Connect with us

ព័ត៌មានទាន់ហេតុការណ៍

Twitter សម្រេចបិទគណនីលោក ដូណាល់ ត្រាំ ជាអចិន្ត្រៃយ៍តែម្តង

ទីក្រុងវ៉ាស៉ីនតោន៖ បណ្តាញសង្គម Twitter នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានឲ្យដឹងថា ខ្លួនបានផ្អាកគណនី Twitter របស់ប្រធានាធិបតីអាមេរិកគឺលោក ដូណាល់ ត្រាំ ជាអចិន្ត្រៃយ៍តែម្តង ក្រោមហេតុផលថា អាចមានហានិភ័យនៃការញុះញង់ ឲ្យផ្ទុះអំពើហិង្សាបន្ថែមទៀត បន្ទាប់ពីក្រុមអ្នកគាំទ្រលោក បានចូលអុកឡុកវិមានសភាអាមេរិក (Capitol Hill)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

Twitter បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ក្រោយការត្រួតពិនិត្យយ៉ាងដិតដល់ លើការបង្ហោះសារនាពេលថ្មីៗនេះ ដោយគណនី @realDonaldTrump ហើយនិងបរិបទជុំវិញសារទាំងនោះ យើងបានសម្រេចផ្អាកគណនីនេះ ជាអចិន្រ្តៃយ៍តែម្តង (Account suspended) ដោយសារហានិភ័យនៃការញុះញង់ ឲ្យផ្ទុះអំពើហិង្សាបន្ថែមទៀត»។

គួរបញ្ជាក់ថា បណ្តាញសង្គម Twitter បានបិទ (block) គណនីរបស់លោក ដូណាល់ ត្រាំ ជាបណ្តោះអាសន្នកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយមានការសម្រុកចូលលុកលុយវិមាន Capitol Hill ពីសំណាក់ក្រុមអ្នកគាំទ្រលោក។ Twitter បានដកការប្លក់ចេញវិញនាថ្ងៃព្រហស្បតិ៍ ហើយលោកបានប្រើវាបង្ហោះវីដេអូមួយ ដែលទទួលស្គាល់ថា លោក ចូ បៃដិន នឹងឡើងជាប្រធានាធិបតីថ្មីអាមេរិក។ ប៉ុន្តែថ្ងៃសុក្រសប្តាហ៍នេះ Twitter ក៏បានសម្រេចផ្អាកគណនីលោក ត្រាំ ចោលជាអចិន្ត្រៃយ៍តែម្តង ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook