Connect with us

កងកម្លាំងប្រដាប់អាវុធ

គណៈកម្មការជំនាញ(CAMSOC) យល់ច្បាស់ពីតួនាទីភារកិច្ចខ្លួន ក្រោមយន្ដការរួម និងឯកភាពគ្នាតែមួយ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា គណៈកម្មការជំនាញទាំងអស់ បានយល់ដឹងច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន ក្រោមយន្ដការរួម និងឯកភាពគ្នាតែមួយ ក្នុងការអនុវត្តន៍ទិសដៅការងារ ត្រៀមឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

បន្ទាប់ពីកោះប្រជុំជាមួយគណៈកម្មការជំនាញនីមួយៗ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្ដោតសំខាន់អំពីការធ្វើការងារដោយប្រទាក់ក្រឡាគ្នាជាមួយគណៈកម្មការជំនាញទាំងអស់ ហើយធ្វើការវែកញែកគ្នាឲ្យបានច្បាស់ថា មកទល់ថ្ងៃនេះ តើការអនុវត្តន៍ការងារកន្លងមក មានឧបសគ្គអ្វីខ្លះ? ជាលទ្ធផល កិច្ចប្រជុំបានដោះស្រាយការងារជាច្រើន ពិសេស គណៈកម្មការជំនាញនីមួយៗ បានយល់ដឹងច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន ហើយបានឯកភាពទាំងអស់គ្នាទៀតផង។

ឯកឧត្តម បានបញ្ជាក់ថា គណៈកម្មការជំនាញ បានធ្វើការជាមួយគ្នា និងដោះស្រាយការងារច្រើន ទាំងការរៀបចំផ្សព្វផ្សាយ ការងាររកការឧបត្ថម្ភ ការងាររៀបចំស្នាក់នៅ ហូបចុក ដោយបានបែងចែកគ្នាអស់ហើយ ដឹងថាអ្នកណាត្រូវធ្វើអ្វី។ ដូច្នេះគោលការណ៍របស់ CAMSOC គឺឲ្យគណៈកម្មការជំនាញនីមួយៗ ទទួលខុសត្រូវ ហើយពេលណាមានការណែនាំបន្ថែម ត្រូវយកមកផ្សព្វផ្សាយ និងបញ្ជូនជាផ្លូវការក្នុងអង្គប្រជុំ ដើម្បីឲ្យគាត់ទទួលបានតួនាទីភារកិច្ចត្រឹមត្រូវ ហើយច្បាស់លាស់ល្អ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា អ្វីដែលជាការពាក់ព័ន្ធនេះ គឺធ្វើឲ្យបានកម្រិតមួយថា មានភាពជាក់លាក់នៅក្នុងការផ្ដល់តួនាទី ភារកិច្ច ហើយមានភាពជាក់លាក់ក្នុងការទទួលខុសត្រូវ។ គណៈកម្មការទាំងអស់ បានឯកភាពគ្នាទាំងអស់ និងមានការយល់ដឹងអំពី ការងាររបស់ខ្លួន ហើយបន្ដធ្វើការសហការគ្នាបន្ថែមទៀត ក្រោមយន្ដការរួម និងឯកភាពគ្នាតែមួយ ដើម្បីឆ្ពោះទៅរកជោគជ័យ ក្នុងការ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

Click to comment

Leave a Reply

Your email address will not be published.

Facebook