Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន៩០​ភាគរយ គិតត្រឹមខែមករា ឆ្នាំ២០២១នេះ ហើយនឹងបញ្ចប់មុនការ​គ្រោងទុកមួយឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោង​សាងសង់ផ្លូវជាតិលេខ៣ ចោមចៅ-បែកគុស-ទីរួមខេត្តកំពត សម្រេច​បាន៩០​ភាគរយ គិតត្រឹមខែមករា ឆ្នាំ២០២១នេះ នឹងបញ្ចប់មុនការ​គ្រោងទុកមួយឆ្នាំ គឺបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ (មុនកាលកំណត់រយៈពេលមួយឆ្នាំ) ដោយសារមានកិច្ច​សហការល្អរវាងភាគីពាក់ព័ន្ធ និងការខិតខំរបស់ក្រុមហ៊ុន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋ​មន្រ្ដីនេះក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត ដោយមានការចូលរួមពី​មន្ត្រីជំនាញ អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ កាលពីថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមក្រសួងសាធាណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានលើកឡើងថា ការចុះពិនិត្យនេះធ្វើឡើងក្នុង​គោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃ​ការ​សាងសង់ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស គោរពតាមបទដ្ឋាន​បច្ចេក​ទេស និងសៀវភៅបន្ទុក ដែល​បាន​កំណត់ដែរ ឬយ៉ាងណាក៏ដូចជាដើម្បីស្វែងរក​ដំណោះ​ស្រាយ និងផ្ដល់អនុសាសន៍ដល់​ភាគីសាងសង់ផ្លូវនេះ សំដៅឱ្យការសាងសង់ផ្លូវកាន់​តែមានគុណភាពថែមទៀត។ ឯកឧត្ដម​ទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវជាតិលេខ៣ គឺត្រូវតែអនុវត្តន៍តាមស្តង់ដារ​បច្ចេក​ទេសសាងសង់ គុណភាពសំណង់ និងស្តង់ដារសុវត្ថិភាព ដោយបំពាក់ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់ឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ការបើករបាំង​សម្រាប់បត់ត្រឡប់ក្រោយ (U-Turn) និងស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅ​តាម​ទីតាំងចាំបាច់ និងស្របតាមបច្ចេកទេសជាដើម ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមា​ដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាច​ធ្វើ​បាន។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដថា ក្រសួងគ្រោងបំពាក់ជញ្ជីងលើជញ្ជីងដែលមានស្រាប់ ដើម្បីឱ្យមានស្ថានីយជញ្ជីងនៅសងខាងផ្លូវទាំងពីរ សំដៅសម្រួលដល់ការធ្វើចរាចរណ៍ និង​ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃច្បាប់។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញ​ទៅ​ក្រុងកំពត ដែលមានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីក​ទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែក​ចេញ​ជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង​៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារ​អាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹង​ថវិកា​​បដិ​ភាគ​​របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​សំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើ​ប្រាស់​រយៈពេលសាងសង់៤៨ខែ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook