Connect with us

ព័ត៌មានទាន់ហេតុការណ៍

វិនិយោគអ៊ីដ្រូហ្សែន

ថ្ងៃទី០៦ ខែមករា ឆ្នាំ២០

រដ្ឋាភិបាលជប៉ុនបានប្រកាសផែនការថាមពលជាតិថ្មី កាលពីដើមខែធ្នូ កន្លងមកនេះ ដើម្បីសំរេចគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យនៅសូន្យ ត្រឹមឆ្នាំ ២០៥០ ឬ ៣០ ឆ្នាំ គិតចាប់ពីពេលនេះ ដោយនឹងប្រើឥន្ធនៈមិនបំភាយកាបូន ផលិតចរន្តអគ្គិសនី ផលិតដែកថែប និងប្រើប្រាស់សម្រាប់រថយន្ត។

ប្រទេសជប៉ុននឹងបង្កើនផលិតកម្មថាមពលរបស់ខ្លួន ដោយប្រើ អ៊ីដ្រូហ្សែន ក្នុង១ឆ្នាំប្រមាណ ១០ លានតោន រហូតដល់ឆ្នាំ ២០៣០ គណនាត្រួសៗក៏ស្មើនឹងទិន្នផលពីរ៉េអាក់ទ័រនុយក្លេអ៊ែរជាង ៣០ ចង្ក្រាន

គោលដៅថ្មីត្រូវបានកំណត់ ដើម្បីឱ្យប្រទេសជប៉ុនអាចឈានដល់ការបំភាយកាបូនត្រឹមសូន្យនៅឆ្នាំ ២០៥០ ដូចដែលបានប្រកាសដោយនាយករដ្ឋមន្រ្តី យ៉ូស៊ីហ៊ីដិ ស៊ឹះង៉ាក់ កាលពីខែតុលា ឆ្នាំ ២០២០ ។

ដោយសារតាមផែនការនឹងមានការទាញយកប្រយោជន៍ពីថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ដើម្បីកាត់បន្ថយកាបូនហ្វុតព្រិនរបស់ប្រទេស និងផលិតផលនៃប្រភពថាមពលទាំងនេះ អាស្រ័យលើសភាពអាកាសធាតុ ដូច្នេះហើយរោងចក្រថាមពលដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅតែបន្តប្រើតទៅទៀត ប្រសិនបើមិនបានបំភាយកាបូនទេនោះ។

អ៊ីដ្រូហ្សែនអាចប្រើជាឥន្ធនៈបាន ហើយនឹងធ្វើឲ្យការបំភាយឧស្ម័នផ្ទះកញ្ចក់ថយចុះថែមទៀត ក្រៅពីនេះ ថាមពលលើសពីប្រភពកកើតឡើងវិញ នៅពេលសភាពអាកាសធាតុល្អបំផុត អាចប្រើផលិតដើម្បីស្តុកទុកអ៊ីដ្រូហ្សែនបាន។

រដ្ឋាភិបាលជប៉ុនបានត្រៀមបម្រុងទុកថវិកាគាំទ្រផែនការថ្មីចំនួន ២០០ ពាន់ទ្រីលានយ៉េន ឬប្រមាណ ១៨,៥០០ លានដុល្លារសហរដ្ឋអាមេរិក រួមទាំងការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការចំណាយទុនតាមទិសដៅ

ឧបសគ្គមួយក្នុងការបង្កើនការប្រើប្រាស់អ៊ីដ្រូហ្សែន គឺ ចំណាយខ្ពស់បើប្រៀបធៀបទៅនឹងឧស្ម័នធម្មជាតិរាវ LNG ឧស្ម័នអ៊ីដ្រូហ្សែនមានតម្លៃថ្លៃជាង ១០ ដង ក្នុងមួយម៉ែត្រគូប។

ដើម្បីកាត់បន្ថយថ្លៃចំណាយលើអ៊ីដ្រូហ្សែន ឲ្យនៅប្រហាក់ប្រហែលឧស្ម័ន LNG រដ្ឋាភិបាលជប៉ុនបានប៉ាន់ស្មានថា គោលដៅការប្រើប្រាស់ប្រចាំឆ្នាំនាពេលអនាគត គួរតែខ្ពស់ដល់កម្រិត ៥ ទៅ ១០ លានតោន។

គោលដៅជំរុញផលិតកម្មថាមពលអគ្គិសនី ដោយឥន្ធនៈអ៊ីដ្រូហ្សែន និងការពន្លឿនការផ្លាស់ប្តូរទៅប្រើប្រាស់អ៊ីដ្រូហ្សែនលើរថយន្ត រួមផ្សំពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្ម ក៏ដូចជាឥន្ធនៈហ្វូស៊ីលផ្សេងទៀតដើម្បីសម្រេចគោលដៅនៅឆ្នាំ ២០៥០ ។

វិស័យឯកជនជប៉ុនក៏កំពុងងាកទៅរកអ៊ីដ្រូហ្សែនផងដែរ សមាគមអ៊ីដ្រូហ្សែនជប៉ុន ឬ JH2A (The Japan Hydrogen Association ) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចំនួន ៨៨ រួមទាំងក្រុមហ៊ុនផលិតរថយន្តដ៏ធំ តូយ៉ូតា ម៉ូទ័រ និងក្រុមហ៊ុនឧស្ម័ន អ៊ីវ៉ាថា

តូយ៉ូតា គឺជាក្បាលម៉ាស៊ីនដឹកនាំក្នុងវិស័យឯកជន ក្នុងការចេញលក់រថយន្តម៉ាក មីរ៉ាយ កាលពីឆ្នាំ ២០១៤ ដែលជាការផលិតរថយន្តប្រើឥន្ទនៈអ៊ីដ្រូហ្សែនទ្រង់ទ្រាយធំជាលើកដំបូង ប៉ុន្តែរថយន្តប្រភេទនេះទើបតែលក់បានប្រហែល ១១,០០០ គ្រឿង នៅទូទាំងពិភពលោក គិតត្រឹមខែកញ្ញាឆ្នាំ ២០២០ និងប្រមាណ ៧០០ គ្រឿងលក់នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនាឆ្នាំ ២០២០ទាបជាងការលក់រថយន្តប្រើថាមពលអគ្គិសនីក្នុងប្រទេសប្រមាណ ២ ម៉ឺនគ្រឿង ក្នុងរយៈពេលដូចគ្នា

ខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា ទើបតែបញ្ចេញ មីរ៉ាយ ម៉ូដែលថ្មីចូលទីផ្សារ ដែលបង្កើនចំងាយផ្លូវបើកបរបាន៣០% បន្ថែមទៀត ពីមុនការចាក់អ៊ីដ្រូហ្សែនពេញធុងម្តងអាចរត់បានចម្ងាយ ៦៥០ គីឡូម៉ែត្រ

JH2A សមាគមអ៊ីដ្រូហ្សែនជប៉ុន នឹងលើកកម្ពស់ការប្រើប្រាស់អ៊ីដ្រូហ្សែនក្នុងវិស័យផ្សេងៗ ដូចជាក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុនដែកថែបផ្សេងៗទៀតក្នុងប្រទេសជប៉ុន ។ កំណត់គោលដៅនៅឆ្នាំ ២០៥០ ប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មពីថាមពលអ៊ីដ្រូហ្សែននិងធ្យូងថ្ម ដើម្បីកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត  ខណៈដែលក្រុមហ៊ុន JERA អ្នកនាំចូលឧស្ម័នធម្មជាតិរាវ LNG ដ៏ធំរបស់ជប៉ុន មានផែនការផ្លាស់ប្តូរទៅរកអ៊ីដ្រូហ្សែន និងបានកំណត់សម្រេចគោលដៅការបំភាយកាបូនជាសូន្យនៅឆ្នាំ ២០៥០ ផងដែរ។

លោក ហ៊ិរ៉ូឈិ ខាជិយ៉ាម៉ាក់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានឲ្យដឹងថា JH 2A សមាគមអ៊ីដ្រូហ្សែនជប៉ុន នឹងបើកការប្រជុំយ៉ាងធំមួយ ដើម្បីពិភាក្សាស្វែងរកទិសដៅពង្រីកការប្រើប្រាស់អ៊ីដ្រូហ្សែន មុននឹងធ្វើរបាយការណ៍សង្ខេប ស្នើទៅរដ្ឋាភិបាល ក្នុងខែកុម្ភៈ ខាងមុខនេះ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook