Connect with us

កងកម្លាំងប្រដាប់អាវុធ

អាជីវករលក់ដូរខាងមុខបរិវេណប្រាសាទអង្គរវត្តចាប់ផ្តើមទទួលបានចំណូលច្រើនបណ្តើរៗ បន្ទាប់ពីមានភ្ញៀវចូលមកកម្សាន្តច្រើន

.អាជីវករលក់ដូរម្ហូប អាហារនំចំណី សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ផ្សេងនៅតំបន់រមណីយដ្ឋានអង្គរ បានបង្ហាញក្តីសប្បាយរីករាយ បន្ទាប់ពីទទួលបានប្រាក់ ចំណូលកើនឡើងបណ្តើរ ក្រោយមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្ត។

អ្នកស្រី ឃុត សុខា អាជីវករលក់ម្ហូបអាហារនិងភេសជ្ជៈនៅខាងមុខប្រាសាទអង្គរវត្តបានឱ្យដឹងថា គ្រួសារអ្នកស្រីពឹងអាស្រ័យលើមុខរបរលក់ ដូរ នៅខាងមុខប្រាសាទអង្គរ វត្តជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ ១៩ ធ្វើឱ្យការលក់ដូរក្នុង រយៈពេលជាង២ឆ្នាំមកនេះ ហាក់ជួបបញ្ហាប្រឈមច្រើន ព្រោះមិនសូវមានភ្ញៀវចូលមកជួយទិញដូចកាលពីមុន។ អ្នកស្រីបន្តថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅពេលស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល រាជរដ្ឋា ភិបាលបានប្រកាសបើកប្រទេសឡើងវិញ ធ្វើឱ្យចំនួនភ្ញៀវទេសចរចូលមកទស្សនាតំបន់អង្គរបានកើនឡើងវិញបន្តិច ជួយឱ្យអាជីវកម្ម អ្នក ស្រីអាចរកប្រាក់ចំណូលបានឡើងវិញ ធ្វើឱ្យជីវភាពគ្រួសារបានល្អប្រសើរមួយកម្រិត។

ត្រឹមបើកហ្នឹង ក្នុងមួយខែហ្នឹងរាងគ្រាន់បើវិញហើយ មានតែបន់ថា កុំឱ្យផ្ទុះទៀតអី ឥឡូវឃើញកើតទៀត ហើយមើលតាមទូរស័ព្ទឃើញ ថាកើតទៀត។ អត់ទេអរណាស់ ទោះបីតិចឬច្រើនក៏ទទួលយកដែរ ព្រោះយើងមានតែមុខរបរហ្នឹងមួយទេ តែអ៊ំអាចទទួលយកបាន មុនកូវីដអាចបានញុំាហើយអីហើយ សល់បាន១០ម៉ឺនអី។ ខាតលើបុគ្គលិកអីផង ដែលគាត់មកជួយយើងមួយរយៈ ដែលយើងលក់អត់ដាច់ ក៏ត្រូវខាត ហើយលក់អត់ដាច់ ខាតគ្រប់ បែបគ្រប់យ៉ាង ថ្លៃទឹក ថ្លៃភ្លើងផងប្រឈមមុខទាំងអស់មួយរយៈហ្នឹង ទើបតែឥឡូវនេះ គ្រាន់បើហើយ យើងអត់បានសល់តែអ្នកដែលមកជួយអាចមានកញ្ចប់ យើងក៏រស់ស្រួលយើងបានគ្រប់។

ចំណែកលោកបូរ៉ាអាជីវករលក់សម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍ផ្សេងៗនៅតំបន់រមណីយដ្ឋានអង្គរដែរនោះបានឱ្យដឹងថា លោកពិតជាសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញចូលទស្សនាតំបន់អង្គរមិនចេះដាច់ ធ្វើឱ្យមុខរបរលក់ដូររបស់លោកអាចដំណើរការបានឡើងវិញ អាចដោះស្រាយជីវភាពគ្រួសារមួយកម្រិត ដោយសារបានទទួលចំណូលពីវិស័យនេះឡើងវិញ។ លោកបានបង្ហាញក្តីរំពឹង ទាំងទឹកមុខញញឹមស្រស់ស្រាយទៀតថា នាពេលខាងមុខរូបលោក ក៏ដូចជាអាជីវករលក់ដូរផ្សេងៗទៀត នឹងទទួលបានជីវភាពល្អប្រសើឡើងវិញ បន្ទាប់ពីភ្ញៀវកាន់តែច្រើនចូលមកទស្សនានៅក្នុងខេត្តសៀម រាប។

និយាយរួមទៅអាចកើនឡើងជាងមុនខ្លះ តែមិន ទាន់ល្អប្រសើរមែនទែនទេ គ្រាន់តែយើងអាចបានចំណូលខ្លះ ពីមុនមកអ៊ីចឹងកាលកូវីដអីបានមួយថ្ងៃ បាន៥ពាន់ក៏មាន មួយម៉ឺនក៏មាន ថ្ងៃណាមានភ្ញៀវយូរៗមានម្តង បានបួន ប្រាំម៉ឺនឬដប់ម៉ឺនយ៉ាងច្រើន តែឥឡូវអាចនិយាយថា ក្នុងមួយថ្ងៃយើងអាចបាន៥ទៅ៦ម៉ឺន ឬ១០ម៉ឺន ថ្ងៃសៅរិ៍ឬអាទិត្យអាចបានខ្ទង់១៥ទៅ២០ម៉ឺនដែរ រំពឹងថាពេលណាគេរៀបចំស្រួលបួល អ៊ីចឹងយើងអាចមានភ្ញៀវច្រើនមកវិញ។ សប្បាយចិត្ត ជឿទៅបើភ្ញៀវកើនចំណូលយើងក៏អាចកើន មិនថាតែខ្ញុំទេ ជាទូទៅគ្រប់គ្នា ព្រោះយើងរកស៊ីនឹងទេសចរ ណ៍កាលណាភ្ញៀវច្រើន ចំណូលយើងក៏កើនដែរ។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ដសៀម រាប បានបង្ហាញថា ក្នុងរយៈ ពេល៥ខែ ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២២ មានអ្នកទេសចរជាតិនិងអន្ដរជាតិ ទៅទស្សនាកម្សាន្ដនៅខេត្ដសៀមរាប មានចំនួនប្រមាណ១លាន២ម៉ឺន៧៧៧៩នាក់។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៥.៧៧៩ នាក់ កើន ៨៥៩,៩២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន៤.៧៧៤នាក់។ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៩៨ម៉ឺន២.០០០ នាក់ មានការកើនឡើងចំនួន ៧៤០,២១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១១៦.៨៧៥ នាក់។

សូមជម្រាបផងដែរថាកាលពីដើមឆ្នាំ២០២០កន្លង ទៅ អាជ្ញាធរជាតិអប្សរា បានរៀបចំហេដ្ឋារចនាសម្ពន្ធ និងរៀបចំសួនច្បារនៅខាងលិចប្រាសាទអង្គរវត្ត ជាមួយនឹងការរុះរើសំណង់តូបលក់ដូរនៅជុំវិញនោះផង បានធ្វើឱ្យទីតំាងនេះមានសួនច្បារបៃតងយ៉ាងស្រស់ស្អាតបង្អួតសម្រស់ធម្មជាតិដ៏ស្រស់បំព្រង គួរជាទីទាក់ទាញភ្ញៀវទេសចរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook