Connect with us

កងកម្លាំងប្រដាប់អាវុធ

អនុព័ន្ធយោធាប៉ាគីស្ថាន ស្នើសុំឲ្យមានការិយាល័យអនុព័ន្ធយោធាកម្ពុជា នៅប្រទេសខ្លួន

ក្រៅពីបង្ហាញបំណង ចង់ចែករំលែកបទពិសោធន៍មួយចំនួន ដល់កងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងនោះមានទាំងមុខជំនាញ ប្រឆាំងភេរវកម្ម ចារកម្ម និងមុខជំនាញនៃបណ្ដាប្រភេទទ័ព លោកវរសេនីយ៍ឯក Muhammad Tayyab អនុព័ន្ធយោធាប៉ាគីស្ថានដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ ក៏បានស្នើសុំឲ្យមានការិយាល័យអនុព័ន្ធយោធាកម្ពុជា នៅប្រទេសខ្លួនផងដែរ ។

ការស្នើសុំរបស់លោកវរសេនីយ៍ឯក Muhammad Tayyab ធ្វើឡើងក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ បើតាមលោក Muhammad Tayyabការស្នើសុំឲ្យមានការិយាល័យអនុព័ន្ធយោធា កម្ពុជានៅប៉ាគីស្ថាន ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អថែមទៀតក្រោយពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានជាមួយគ្នា តាំងពីឆ្នាំ១៩៥២ ខណៈបច្ចុប្បន្នប្រទេសទាំងពីរនៅតែមានទំនាក់ទំនងល្អជាមួយគ្នាដដែល។  លោកថា “ស្នើសុំឲ្យមានការិយាល័យអនុព័ន្ធយោធាកម្ពុជា នៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អថែមទៀត”។

ជាមួយគ្នានេះ វរសេនីយ៍ឯក Muhammad Tayyab ក៏បានអញ្ជើញនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន ក្នុងពេលវេលាសមស្របណាមួយ ។

ក្នុងកិច្ចឆ្លើយតបនាយឧត្តមសេនីយ៍វង្សពិសេនបានទទួលយកដោយរីករាយចំពោះការអញ្ជើញទៅធ្វើទស្សនកិច្ច នៅប៉ាគីស្ថាន និងពិចារណាចំពោះការស្នើសុំគោលការណ៍សម្រេច ពីក្រសួងការពារជាតិ ក្នុងការបង្កើតឲ្យមានការិយាល័យ អនុព័ន្ធយោធាកម្ពុជានៅប៉ាគីស្ថាន ។

ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើសុំឲ្យប៉ាគីស្ថាន បន្តជួយការបណ្ដុះបណ្ដាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ទាំងផ្នែកកងទ័ពជើងគោក ជើងទឹក ជើងអាកាស កម្លាំងទ័ពពិសេស និងការផ្លាស់ប្ដូរនូវលំហាត់ ពីគ្នាទៅវិញទៅមក៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook