រាជធានីភ្នំពេញ៖ ស្របពេលដែលការបើកបវេសនកាលឆ្នាំសិក្សា ២០២០–២០២១ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ ខាងមុខ គ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស គឺទាមទារជាចាំបាច់នូវភាពរួចរាល់សម្រាប់គ្រឹះស្ថានសិក្សានីមួយៗ ដើម្បីធានានូវសុវត្ថិភាពជូនសម្រាប់សិស្ស និងបុគ្គលិកអប់រំគ្រប់រូប។
ការបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស គឺនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១សប្ដាហ៍ក្រោយនេះ។ សម្រាប់ការបើកបវេស នាកាលថ្មីនេះ ក៏ទាមទារ ជាចាំបាច់នូវភាពរួចរាល់ របស់គ្រឹះស្ថានសិក្សានីមួយៗ ដើម្បីធានាសុវត្ថិភាពដល់សិស្ស និងបុគ្គលិកអប់រំផងដែរ។ ជាក់ស្ដែងសម្រាប់ វិទ្យាល័យជាស៊ីមសាមគ្គី គិតត្រឹមថ្ងៃនេះ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ មានការត្រៀមនូវសាប៊ូ ម៉ាស ទឹកអាល់កុលមួយចំនួន និងមានរៀបចំកិច្ចប្រជុំជាមួយគ្រូបង្រៀននៅព្រឹកនេះ ដើម្បីបែងចែកភារកិច្ចការងារផងដែរ។
តាមទិដ្ឋភាពជាក់ស្ដែង នាព្រឹកនេះ សិស្សជាច្រើនបានមកដាក់ពាក្យចូលរៀនផងដែរ ដោយសិស្សមួយចំនួនមានការពាក់ម៉ាសការពារ ឯសិស្សមួយចំនួនគឺមិនបានពាក់ម៉ាសការពារនោះទេ។ តាមការបញ្ជាក់ គឺពួកគាត់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ឆ្នាំសិក្សាថ្មីនេះ ហើយក៏បន្តចូលរួមអនុវត្តវិធានការការពារពីជំងឺ កូវីដ–១៩ ផងដែរ។
ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំនៅតែបន្តអនុវត្តការសិក្សាបែបចម្រុះ ដោយតម្រូវឱ្យសិក្សាក្នុងថ្នាក់រៀនខ្លះ និងសិក្សាតាមប្រព័ន្ធអនឡាញខ្លះ និងត្រូវកំណត់ចំនួនសិស្សក្នុងថ្នាក់រៀន ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គមផងដែរ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំកាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២០ កន្លងទៅ បញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេសនឹងបើកបវេសនកាលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ និងតម្រូវឱ្យពាក់ម៉ាសការពារក្នុងករណីចាំបាច់។ សេចក្ដីជូនដំណឹងមួយទៀតសម្រាប់គ្រឹះស្ថានសិក្សាឯកជន ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ សម្រាប់តែគ្រឹះស្ថានសិក្សាដែលទទួលបានការអនុញ្ញាតឱ្យបើកដំណើរការក្នុងដំណាក់កាលទី១ និងដំណាក់កាលទី ២កន្លងទៅតែប៉ុណ្ណោះ ដោយគ្រឺះស្ថានទាំងនោះអាចចាប់ផ្ដើមបើកដំណើរការពីចាប់ពីថ្ងៃជូនដំណឹង និងត្រូវបន្តគោរពអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ SOPជាដាច់ខាតដូចគ្នា៕