Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចដកហូតយកផ្ទៃដីបឹងតាមោកប្រមាណជាង​៦០​ហិ​ក​តា ត្រឡប់មកវិញ

រាជធានីភ្នំពេញ៖ យោង​តាម ​សណ​ជ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី ៤ ខែមករា ​ឆ្នាំ​២០២១ និង​ចុះហត្ថលេខា​ដោយ​បណ្ឌិត​សភាចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី បានឲ្យដឹងថា ផ្ទៃ​បឹង​តា​មោក​ប្រមាណ​ជាង​៦០​ហិ​កតា ​ដែល​គ្រោង​លុប​បំពេញ​កន្លង​មក​សម្រាប់​​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ៗ​តាម​ការ​ស្នើ​សុំ​របស់​ស្ថាប័ន​មួយ​ចំនួន​នោះ ពេល​នេះ​ត្រូវ​រាជ​រដ្ឋាភិបាល​សម្រេច​ដកហូត​យក​មក​វិញ​ហើយ។

ការ​សម្រេច​លុប​ចោល ​និង​ហូត​ដី​បឹង​តា​មោក​យក​មក​វិញ គឺ៖

១- ដី​បឹង​តា​មោក​ទំហំ ១៥ ហិ​កតា​ស្ថិត​នៅ​ខណ្ឌ​ព្រែក​ព្នៅ សម្រាប់​សង់​អាគារ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​,

២- និរាករណ៍ លិខិត​ចុះ​ថ្ងៃ​ទី ៨ ខែតុលា​ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តី​ពី​ការ​សុំ​ការ​អនុញ្ញាត​ដោះ​ដូរ​ទីតាំង​អគារ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ និង​ដី​ទំហំ ១៥,៣៣ ហិត​កា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជាមួយ ក្រុមហ៊ុន ធី​ភី ម៉ូ​រ៉ា​ល់ គ្រុប ឯ​.​ក ។

៣- និរាករណ៍​លិខិត​ចុះ​ថ្ងៃ​ទី ១៤ ​ខែកញ្ញា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តី​ពី​ការ​សុំ​អនុ​ញ្ញាត​ដោះ​ដូរ និង​ផ្ទេរ​កម្ម​សិទ្ធ​ទីតាំង​អគារ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អគារ​​គណៈកម្មាធិការ​សិទ្ធ​មនុស្ស និង​អគារ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន និង​ដី​ចំនួន ១៥ ហិ​កតា ជូន​ក្រុមហ៊ុន ធី​ភី ម៉ូ​រ៉ា​ល់ គ្រុប ឯ​.​ក ជា​ថ្នូរ​នឹង​ការ​សាងសង់​អគារ​ថ្មី និង​ឃ្លាំង រួម​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជូន​អង្គ​ផា​ព​ទាំង​៣​វិញ នៅ​លើ​ផ្ទៃដី​ទំហំ ១​ហិ​កតា ២០ អា ស្ថិត​នៅ​ភូមិ​ព្រែក​ហូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​សុំ​រួច​ពន្ធ​ប្រថាប់ត្រា​ក្នុង​ការ​ផ្ទេរ​កម្ម​សិទ្ធ ។

៤- និរាករណ៍​លិខិត​ចុះ​ថ្ងៃ​ទី១ ​ខែកញ្ញា ​ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តី​ពី​សំណើរ​សុំ​ផ្ទៃដី​បឹង​តា​មោក ទំហំ ១៥ ហិ​កតា ដើម្បី​សាងសង់​អគារ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ អាជ្ញាធរ​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន និង​និរាករណ៍​លិខិត​ចុះ​ថ្ងៃ​ទី ១ ​ខែកញ្ញា ឆ្នាំ​២០២០ ស្តី​ពី​ការ​កែសម្រួល​ផ្ទៃដី​បឹង​តា​មោក ។

ក្នុង​នោះ​ផង​ដែរ ក៏​សម្រេច​ប្រគល់​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជូន​​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។ ចំណែក​ទីតាំង​ក្រសួង​ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏​ត្រូវ​ប្រគល់​ជូន​​ទៅ​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ។

លិខិត ​សណ​ជ ខាងលើ​ក៏​បាន​សម្រេច ប្រគល់​ទីតាំង​ក្រសួង​រ៉ែ និង​ថា​ម​ពល​បច្ចុប្បន្ន​ទៅ​កាន់ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អាជ្ញាធរ​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន និង​គណៈកម្មាធិការ​សិទ្ធ​មនុស្ស ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook