Connect with us

កងកម្លាំងប្រដាប់អាវុធ

ម្ចាស់មេដាយមាសកីឡាប៉េតង់ ប្តេជ្ញាការពារមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម២០២៣

កាលពីពេលថ្មីៗនេះ កម្ពុជាបានធ្វើពិធីរាប់ថយក្រោយ៣០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ ផ្ទះរៀប ចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាប្រវត្តិសាស្ដ្រលើកដំបូងសម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈ។ កម្មវិធី នេះត្រូវចាត់ទុកថាជាពេលវេលាដែលបានពន្លឿននិងដាក់សម្ពាធទៅដល់ការរៀបចំរបស់ប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម។

ពិសេសទៀតនោះគឺពញ្ញាក់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាកីឡាករកីឡាការិនី មន្ត្រីកីឡា ក្រសួងនិងស្ថាប័នពាក់ពន្ធ័ទាំងអស់ឱ្យដឹងថា ជិតដល់ថ្ងៃដែលកម្ពុជាទទួលបដិ សណ្ឋារកិច្ចប្រតិភូកី ឡាជិត១ម៉ឺននាក់ ដែលមកចូលរួមអបអរសាទរ និងចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។

ដើម្បីជ្រាបកាន់ តែច្បាស់ថា តើកីឡាករកីឡាការិនី ក៏ដូចជាគ្រូបង្វឹកបានខិតខំយ៉ាងណានោះកីឡាប៉េតង់ជាកីឡាមួយប្រភេទដែលល្បីល្បាញនៅលើពិភពលោកពិសេសនៅប្រទេសបារាំងដែលមានការនិយមលេងចាប់ពី២០០ក្រុម រហូតទៅដល់៨០០ក្រុមក៏មាននៅក្នុងមួយឆ្នាំៗ។ ដោយឡែកនៅប្រទេសកម្ពុជាវិញ ក៏មានការខិតខំអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរដែរព្រោះកីឡាប្រភេទនេះត្រូវការចំនួនកីឡាករនិងចំណាយថវិកាតិច ហើយអាចមានលទ្ធភាពក្នុងការទទួលបានមេដាយ។

លោក ស៊ិន វង់ មានអាយុ២៥ឆ្នាំ ជាកីឡាករប៉េតង់ម្នាក់ ដែលមានទីកន្លែងកំណើតនៅស្រុកអង្គរជ័យខេត្តកំពត បានឱ្យដឹងថា៖ លោកបានប្រឡូកចូលក្នុងវិស័យមួយនេះអស់រយៈពេល៦ឆ្នាំមកហើយ ។ក្នុងនោះ លោកធ្លាប់បានចេញទៅប្រកួតនៅក្រៅប្រទេសចំនួន៤លើក គឺនៅប្រទេសកាណាដា ភូមាអេស៉្បាញនិង  ប្រទេស វៀតណាម ដោយដណ្តើមបានមេដាយមាសចំនួន២ និងមេដាយប្រាក់ចំនួន១។លោកបានបន្ត ទៀតថា៖ ទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ លោកនៅតែបន្តហ្វឹកហាត់ ពង្រឹងនិងអភិវឌ្ឍសមត្ថភាព ខ្លួនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីបន្តដណ្តើមយកមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ខាងមុខនេះ។

ខ្ញុំដាក់ចិត្តដាក់កាយខិតខំប្រឹងហ្វឹកហាត់ធ្វើយ៉ាងណាឆ្ពោះទៅរកមេដាយទោះមេឃភ្លៀងមេឃក្តៅយ៉ាងណាក៏ខំប្រឹងហាត់ដែរជាមួយដៃគូខ្ញុំ ទោះចេញពីម៉ោងហាត់ក៏ខ្ញុំត្រូវហាត់បន្ថែមម៉ោង ព្រោះដើម្បីទទួលបានមេដាយ។ លោកស៊ិនវង់បានលើកឡើងបន្ថែមថា៖បន្ទាប់ពីបានចេញទៅប្រកួតព្រឹត្តិការណ៍ធំៗនៅក្រៅប្រទេសជាបន្តបន្ទាប់កន្លងមកធ្វើឱ្យលោកទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនក្នុងការយកមកអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនជាងមុនបន្ថែមទៀតលោកបានបញ្ជាក់ថា៖ការដណ្តើមបានជ័យលាភីគឺជាកិត្តិយសដ៏ធំធេងមិនត្រឹមតែសម្រាប់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ក៏ប៉ុន្តែជាកិត្តិយសសម្រាប់គ្រួសារ និងប្រទេសជាតិទាំងមូល។ ហេតុដូច្នេះ លោកនៅតែខិតខំហ្វឹកហាត់ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយសម្រាប់ធ្វើជាមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតដែលខ្លួនមាន។

ខ្ញុំប្ដេជ្ញាចិត្តថានឹងខិតខំហ្វឹកហាត់ធ្វើយ៉ាងណាដើម្បីបន្តការពារមេដាយជាមួយនឹងក្រុមរបស់ខ្ញុំ និយាយរួមពេលដែលចេញពីហាត់ អីក៏ខ្ញុំបានប្ដេជ្ញាចិត្តបន្ថែមម៉ោងហាត់ជាបន្តទៀត ដល់ម៉ោង៦ទៅ៧ ហើយពេលថ្ងៃក៏ហាត់លើសម៉ោង។ ការហាត់ត្រូវការតែកម្លាំង និងអារម្មណ៍កុំឱ្យយើងភ័យខ្លាច ត្រូវចេះតាំងអារម្មណ៍។

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន១១ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។មកដល់ពេលនេះ ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ មានរយៈពេល៦៤ឆ្នាំមកហើយ។ ព្រោះតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះ ធ្វើឱ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះឡើយ។ ហេតុនេះការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា។ ដូចនេះ លោក ស៊ិន វង់ ជាកីឡាករប៉េតង់ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករកីឡាការិនីកម្ពុជាយើងទាំងអស់គ្នាផង។

ខ្ញុំសំណូមពរដល់ពុកម៉ែបងប្អូនដែលចូលចិត្តខាងវិស័យកីឡា និងគាំទ្រកីឡាប៊ូល និងប៉េតង់ សូមឱ្យគាត់មកចូលរួមទស្សនាការប្រកួតប៉េតង់ស៊ីហ្គេម២០២៣នៅអូឡាំពិកទាំងអស់គ្នា។

បច្ចុប្បន្នគ្រប់ប្រភេទកីឡាទាំងអស់ កំពុងប្រឹងប្រែងហ្វឹកហាត់មិនថានៅក្នុងឬក្រៅប្រទេសទេ។ ហើយក្នុងនាមជាម្ចាស់ផ្ទះបន្តវេនពីប្រទេសវៀតណាមនោះ កម្ពុជានឹងទទួលបានបទពិសោធន៍ជាច្រើន ដើម្បីរៀបចំយុទ្ធសាស្រ្ត និងពង្រឹងសមត្ថភាពកីឡាករកីឡាការិនីរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះ។

លោក សុខ ម៉ុង ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផ្នែកកីឡាប៉េតង់កម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា៖ បច្ចុប្បន្នក្រុមកីឡាករកីឡាការិនីប៉េតង់ បាននិងកំពុងបន្ថែមម៉ោងហ្វឹកហាត់រិះរកបច្ចេកទេសថ្មីៗក៏ដូចជាដកស្រង់បទពិសោធន៍នៅលើទីលាន ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែល្អប្រសើរ។សំឡេង «ទិសដៅរបស់សហព័ន្ធបានប្រជុំរួចហើយគាត់នឹងជួយរៀបហើយយើងជាគ្រូជាអ្នកបង្ហាត់ ហើយយើងចែកវិញ្ញាសាគ្នាឱ្យគ្រូយុវជនជួយព្រោះយើងធ្វើជាម្ចាស់ផ្ទះ បើតាមឯកឧត្តមប្រធានបច្ចេកទេសហ្នឹង គាត់និយាយថាខាងគ្រូយុវជននិងគ្រូយុវនារីគេសុំបីវិញ្ញាសាអ៊ីចឹងបែងចែកគ្នាក៏ស្រួលដែរ ដើម្បីមានពេលវេលាច្រើនហើយជួយបង្ហាត់គ្នា។ បើខ្ញុំតែបួននាក់ឈុតធំនេះបង្ហាត់ដល់១១ វិញ្ញាសាក៏ពិបាកដែរអ៊ីចឹងក៏ជាការមួយល្អដែរ សម្រាប់សហព័ន្ធបែងចែកហើយខាងខ្ញុំក្នុងឈុតធំនេះប្រហែលជាម្នាក់៤វិញ្ញាសា នារី៤វិញ្ញាសា បុរស៤វិញ្ញាសាតែយើងនៅតែខិតខំប្រឹងប្រែង »។

លោកអ្នកនាងបានជ្រាបហើយថា៖ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមកាលពីកន្លងទៅនេះ កីឡាប៊ូលឬប៉េតង់ក៏ទទួលបានមេដាយមាសចំនួន២ជូនជាតិមាតុភូមិ ហើយតាមរយៈមេដាយនេះនឹងជំរុញការលើកទឹកចិត្តឱ្យក្រុមកីឡាករបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឈានទៅ ដណ្តើម មេដាយឱ្យបានច្រើននៅឆ្នាំក្រោយនេះ។

លោក សុខ ម៉ុងបានលើកឡើងបញ្ជាក់ថា៖ សហពន្ធ័មានគោលការណ៍ថានឹងដណ្តើមយកមេដាយមាសឱ្យបាន៤ទៅ៥មេដាយ ក្នុងការប្រកួតនាឆ្នាំខាងមុខ។

យើងសង្ឃឹមថាទី១យើងធ្វើម្ចាស់ផ្ទះយើងមានទីលានគ្រប់គ្រាន់ ហើយយើងមិនធ្វើដំណើរឆ្ងាយ កីឡាករយើងមានកម្លាំងកាយច្រើនជាងទៅស្រុកគេ ដែលពិបាកគេង ពិបាកញុំាជាដើម។ ទាំងនេះធ្វើឱ្យយើងមានកម្រិតលើសគេតិចដែរ។ ហេតុនេះបាននិយាយថារឿងកីឡាប៊ូលវាដូចជាបាល់ទាត់ដែរ បាល់ទាត់វាមានខុសតិចតួច ប៊ូលអត់ចន្លោះបានទេបើយើងល្អដឹងតែយកបានមេដាយហើយ។

លោក Chris Chan ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី បានបង្ហាញនូវជំនឿចិត្តថា កម្ពុជានឹងទទួលបានមេដាយកាន់តែច្រើននាអំឡុងស៊ីហ្គេមឆ្នាំ២០២៣សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ប្រសិនបើកម្ពុជាផ្ដោតលើការស្នើសុំជំនួយគ្រូបង្វឹកកម្រិតខ្ពស់មកពីក្រៅប្រទេសឱ្យជួយ។ លោកក៏បានលើកទឹកចិត្តឱ្យកម្ពុជារៀបចំការប្រកួតនៅពហុកីឡដ្ឋានមរតកតេជោឱ្យបានច្រើន ដើម្បីឱ្យកីឡាករមានភាពស៊ាំជាមួយទីកន្លែង និងបរិយាកាសជាដើម។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ដល់១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី០៣ដល់ ០៩ខែមិថុនា២០២៣ខាងមុខនេះ។ ប្រទេសកម្ពុជាបានសម្រេចកំណត់នូវប្រភេទកីឡាចំនួន៣៩ប្រភេទ និងកីឡាសម្ដែង១ប្រភេទ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង) កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក) វាយសី បាល់បោះ (៥×៥ និង ៣×៣) ប៊ីយ៉ា ស្នូកឃ័រ ប្រដាល់សកល ប្រណាំងទូកប្រពៃណី អុក (អុកចត្រង្គ និងអុកចិន) គ្រីឃីត ទោចក្រយាន (កង់គួក និងកង់ភ្នំ) កីឡារាំ បាល់ទាត់ (បុរស-នារី) គុនដាវ ហែលទឹកជើងទា វាយកូនហ្គោល កាយសម្ព័ន្ធ (Aerobic and Artistic) ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល) យូដូ ការ៉ាតេ, គុនខ្មែរ ប៉េតង់, ទូកក្ដោង, សីដក់ (រួមបញ្ជូលសីឈិនឡូន), បញ្ចសីលា, សូហ្វតេន្នីស, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ទ្រីយ៉ាត្លុង (អាគ័រត្លុង និងឌូអាត្លុង), បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់), លើកទម្ងន់, ចំបាប់, វ៉ូស៊ូ, កាយវប្បកម្ម, កីឡាអេឡិចត្រូនិក, កីឡា Floorball, ម៉ូតូទឹក, យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន), ជឺជីតស៊ូ, ឃីកបុកស៊ីង, យុទ្ធគុនចម្រុះកូរ៉េ ITF, វ៉ូវីណាម និង កីឡាឧបសគ្គ។ ដោយឡែកកីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូងនោះគឺកីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook