប់សារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក។ បើយោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា គិតមកទល់នឹងពេលនេះគឺមានរយៈពេល ២​ ខែហើយ ដែលគេមិនបានឃើញអតីតប្រធានក្រុមហ៊ុនលក់ទំនិញ Online ដ៏ធំរបស់ចិនរូបនេះបង្ហាញខ្លួនជាសាធារណៈតាមអ្វីដែលជាការគ្រោងទុករបស់គាត់។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺលោក Jack Ma ត្រូវមានវត្តមាននៅក្នុងកម្មវិធីបង្ហាញទេពកោសល្យរបស់ស្ថានីយ៍ទូរទស្សន៍មួយដែលលោកបាន​បង្កើតឡើង ហើយរូបលោកផ្ទាល់នឹងត្រូវធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីនោះ យ៉ាងណាក្តីតំណែងជាគណៈកម្មការនេះត្រូវបានផ្លាស់ប្តូរជំនួសមកវិញនូវត្តមានរបស់លោក Lucy Peng ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba នាពេលបច្ចុប្បន្ន។

ជាងនេះទៀតរូបថតរបស់លោក Jack Ma ដែលត្រូវបានប្រើប្រាស់នៅក្នុងគេហទំព័រផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយនេះក៏ត្រូវបានគេលុបចេញដែរ ខណៈប្រភពដែលអាចជឿជាក់បានជាច្រើនទៀតបានបញ្ជាក់ថា លោក Jack Ma នឹងបន្តអវត្តមានក្នុងវិធីសាធារណៈជាច្រើនទៀតព្រោះតែរូបលោកមានការជាប់រវល់ជាន់ពេលគ្នា។

ការបាត់ខ្លួនរបស់បុគ្គលដែលមានឥទ្ធិពលរូបនេះបានធ្វើឲ្យសាធារណៈជនមានការភ្ញាក់ផ្អើលជាខ្លាំង រហូតធ្វើឲ្យគេគិតដល់ពីកត្តាសុវត្ថិភាពរបស់គាត់ដោយបារម្ភថា គាត់អាចនឹងត្រូវគេចាប់ខ្លួនព្រោះតែគាត់ធ្លាប់បានធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះធនាគាររដ្ឋចិនជាច្រើនកាលពីពេលថ្មីៗនេះ។ គេនៅចាំបានថា កាលពីថ្ងៃទី ២៤ តុលា ឆ្នាំ ២០២០ កន្លងទៅ លោក Jack Ma បានរិះគន់ប្រព័ន្ធធនាគារចិនថា ហួសសម័យដើរមិនទាន់សម័យកាលបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងមិនមែនជាជម្រើសម្រាប់យុវជនជំនាន់ថ្មីប្រើប្រាស់នោះទេ។ លោ Jack Ma ថែមទាំងបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលចិនធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធធនាគារដែលជាកេរ្តិ៍ដំណែលនៃយុគសម័យឧស្សាហកម្មជំនាន់មុននេះទៀតផង។

ការរិះគន់នេះបានកើតឡើងស្របពេលដែលក្រុមហ៊ុនផ្តល់សេវាហិរញ្ញាវត្ថុមួយរបស់លោក Jack Ma កំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមពលរដ្ឋចិន ដែលក្រុមហ៊ុននោះមានឈ្មោះថា  Ant Group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba និងមានតម្លៃជាទឹកប្រាក់ប្រមាណជា ៣៧ ពាន់លានដុល្លារអាមេរិក។ កន្លងមកក្រុមហ៊ុន Ant Group ក៏ធ្លាប់មានរឿងចម្រូងសម្រាសជាមួយនឹងធនាគាររដ្ឋចិនដែរ ដោយក្រុមធនាគាររដ្ឋចិនបានចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះបានលួចការងាររបស់ពួកគេ និងថែមទាំងបានស្នើទៅរដ្ឋាភិបាលចិនឲ្យផ្អាកដំណើការលក់ភាគហ៊ុនដំបូងរបស់ក្រុមហ៊ុនមួយនេះទៀងផង។ ដោយផ្អែកលើរឿងរ៉ាវចម្រូងសម្រាសខាងលើនេះហើយទើបគេសង្ស័យថា លោក Jack Ma អាចកំពុងតែមានបញ្ហាអសុវត្ថិភាពណាមួយ ឬត្រូវគេចាប់ខ្លួនដូចករណីលោកមហាសេដ្ឋី Ren Zhiqiang ដែរ ដែលត្រូវបានអាជ្ញាធរចិនចាប់ខ្លួនបន្ទាប់ពីគាត់បានធ្វើការរិះគន់ចំពោះរដ្ឋាភិបាលចិនយ៉ាងចាស់ដៃ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook