រាជធានីភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ា រាជធានីភ្នំពេញ មានអាយុកាលជាង៣០០ឆ្នាំហើយ ដោយសារពុកផុយគល់ចំនួន៣ដើម អាជ្ញាធររាជធានី នឹងកាប់យកចេញនៅសប្តាហ៍ក្រោយ ដោយដាំថ្មីជំនួសវិញ។
ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ា នាមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ មានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងនោះ មានដើមឈើចំនួន ៣ដើម ជាប្រភេទដើមកណ្ដឹងដំរី អាជ្ញាធររាជធានី គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍ក្រោយនេះ ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅនឹងមានហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃ០៨ ខែមករា ឆ្នាំ២០២១នេះថា ដើមឈើធំៗនៅសួនកាណាឌីយ៉ា មុខមន្ទីរពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ ៥០ដើម និងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញនឹងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ ក្រៅពី៣ដើមនេះ អង្គភាពរបស់លោកនឹងកាត់លះមែកចេញផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រង។
លោក សំ សាមុត ក៏បានបន្ថែមទៀតថា សម្រាប់ដើមឈើនៅរមណីយដ្ឋានវត្តភ្នំវិញ គឺមានចំនួនដើមឈើសរុបប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនគឺមានអាយុកាលប្រមាណជាង៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ៕