Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូស្វែងរកដំណោះស្រាយដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចសកលលោក

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូពាក់ព័ន្ធនឹងស្វែងរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ច និងបញ្ហាក្នុងតំបន់ព្រមទាំងសកលលោកជាពិសេសរក ដំណោះស្រាយដែលកើតចេញពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលលោកដើម្បីធានាថា អាស៊ាន និងប្រទេសក្នុងតំបន់ អាចរស់នៅប្រកបដោយភាពសុខសាន្ត។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍….

សន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២. ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានឱ្យដឹងថា សមាជិកអាស៊ានទាំង១០ រួមទាំងប្រទេស អូស្ត្រាលី ប៉ាគីស្ថាន សហភាពអារ៉ាប់អីមីរ៉េត ម៉ារ៉ុក ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ឥណ្ឌា សហព័ន្ធរុស្ស៊ី នឹងលើកយកបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ មកធ្វើការដោះស្រាយ។

បើតាមឯកឧត្តម គង់ភោគ នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីពាក់ព័ន្ធក៏នឹងពិភាក្សាបញ្ហាមួយចំនួនទៀតរួមមាន ៖ ការធានាសន្តិសុខ ស្ថិរភាពក្នុងតំបន់ បញ្ហាសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ។

«យើងនឹងបន្តពិភាក្សានូវអ្វីដែលកំពុងប្រឈមរួមមាន៖ បញ្ហាកូវីដ១៩ ការឡើងតម្លៃប្រេងជាសកល បញ្ហាវត្ថុធាតុដើមឡើងថ្លៃ ដោយសារ ប្រទេសមហាអំណាចមួយចំនួនតម្លើងការប្រាក់ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ ក្នុងវិបត្តិសេដ្ឋកិច្ចបើយើងមិនរួមគ្នាដោះសា្រយទេ វាជាបញ្ហា ។ ដូច្នេះ ទាំងអស់នេះ សុទ្ធតែបញ្ហាដែលត្រូវ លើកដាក់លើតុសម្រាប់ថ្នាក់របស់យើងធ្វើការរកដំណោះស្រាយដើម្បីការពារកុំឱ្យបញ្ហានេះបន្តកើតឡើងនេះជាចំណុចដែលត្រូវពិភាក្សាគ្នា»។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ការបរទេសនៃប្រទេសចំនួន៣៨ ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕

Click to comment

Leave a Reply

Your email address will not be published.

Facebook