លោក វ៉ាង វិនប៊ីន (Wang Wenbin) បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថាកងកម្លាំងកាន់កាប់របស់សហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះ បានផ្ទេរប្រេងដែលលួចពីប្រទេសស៊ីរីទៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយក្រុមមន្ត្រីស៊ីរីបានថ្កោលទោសសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តរបស់ខ្លួនថាប្រព្រឹត្តដូចចោរប្លន់។
លោកវ៉ាងបាននិយាយថា ៩០ភាគរយនៃប្រជាជនស៊ីរីបច្ចុប្បន្នកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ពីរភាគបីនៃប្រជាជនពឹងផ្អែកលើជំនួយមនុស្សធម៌ និងជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបទទួលរងពីអសន្តិសុខស្បៀង។
ហើយយោធាអាម៉េរិកនៅតែបន្តកាន់កាប់តំបន់ផលិតគ្រាប់ធញ្ញជាតិនិងប្រេងសំខាន់ៗក្នុងប្រទេសស៊ីរី ដោយបានលួចនិងប្លន់យកធនធានជាតិរបស់ស៊ីរីដែលធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែអាក្រក់ទៅៗ ដោយបន្ថែមថា ប្រជាជនស៊ីរីមួយចំនួនបានពណ៌នាវត្តមានរបស់អាម៉េរិកនៅក្នុងប្រទេសស៊ីរីជាទម្រង់នៃអំពើភេរវកម្ម សហរដ្ឋអាម៉េរិកតែងតែអួតអំពីស្តង់ដារខ្ពស់បំផុតរបស់ខ្លួនស្តីពីសិទ្ធិមនុស្សនិងនីតិរដ្ឋ ប៉ុន្តែសកម្មភាពរបស់អាម៉េរិកនៅក្នុងប្រទេសស៊ីរីបង្ហាញថាប្រទេសនេះពិតជាបរាជ័យក្នុងទិដ្ឋភាពទាំងនេះ។
លោកវ៉ាងបានបន្តទៀតថា សហរដ្ឋអាម៉េរិកគួរតែគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ស៊ីរី ឆ្លើយតបនឹងការអំពាវនាវរបស់ប្រជាជនស៊ីរី លុបចោលទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងស៊ីរីជាបន្ទាន់ បញ្ឈប់ការប្លន់យកធនធានជាតិរបស់ស៊ីរីជាបន្ទាន់ និងបំពេញការខូចខាតដែលបង្កឡើងដល់ប្រជាជនស៊ីរីជាមួយនឹងសកម្មភាពរឹងមាំ៕


