(វ៉ាស៊ីនតោន) ៖ ប៉ូលិសអាមេរិកបាននិយាយថា យ៉ាងហោចណាស់សមាជិកសភាបក្សប្រជាធិបតេយ្យ ១៧ នាក់ រួមទាំងតំណាងរាស្ត្រល្បីលេចធ្លោ អាឡិចស៊ែនឌ្រៀ អូកាស៊ីអូ ខតថេស (Alexandria Ocasio-Cortez) និង អ៊ីលហាន អូម៉ា (Ilhan Omar)ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាអំពីសិទ្ធិរំលូតកូននៅខាងក្រៅតុលាការកំពូលក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារទី១៩កក្កដា។ នេះតាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី២១ ខែ កក្កដាឆ្នាំ ២០២២។
គួររំលឹក ប៉ូលិសការពារវិមានកាពីតូលអាម៉េរិកបាននិយាយនៅលើ Twitterថា ក្រុមបាតុករបានបិទចរាចរណ៍នៅលើផ្លូវក្បែរនោះ ហើយត្រូវបានផ្តល់ការព្រមានចំនួនបីលើកមុនពេលក្រុមមន្ត្រីធ្វើការចាប់ខ្លួន។
ប៉ូលិសដដែលបាននិយាយថា “យើងបានធ្វើការចាប់ខ្លួនមនុស្សសរុបចំនួន ៣៥ នាក់ពីបទនាំឱ្យមានមនុស្សណែនកកកុញ រារាំងរំខាន ឬ បិទផ្លូវចេញចូល។ ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនក៏មានសមាជិកសភា ១៧ នាក់ផងដែរ”។
សូមរំលឹកផងដែរថាក្រុមបាតុកម្មតូចនេះបានកើតឡើងបីសប្តាហ៍បន្ទាប់ពីសេចក្តីសម្រេចដ៏ចម្រូងចម្រាសដោយតុលាការកំពូលដែលបានលុបចោលសេចក្តីសម្រេចដ៏សំខាន់នៅឆ្នាំ ១៩៧៣ ហៅថា Roe v. Wadeដែលបានធានាសិទ្ធិរបស់ស្ត្រីក្នុងការរំលូតកូន។
បើតាមប្រសាសន៍ លោកស្រីអូម៉ា តំណាងរាស្ត្រមកពីរដ្ឋមីនីសូតា បាននិយាយនៅលើ Twitter ថា “ថ្ងៃនេះខ្ញុំត្រូវបានចាប់ខ្លួនខណៈចូលរួមក្នុងសកម្មភាពបដិសេធច្បាប់រដ្ឋជាមួយសមាជិកសភារបស់ខ្ញុំនៅខាងក្រៅតុលាការកំពូល”។
ដោយលោកស្រីបានសរសេរលើ Twitter ថា “ខ្ញុំនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមអំណាចរបស់ខ្ញុំដើម្បីបង្កើនការយល់ដឹងអំពីការរំលោភលើសិទ្ធិបន្តពូជរបស់ពួកយើង!”។
តំណាងរាស្ត្រ ខារ៉ូលីន ម៉ាឡូនី (Carolyn Maloney) នៃរដ្ឋញូវយ៉ក ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា “គ្មានលទ្ធិប្រជាធិបតេយ្យទេប្រសិនបើស្ត្រីមិនមានការគ្រប់គ្រងលើរាងកាយរបស់ពួកនាង និងការសម្រេចចិត្តអំពីសុខភាពរបស់ពួកនាង រួមទាំងការថែទាំផ្នែកបន្តពូជ”។
សូមបញ្ជាក់ថា “គណបក្សសាធារណរដ្ឋនិងពួកស្តាំនិយមជ្រុលនៅពីក្រោយការសម្រេចចិត្តនេះ មិនបានគាំទ្រជីវិតទេ ប៉ុន្តែគាំទ្រដល់ការគ្រប់គ្រងរាងកាយរបស់ស្ត្រី កុមារី និងបុគ្គលណា ដែលអាចមានផ្ទៃពោះបាន”។
វីដេអូពីការតវ៉ាបានបង្ហាញ លោកស្រីខតថេស លោកស្រីអូម៉ា និងអ្នកផ្សេងទៀតត្រូវបាននាំចេញទៅឆ្ងាយ តែមិនជាប់ខ្នោះទេ ហើយគ្រវីដៃទៅកាន់អ្នកគាំទ្រ៕



