Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្តម វ៉ាត់ ចំរើន៖ សហព័ន្ធជាតិ ត្រូវមានទំនួលខុសត្រូវខ្ពស់ ក្រោយ SEAGF អនុម័តប្រភេទកីឡាក្នុងស៊ីហ្គេម ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា សហព័ន្ធកីឡាជាតិទាំងអស់ លែងស្រពេចស្រពិលរឿងមាន ឬមិនមានឈ្មោះក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយ បន្ទាប់ពីក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានអនុម័តប្រភេទកីឡាសម្រាប់ស៊ីហ្គេមនៅកម្ពុជា ក្នុងកិច្ចប្រជុំកាលពីថ្មីៗនេះ។

ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញឲ្យសហព័ន្ធកីឡាជាតិ ត្រូវអនុវត្តតួនាទីភារកិច្ច និងត្រូវមានទំនួលខុសត្រូវខ្ពស់បំផុត តាមសហព័ន្ធរៀងៗខ្លួន ដើម្បីធានាបាននូវការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ សម្រាប់ត្រៀមទទួលធ្វើម្ចាស់ផ្ទះប្រកបដោយឧត្តមភាពនាឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំ ជាមួយសហព័ន្ធកីឡាជាតិ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមបន្ដថា ការកោះប្រជុំនេះ ដើម្បីជូនដំណឹងពីការកំណត់ប្រភេទកីឡា របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងដាក់ទិសដៅឲ្យសហព័ន្ធជាតិបានរៀបចំខ្លួន។ ក្នុងនោះ ក៏មានការចូលរួមពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការរង CAMSOC និងឯកឧត្តម វ៉ាហេង ដាវុធ អនុប្រធានប្រចាំការគណៈកម្មការទីលាន ដែលជាអ្នកជំនាញដឹកនាំ គ្រប់គ្រង និងរៀបចំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីផ្ដល់នូវទំនុកចិត្តបន្ថែមផងដែរ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «ការដែលយើងធ្វើការជាមួយសហព័ន្ធជាតិនេះ ក៏ដោយសារយើងឃើញនៅមានអ្វីដែលមិនទាន់សម្រេចគ្នា អ្វីដែលមិនទាន់ច្បាស់លាស់ ព្រោះមុននឹងការសម្រេចរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ សហព័ន្ធនីមួយៗ នៅមានភាពស្រពេចស្រពិលនៅឡើយថា ខ្លួនមានឈ្មោះក្នុងការប្រកួតអត់? មានប្រភេទកីឡាខ្លួនអត់? មានវិញ្ញាសាខ្លួនអត់? តែឥឡូវនេះ បានន័យថា មានភាពច្បាស់លាស់អស់ហើយ ថាខ្លួនត្រូវចូលរួមប្រកួត»។

«ដូច្នេះសហព័ន្ធកីឡាជាតិ ត្រូវត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយ ហើយនិងបែងចែកភារកិច្ចគ្នាឲ្យបានច្បាស់លាស់ តើសហព័ន្ធធ្វើអ្វីខ្លះ? សហការធ្វើអ្វីខ្លះ? សហព័ន្ធទាំងអស់ ត្រូវមានតួនាទីភារកិច្ចទទួលខុសត្រូវឲ្យបានគត់មត់ ហើយចាប់ពីឥឡូវទៅ សហព័ន្ធកីឡាជាតិ គាត់ត្រូវធ្វើការឲ្យបានជាក់លាក់។ អ៊ីចឹង អ្វីដែលជាកិច្ចប្រជុំ យើងបានបែងចែកឲ្យច្បាស់នូវតួនាទីភារកិច្ចនេះ នូវអ្វីដែលត្រូវធ្វើ អ្វីដែលមិនត្រូវធ្វើ»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។

ចំពោះការជជែកអំពីការរៀបចំយុទ្ធសាស្ដ្រសម្រាប់ការប្រកួត ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តមអគ្គលេខាធិការ បានស្នើឲ្យសហព័ន្ធសាមី ត្រូវរក្សានូវការសម្ងាត់ក្នុងផ្នែកបច្ចេកទេសរៀងៗខ្លួន ហើយបន្ដធ្វើយុទ្ធសាស្ដ្រស៊ីជម្រៅក្នុងការងារបច្ចេកទេសនេះឲ្យបានកាន់តែល្អប្រសើរ ដើម្បីស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ដ្រ នៅកម្ពុជា នាឆ្នាំ២០២៣។

សូមរំឮកថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញ ដែលទើបបញ្ចប់កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ បានសម្រេចលើកីឡា ៣៩ប្រភេទ បូកជាមួយកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook