Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំផែនទីចុះតាមភូមិសាស្ត្រនីមួយៗ ដើម្បីស្នើឱ្យប្រជាពលរដ្ឋ បិទឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំជាផែនទីចុះតាមភូមិសាស្ត្រនីមួយៗ ដើម្បីស្នើឱ្យប្រជាពលរដ្ឋ បិទឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា ដោយសារឧបករណ៍នេះ បានបង្កការរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តនៅក្នុងតំបន់នោះ ។

ឯកឧត្តម លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ ក្រសួងបានស្នើដល់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាទាំងអស់ ត្រូវធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន ជាពិសេសក៏បានស្នើដល់ អ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការ ទទួលស្គាល់ពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ចៀសវាងការប្រឈមនឹងវិធានការច្បាប់។

ឯកឧត្តមបានបន្តថា ដើម្បីឱ្យការអនុវត្តន៍ការងារកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស ក្រសួងនឹងរៀបចំផែនទីចុះតាមភូមិសាស្ត្រ នីមួយៗ ស្នើឱ្យប្រជាពលរដ្ឋបិទឧបករណ៍បង្កើនកម្លាំងសេវា ព្រោះការលក់ឧបករណ៍នេះក្នុងទីផ្សារសព្វថ្ងៃមួយចំនួនធំ គឺមិនស្របទៅ តាមស្តង់ដារបច្ចេកទេស និងស្តង់ដារតម្រូវដោយនិយ័តករទូរគមនាគមន៍កម្ពុជា ហើយរាល់ការជាវនិងយកឧបករណ៍នេះ ទៅដំឡើង នៅតាមគេហដ្ឋាន ឬក៏នៅតាមទីតាំងផ្សេងៗ គឺតម្រូវឱ្យមានអ្នកជំនាញច្បាស់លាស់ មានបច្ចេកទេសដំឡើងទៅតាមប៉ារ៉ាម៉ែត្រ ដែលតម្រូវទៅតាមប្រតិបត្តិករទូរគមនាគមន៍នីមួយៗ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់ការងារវាស់ស្ទង់គុណភាពសេវា របស់មន្ត្រី ក្រសួង ដែលកំពុងបំពេញការងារយ៉ាងសកម្ម យ៉ាងមមាញឹកនៅតាមបណ្ដាបុរី ក៏ដូចជានៅតាមតំបន់នានា ដើម្បីពង្រឹងគុណភាព សេវា ជូនប្រជាពលរដ្ឋ។

« ទាក់ទងនឹងការដាក់ជាតំបន់អាទិភាព នៃការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវានេះ គឺក្រសួងកំពុងរៀបចំ ជាផែនទី ចុះតាមភូមិសាស្ត្រនីមួយៗ ដែលនឹងស្នើឱ្យប្រជាពលរដ្ឋបិទឧបករណ៍នេះ នៅពេលដែលក្រុមការងារក្រសួងចុះវាស់ស្ទង់ ជាពិសេសអាទិភាពនៅតាមតំបន់ ដែលមានសេវាគ្របដណ្ដប់ជាអប្បបរមា ហើយការបញ្ឈប់ការប្រើប្រាស់នេះ គឺជាយន្តការដែលអាច ជួយដល់តំបន់ ដែលបងប្អូនកំពុងរស់នៅ ឱ្យមានគុណភាពសេវាល្អ ហើយជាការដោះស្រាយដែលឈរលើប្រយោជន៍រួម ក្នុងពេល អនាគត » ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា ជាដំណោះស្រាយពាក់ព័ន្ធ ទៅនឹងការពង្រឹងគុណភាពសេវានេះ ក្រសួងកំពុងជំរុញ ប្រតិបត្តិករ ឱ្យធ្វើការផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខារនិងបច្ចេកវិទ្យា ព្រមទាំងធ្វើការសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីបង្កើន គុណភាពនៃសេវា ដែលជាផលប្រយោជន៍ដល់ អ្នកប្រើប្រាស់ទាំងអស់។

បន្ថែមពីនេះ ក្រុមការងារសម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមរាជធានី-ខេត្ត ក៏កំពុងបំពេញការងារយ៉ាងមមាញឹក លើការជំរុញ គុណភាពសេវាទូរគមនាគមន៍ ក្រសួងក៏បានទិញឧបករណ៍វាស់ស្ទង់សេវាទូរគមនាគមន៍ ដែលបំពាក់លើរថយន្តចំនួន៥គ្រឿង ដើម្បីជំរុញឱ្យប្រតិបត្តិករកែលម្អសេវា និងវិនិយោគបន្ថែម ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook