រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងរ៉ែ និងថាមពល ចាប់ផ្តើមផ្លាស់ពីកន្លែងធ្វើការចាស់ ទៅកន្លែងថ្មីជាបណ្តើរៗ ទៅអតីតទីតាំងក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅសង្កាត់វត្តភ្នំ ក្នុងនោះ ក្រសួងគ្រោងជួសជុលកែលម្អអគារមួយចំនួនជាបណ្តើរៗ ដើម្បីជំរុញបង្កើតស្ថាប័នឲ្យមានកន្លែងធ្វើការប្រកបដោយផាសុភាព ។
ថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីនៃក្រសួងរ៉ែ និងថាមពលទាំងអស់ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ បានរៀបចំពិធីសែនក្រុងពាលី និងសូត្រ មន្តប្រោះព្រំលើករាសី ឡើងទីស្តីការក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញឲ្យ បុគ្គលិក និងមន្ត្រី ផ្លាស់ប្ដូរពីកន្លែងចាស់ ទៅកន្លែងថ្មីជាបណ្តើរៗ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានប្រគល់ជូនទីតាំងចាស់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅឲ្យក្រសួងរ៉ែ និងថាមពល ។
ជុំវិញនិងការផ្លាស់ប្តូរ ក្រសួងរ៉ែ និងថាមពល នឹងចាប់ផ្តើមជួសជុលកែលម្អអគារមួយចំនួន ឲ្យល្អប្រសើរ ជំរុញឲ្យមានកន្លែងធ្វើការប្រកបដោយផាសុខភាព ស្របតាមការអភិវឌ្ឍ រីកចម្រើនរបស់កម្ពុជា ដើម្បីជំរុញការផ្តល់សេវាប្រកបដោយគុណភាព ក្រៅពីនេះ ក្រសួងរ៉ែ និងថាមពល នឹងរៀបចំតបណ្តាញអគ្គិសនីឡើងវិញ ស្របតាមស្តង់ដារ ដើម្បីចៀសវាងការអកខានដោយប្រការណាមួយ ជាពិសេសការខាតបង់ ក្នុងការបំពេញភារកិច្ចរបស់មន្ត្រីរាជការ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានប្រគល់ជូនទីតាំងចាស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅឲ្យក្រសួងរ៉ែ និងថាមពល ក្នុងនោះ ទីតាំងក្រសួងរ៉ែ និងថាមពលចាស់ រាជរដ្ឋាភិបាលនឹងផ្តល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៕