Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលសម្រេចប្រគល់អគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បច្ចុប្បន្ន ជូនក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ អគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្សនាពេលបច្ចុប្បន្ន ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីទីស្ដីការក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ថ្មី ស្ថិតនៅក្នុងតំបន់ក្រុងរណបហ្គ្រេនភ្នំពេញសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខៈ ០៤ សជណ ដែលបានធ្វើការផ្សព្វផ្សាយនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការដោះដូរអគារទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែង ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រគល់ជូនក្រសួងអភិវឌ្ឍន៍បទ ជំនួសឱ្យគម្រោងដែលត្រូវការសាងសង់អគារទីស្ដីការនៅតំបន់បឹងតាមោកលើទំហំដី១៥ហិកតា ដែលត្រូវបានធ្វើការនិរាករណ៍។

នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ថា ក្រោយពេលទីស្ដីការក្រសួងរៀបចំដែនដែនដី នគរូបនីកម្ម និងសំណង់ត្រូវបានរើទៅកាន់ទីតាំងថ្មីស្ថិតនៅក្រុងរណបហ្គ្រេនភ្នំពេញ ក្រសួងអភិវឌ្ឍន៍ជនបទនឹងត្រូវរើមកកាន់ទីស្ដីការក្រសួងរៀបចំដែនដីនៅផ្លូវព្រះមុនីវង្ស។ ដោយឡែកអគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបច្ចុប្បន្នដែលស្ថិតនៅក្បែរទីស្ដីការគណៈរដ្ឋមន្ត្រីនឹងត្រូវប្រគល់ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីរាជធានីភ្នំពេញវិញ។

សម្រាប់អគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង និងដាក់ឱ្យដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកម្ពស់ ៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ ៣ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣% និងមានទីចំណតរថយន្តប្រមាណ៤៥០កន្លែង ដែលមានរចនាបក្នុងទម្រង់ស្ថាបត្យកម្មជាខ្មែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook